​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមហ៊ុន Tesla បាន​នាំ​យក​រថយន្ត​របស់​ខ្លួន​ជាច្រើន​គ្រឿង​ទៅ​កាន់​ទីក្រុង​ឌូ​បៃ ដើម្បី​សាកល្បង​នឹង​កម្តៅ​ដ៏​ខ្លាំង​និង​ភាព​ធន់​ក្នុង​រដូវក្តៅ​នេះ នៅពេល​ដែល​សីតុណ្ហភាព​ពេល​ថ្ងៃ​ជាធម្មតា​ឡើងដល់ ៥០ អង្សា​សេ​។​

​យោង​តាម​រូបភាព​ដែល​បាន​ចែករំលែក​នៅលើ​គណនី​បណ្តាញ​សង្គម​របស់ Tesla វិស្វករ​ផ្នែក​ពិនិត្យ​គុណភាព​ផ្ទាល់​នៅ​នឹង​កន្លែង​របស់​ក្រុមហ៊ុន​បាន​នាំ​យក​រថយន្ត​ជាច្រើន​រួម​ទាំង​រថយន្ត Model 3 និង Model X Plaid ដែល​មាន​ល្បឿន​លឿន​បំផុត​ទៅ​កាន់​ប្រទេស​ឈូង​សមុទ្រ​ពែ​ក្ស​ដ៏​ក្តៅ​មួយ​នេះ ដែល​គេ​ស្គាល់​ថា​ជា​កន្លែង​លេង​កម្សាន្ត​សម្រាប់​ពួក​អ្នកមាន​។​

​ក្រុមហ៊ុន​បាន​សរសេរ​នៅលើ Instagram ថា “​វិស្វករ​ផ្នែក​ពិនិត្យ​គុណភាព​ដល់​ទីកន្លែង​ផ្ទាល់​របស់​យើង​បាន​ធ្វើដំណើរ​ទៅ​កាន់​ទីក្រុង​ឌូ​បៃ​នៅពេ​លក្តៅ​បំផុត​នៃ​ឆ្នាំ​នេះ​សម្រាប់​ការសាកល្បង​កម្តៅ​ដ៏​ខ្លាំងក្លា និង​ភាព​ធន់​”​។ ក្រុមហ៊ុន​បានសរសេរថា សីតុណ្ហភាព​បាន​ឡើងដល់​លើសពី ៥០ អង្សា​សេ​។​

​ពួកគេ​បាន​បង្ហោះ​រូបភាព​គំរូ​តូច​មួយ​នៅ​លើ Twitter ដោយ​សរសេរថា “​ការសាកល្បង​កម្តៅ​ដ៏​ខ្លាំង​និង​ភាព​ធន់​” ជាមួយនឹង​រូប​សញ្ញា​អារម្មណ៍​សត្វ​អូដ្ឋ​។​

​ដោយ​ផ្អែក​លើ​រូបភាព វា​ហាក់ដូចជា​បុគ្គលិក Tesla មាន​ពេលវេលា​ដ៏​អស្ចារ្យ​ក្នុងការ​ជិះឡាន​ឆ្លងកាត់​វាល​ខ្សាច់​ដើម្បី​សាកល្បង​សុវត្ថិភាព និង​ភាព​ធន់​របស់​រថយន្ត​។​

​គេ​មិន​ច្បាស់​ទេ​ថា​តើ​ការសាកល្បង​នេះ​បាន​កើតឡើង​នៅពេលណា ប៉ុន្តែ​វា​ទំនង​ជា​នៅក្នុង​ខែ​មិថុនា​ឬ​ខែកក្កដា នៅពេល​ដែល​សូម្បី​តែ​សីតុណ្ហភាព​នៅពេល​យប់​នៅ​ក្នុង​ទីក្រុង​ឌូ​បៃក៏​មិនទាបជាង​៣២​អង្សា​សេ​។ សីតុណ្ហភាព​ខ្ពស់បំផុត​ក្នុង​សប្តាហ៍​នេះ​គឺ​ប្រហែល​ពី ៣៨ ទៅ ៤០ អង្សា​សេ​៕

វិស្វករ Tesla សាកល្បង​បើកឡាន​របស់​ខ្លួន​លើ​វាល​ខ្សាច់​ឌូ​បៃ​ក្រោម​សីតុណ្ហភាព ៥០ អង្សា​សេ