ដោយ:ដេប៉ូ/ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានជូនដំណឹងស្តីពីការបើកផ្ដល់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ ជូនបងប្អូនកម្មករនិយោជិតនៃក្រុមហ៊ុន ស៊ុន ស៊ីង ហ្គាមិន ដែលនឹងអនុវត្តនៅថ្ងៃស្អែកទី១ ខែ កញ្ញា ឆ្នាំ ២០២២។

យោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី៣១ខែសីហាបានបញ្ជាក់ថា សូមជូនដំណឹងដល់បងប្អូនកម្មករនិយោជិតនៃក្រុមហ៊ុន ស៊ុន ស៊ីង ហ្គាមិន ឯក មេត្តាជ្រាបថា ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងនឹងចាប់ផ្ដើមបើក ផ្តល់ថវិកាបុរេប្រទានរបស់រាជរដ្ឋាភិបាលកម្ពុជាជូនបងប្អូន ចាប់ពីម៉ោង ១៤:០០នាទីរសៀល ថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ឆ្នាំ២០២២ តទៅ នៅសាលាស្រុកអង្គស្នួល ស្ថិតនៅភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
សូមបងប្អូនកម្មករនិយោជិតយកមកជាមួយនូវឯកសារមួយចំនួនដូចខាងក្រោម៖
១. ប័ណ្ណសម្គាល់ខ្លួនកម្មករនិយោជិត (ច្បាប់ដើម) ឬកិច្ចសន្យាការងារ និងសៀវភៅការងារកម្មករនិយោជិត ឬប័ណ្ណបេឡាជាតិសន្តិសុខសង្គម ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន
២. ប័ណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិតម្នាក់ៗ (បើមាន)៕សរន