ដោយ:មុនីរ័ត្ន/ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរំលេចពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ម៉ាឡេស៊ី និងបានលើកទឹកចិត្តដល់ធុរជនម៉ាឡេស៊ីឪ្យពិចារណាវិនិយោគលើវិស័យប្រកបដោយសក្តានុភាព រួមមាន កសិកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ។

ការបញ្ជាក់នេះនៅក្នុងជំនួបពិភាក្សាជាមួយប្រតិភូវិនិយោគិនម៉ាឡេស៊ី និងតំណាងក្រុមហ៊ុនជាដៃគូនៅកម្ពុជា ចំនួនប្រមាណ ១៥០រូប ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣១ ខែសីហានេះបានឲ្យដឹងថា បេសកកម្មធុរកិច្ចនេះ ត្រូវបានរៀបចំឡើងដោយ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី សហការជាមួយក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេស និងសហ-ប្រតិបត្តិការអន្តរជាតិ ក្នុងគោលបំណងជំរុញលំហូរពាណិជ្ជកម្ម វិនិយោគទ្វេភាគី និងស្វែងយល់ពីសក្តានុពលនៅប្រទេសកម្ពុជា។ នេះជាផ្នែកមួយនៃការអនុវត្តយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ ហើយបេសកកម្មធុរកិច្ចម៉ាឡេស៊ីនេះគឺជាបេសកកម្មធុរកិច្ចលើកទី២ មកកាន់កម្ពុជាផងដែរ បន្ទាប់ពីភាពជោគជ័យនៃបេសកកម្មធុរកិច្ចលើកទី១ របស់ប្រតិភូម៉ាឡេស៊ីពីសហគ្រាស ធុនតូច និងមធ្យម កាលពីខែមេសា ឆ្នាំ២០២២ កន្លងទៅ។

ប្រភពដដែលបានបន្តថា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូ និងសម្តែងក្តីសោមនស្សរីករាយ ដែលកម្មវិធីនេះប្រព្រឹត្តិឡើងចំថ្ងៃទិវាបុណ្យឯករាជ្យជាតិរបស់ប្រទេសម៉ាឡេស៊ី ស្របពេលឆ្នាំ២០២២នេះ ជាខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការអនុវត្តយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច របស់ស្ថានតំណាងកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីផងដែរ។

ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដំណើរបេសកកម្មធុរកិច្ច ម៉ាឡេស៊ីនេះ ឆ្លុះបញ្ចាំងពីទំនុកចិត្តខ្ពស់របស់វិនិយោគិនម៉ាទ្បេស៊ីចំពោះតថភាពសេដ្ឋកិច្ច ស្ថិរភាពនយោយបាយ និងយុទ្ធសាស្រ្តស្តារសង្គម-សេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា៕ សរន