ដោយៈ គង់​ហេង​/ កំពង់ចាមៈ ផ្ទះ​ប្រជាពលរដ្ឋ​មាន​អាយុកាល​ជិត ១០០ ឆ្នាំ​ជាច្រើន​ខ្នង​នៅ​ភូមិ​ទី​៤ ឃុំ​-​ស្រុក​កោះសូទិន បាន​ប្រឈម​នឹង​ការរុះរើ​ដោយសារ ការបាក់​ច្រាំងរ​បស់ដៃ​ទន្លេមេគង្គ នា​រដូវ​ទឹកទន្លេ​នេះ​ជន់​ឡើង ដោយសារ​ចរន្តទឹក​ហូរ​បុក​។ ដូច្នេះ​ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់​ជាង ៥០​គ្រួសារ បានស្នើ​ដល់​អាជ្ញាធរ ពិសេស​សមត្ថកិច្ច​ជំនាញ​សិក្សា រក​មធ្យោបាយ​បញ្ជៀ​ស​ចរន្តទឹក​នេះ ដើម្បី​សង្គ្រោះ​លំនៅដ្ឋាន​បុរាណ ផ្លូវ​បេតុង និង​ដី​កេរ​ដ៏​មាន​ជីវជាតិ នៅ​តំបន់​កំពុង​ប្រឈម​បាក់​ចូល​ទន្លេ​។​

​អ្នកស្រី ស៊ុន ចន្ថា មេឃុំ​កោះសូទិន​បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​៣១ ខែសីហា​នេះ​ថាៈ ការបាក់​ច្រាំងរ​បស់ដៃ​ទន្លេមេគង្គ​ស្ថិតក្នុង​ភូមិ​ទី​៤ ឃុំ​កោះសូទិន​ចាប់ពី​ថ្ងៃទី​២៦ ខែសីហា​មកដល់​បច្ចុប្បន្ន​អស់​ប្រវែង​ជិត ១០០ ម៉ែត្រ​ជម្រៅ​ចាប់ពី ១៥ ទៅ ២០ ម៉ែត្រ​ប៉ះពាល់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ចំនួន ប្រាំបួន ខ្នង​។ ផ្ទះ​ដែល​នឹងត្រូវ​រុះរើ​មុនគេ​នៅ​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២២ ឈ្មោះ ឡូត វណ្ណា ជា​ផ្ទះ​ទី​២ រាប់​ពី​ខាង​ច្រាំង​បាក់​។​

​អ្នកស្រី​មេឃុំ​កោះសូទិន​បានឱ្យដឹង​ទៀតថាៈ ក្នុងនោះ​ផ្ទះ​ចំនួន​បួន ខ្នង​មាន​ដី​សម្រាប់​សាងសង់​ផ្ទះ​ឡើងវិញ ,​ចំនួន ប្រាំ ខ្នង​អត់​មាន​ដី​សាងសង់ ហើយ​ក្នុង​ប្រាំ​ខ្នង​មាន​ចំនួន ពីរ គ្រួសារ​អត់​ដី​សង់ផ្ទះ​ឡើងវិញ និង​ចំនួន បី គ្រួសារ​ទៀត​មាន​ដី​តូច​សង់ផ្ទះ​ឡើងវិញ​មិនកើត​។​

​លោក ងួន ជិន​ស្រ៊ា​ន វ័យ ៦០ ឆ្នាំ​ជា​អនុប្រធាន​ភូមិ​ទី​៤ បានឱ្យដឹងថាៈ ពួកគាត់​ប្រមាណ ៥០ ខ្នង​ផ្ទះ ភាគច្រើន​ជា​ផ្ទះ​សង់​មាន​អាយុ​ជិត ១០០ ឆ្នាំ កំពុង​រស់​តំបន់​ប្រឈម សូម​ស្នើ​ដល់​លោក អ៊ុន ចាន់​ដា ជា​អភិបាល​ខេត្តកំពង់ចាម ជួយ​រក​វិធី​សិក្សា​ទប់ស្កាត់ ឬ​បញ្ជៀ​ស​ចរន្តទឹក​ហូរ​ឱ្យ​ហូរ​រត់​ត្រង់​ចំ​កណ្តាលទន្លេ​វិញ កុំឱ្យ​បុក​ចំ​ច្រាំង​ខាង​ភូមិ​ទី​៤ ដូច​សព្វថ្ងៃនេះ​បន្តទៀត ៕​