លុយ សម្ភារ​ប្រណិត​និង​គ្រឿងអលង្ការ​ដែល​រឹបអូស​ពី​ផ្ទះ​របស់​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​មាន​ចំនួន​ជាង​២០០​លាន​ដុល្លារ​

3679
ចែករម្លែក

ប៉ូលិស​ម៉ាឡេស៊ី​កាលពី​ថ្ងៃ​ពុធ​ទី​២៧​មិថុនា​បាន​បញ្ចេញ​អោយដឹងថា តំលៃ​នៃ​វត្ថុ​រួមទាំង​លុយ​ដែល​រឹបអូស​យក​ពី​គេហដ្ឋាន​របស់​គ្រួសារ​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​​លោក​ណា​ជីប រ៉ា​ហ្សា​ក់ ព្រមទាំង​ពី​ខុន​ដូ​ពាក់ព័ន្ធ​គ្រួសារ​លោក មាន​ចំនួន​រវាង​៩០០​លាន​រីង​ហ្គី​ត​(២២៣​លាន​ដុល្លារ​)​ទៅ​១,១​ពាន់​លាន​រីង​ហ្គី​ត​(២៧៣​លាន​ដុល្លារ​)​។​

​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​បទឧក្រិដ្ឋ​ពាណិជ្ជកម្ម​របស់​ប៉ូលិស លោក អា​ម៉ា ស៊ី​ង អ៊ី​សា ស៊ី​ង បាន​និយាយ​ក្នុង​សន្និសីទកាសែត​កាលពី​ថ្ងៃ​ពុធ​ថា “​លុយ​៣៥​បាវ​ដែល​​រឹបអូស​យក​ពី​ផ្ទះ​លោក​ណា​ជីប មាន​ចំនួន​១១៦,៧​លាន​រីង​ហ្គី​ត​និង​រួមមាន​២៦​រូបិយ​បណ្ណ​។​វា​ចំណាយពេល​៣​ថ្ងៃ​ដើម្បី​វាយតំ​លៃ​និង​មាន​ជំនួយ​ពី​និយោជិត​ធនាគារ​២២
​នាក់​”​។​

​លោក​បាន​អោយដឹងទៀតថា ក្នុងចំណោម​វ៉ា​លី​ស​ធំៗ​ចំនួន​៧២​ដែល​រឹបអូស មាន​២៥​ដាក់​គ្រឿងអលង្ការ ដូចជា​ត្បូង​ពេជ្រ កងដៃ​និង​ក្រវិល​។​”​គ្រឿងអលង្ការ​ប្រហែល​១២.០០០​ដែល​រឹបអូស​នោះ​មាន​តំលៃ​៤៤០​លាន​រីង​ហ្គី​ត​។​ក្នុងចំណោម​ពួកវា រួមមាន​ខ្សែក​១.៤០០​ខ្សែ ចិញ្ចៀន​២.២០០​វង់ កងដៃ​២.១០០ ក្រវិល​២.៨០០ កន្លាស់​ក​
១.៦០០​និង​មកុដ​១៤​។​យើង​ចំណាយពេល​រាប់​១៦​ថ្ងៃ​ដើម្បី​រាប់​និង​វាយ​តំលៃ​”​។​

​លោក​អា​ម៉ា បាន​អោយដឹងទៀតថា ខ្សែក​ថ្លៃ​បំផុត​ថ្លៃ​៦,៤​លាន​រីង​ហ្គី​ត ជា​ខ្សែក​មាស​ដាំ​ត្បូង​ពេជ្រ​។​

​ប៉ូលិស​ក៏បាន​រឹបអូស​កាបូប​ប្រណិត​៥៦៧ តំលៃ​៥១,៣​លាន​រីង​ហ្គី​ត​មកពី​ម៉ាក​ល្បីៗ​ចំនួន​៣៧ រួមមាន​Hermes, Birkin និង Chanel​។​នាឡិកា​ប្រណិត​៤២៣​មកពី​១០០​ម៉ាក រួមមាន​Rolex, Richard Mille និង Chopard​តំលៃ​សរុប​៧៨​លាន​រីង​ហ្គី​ត​ក៏ត្រូវ​បាន​រឹបអូស​មក​ធ្វើជា​ភស្តុតាង​នៃ​ការស៊ើបអង្កេត​និង​វា​ចំណាយ​៨​ថ្ងៃ​ដើម្បី​រាប់​
​និង​វាយ​តំលៃ​។​

​ប៉ូលិស​ក៏បាន​រឹបអូស​វែ​នតា​២៣៤​មកពី​៣៤​ម៉ាក និង​មាន​តំលៃ​៣៧៤.០០០​រីង​ហ្គី​ត​៕ដោយ:វាសនា

មេប៉ូលិសស៊ើបអង្កេតម៉ាឡេស៊ីបង្ហាញរូបភាពនៃគ្រឿងអលង្ការដែលរឹបអូសពីផ្ទះលោកណាជីប

​មេ​ប៉ូលិស​ស៊ើបអង្កេត​ម៉ាឡេស៊ី និយាយថា​ការចុះ​ឆែកឆេរ​និង​រឹបអូស​វត្ថុតាង​កាលពី​ខែឧសភា​ជាការ​រឹបអូស​ទ្រព្យសម្បត្តិ​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ម៉ាឡេស៊ី​

ទីតាំងផ្សាយពាណិជ្ជកម្ម