ដោយៈម៉េងឆៃ/ភ្នំពេញ៖ក្រសួងកិច្ចការនារីសូមសំដែងនូវការសោកស្តាយ និងថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះសកម្មភាពបែប នេះ ដែលមិនត្រឹមតែពុំបានរួមចំណែកលើកស្ទួយវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិប៉ុណ្ណោះទេ ផ្ទុយទៅវិញទង្វើទាំង នោះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រីខ្មែរ ។នេះជាអ្វីដែលបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកិច្ចការនារី។

ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី ៣០ ខែសីហាឆ្នាំ២០២២ម្សិលមិញនេះ បានបញ្ជាក់ថា នាពេលកន្លងទៅថ្មីៗនេះ មានការកើនឡើងគួរឱ្យព្រួយបារម្ភនៃការផ្សព្វផ្សាយតាមបណ្ដាញសារព័ត៌មាន និងបណ្តាញសង្គម ដោយបង្ហាញឈុតឆាក សម្លៀកបំពាក់ មិនសមរម្យ ដែលដើរតួបង្ហាញដោយស្ត្រីខ្មែរមួយ ចំនួន​​​តូច ក្នុងកម្មវិធីប្រកួតប្រជែងបវរកញ្ញាក្នុងរូបភាពស៊ិចស៊ី ជ្រុលហួសហេតុ បង្ហាញលក្ខណៈស្រើបស្រាល លេចលើលេចក្រោម ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រីខ្មែរ ព្រមទាំងបង្ហាញ នូវគំរូមិនល្អសម្រាប់យុវជន យុវតី កុមារា កុមារី ជំនាន់ក្រោយ ដែលជាទំពាំងស្នងឬស្សី និងជាសសរទ្រូងរបស់ ប្រទេសជាតិ ដែលអាចយល់ច្រឡំលើទំនៀមទម្លាប់សម្លៀកបំពាក់ស្ត្រីខ្មែរ ។

ក្រសួងកិច្ចការនារី សូមសំដែងនូវការសោកស្តាយ និងថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះសកម្មភាពបែប នេះដែលមិនត្រឹមតែពុំ បានរួមចំណែកលើកស្ទួយវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិប៉ុណ្ណោះទេ ផ្ទុយទៅវិញ ទង្វើទាំងនោះបានធ្វើឱ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រីខ្មែរ ។

ក្រសួងសូមអំពាវនាវដោយទទូចដល់បុគ្គលដែលរៀបចំកម្មវិធីបែបនេះ សូមរក្សានូវសេចក្ដីថ្លៃថ្នូរក្នុងកម្មវិធីរបស់ខ្លួន តាម ចរន្តដែលជ្រុលនិយម ប្រាសចាកពីវប្បធម៌ សីលធម៌ សេចក្តីថ្លៃថ្នូររបស់ជាតិខ្មែរ និងមិនគួររៀបចំកម្មវិធីទាំង ឡាយណា ដែលធ្វើឱ្យប៉ះពាល់ដល់អរិយធម៌ វប្បធម៌ជាតិ កិត្តិយស សេចក្ដីថ្លៃថ្នូរ និងតម្លៃស្ត្រីខ្មែរតាមគ្រប់រូបភាពប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។

ជាថ្មីម្តងទៀត ក្រសួងកិច្ចការនារី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសាធារណជនទាំងអស់ ដែលបានសំដែងការមិនពេញចិត្ត សំដៅរួមចំណែកការពារកិត្តិយស និងមុខមាត់របស់ប្រទេសជាតិ និងមាន ជំនឿយ៉ាងមុតមាំថាសាធារណជនទាំងអស់ ទាំងក្នុងប្រទេស និងក្រៅប្រទេស នឹងបន្តចូលរួមយ៉ាងសកម្មជាមួយ រាជរដ្ឋាភិបាលដើម្បីទប់ស្កាត់នូវរាល់បាតុភាពអសកម្មទាំងឡាយ សំដៅលើកកម្ពស់សីលធម៌សង្គម សេចក្តីថ្លៃថ្នូរ របស់ប្រជាជនខ្មែរ ព្រមទាំងរក្សាតម្លៃស្ត្រី និងគ្រួសារខ្មែរឱ្យកាន់តែល្អផូរផង់តទៅមុខទៀត ។

គួរបញ្ជាក់ថា ផលិតកម្មមហាហង្សកាលពីថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២ ព្រឹត្តិការណ៍ «កញ្ញាឯកដ៏អសា្ចរ្យនៃកម្ពុជា ឆ្នាំ២០២២ – Miss Grand Cambodia 2022»បានបង្ហាញឈុតតំណាងរាជធានី-ខេត្តនូការរចនាម៉ូតសម្លៀក បំពាក់ដែលលើកឡើងអត្តសញ្ញាណតំបន់នីមួយៗ ។ប៉ុន្តែរូបភាពទាំងឡាយដែលបានបង្ហាញក្នុងព្រឹត្តិការណ៍ដែលមានផ្សាយតាមបណ្តាញសង្គមនោះទទួលរិះគន់យ៉ាងច្រើនពីមហាជន និង សាមីខេត្តមួយចំនួនដោយសារតែរូបភាពដែលយកទៅធ្វើជាតំណាងអត្តសញ្ញាណនោះពុំសមស្របទាល់តែសោះ៕សរន​​ / N