ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ក្រោយ​ការ​បើ​កិច្ចប្រជុំ​៣​លើក​រួចមក និង យោងតាម​លទ្ធផល​នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ និង​កាបូប សម្រាប់​ឆ្នាំ​២០២៣ ភាគី​តំណាង​កម្មករនិយោជិត បាន​បន្ថយ តួលេខ​ពី ចំនួន ២១៥​ដុល្លារ មក​តួលេខ ២១៣​ដុល្លារ​អាមេរិក ខណៈ​ខាង​និយោជក ព្រម​តម្លើង​ពី​១៩៤​ដុល្លារ ទៅ ១៩៦​ដុល្លារ​អាមេរិក​។​

​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យដឹងថា​នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២២ ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា បាន បើក​កិច្ចប្រជុំ​របស់ខ្លួន ដើម្បី​បន្ត​ពិភាក្សា​កំណត់ ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ​និង​កាបូប សម្រាប់​ឆ្នាំ​២០២៣​។​

​ប្រភព​ខាងលើនេះ​បាន​បញ្ជាក់ថា ក្រោយ​ការប្រជុំ​ផ្ទៃក្នុង​ភាគី​របស់ខ្លួន​ចំនួន ៣​លើក ភាគី​តំណាង​កម្មករនិយោជិត​បាន​បន្ថយ​តួលេខ​ពី ចំនួន ២១៥​ដុល្លារ​អាម៉េរិក មក​តួលេខ ២១៣​ដុល្លារ​អាម៉េរិក ជា​មូលដ្ឋាន​ក្នុង​ការចរចា​ថ្ងៃនេះ​។ ចំណែក​ក្រោយ​ការប្រជុំ ផ្ទៃក្នុង​ចំនួន ២​លើក ដែរ ភាគី​និយោជក​(​ថៅកែ​) ក៏បាន​ដំឡើង​តួលេខ​ពី​ចំនួន ១៩៤​ដុល្លារ​អាមេរិក ទៅ​តួលេខ ១៩៦​ដុល្លារ អាមេរិក ជា​មូលដ្ឋាន​ក្នុង​ការចរចា​ថ្ងៃ​នេះដែរ​។ ភាគី​ទាំងពីរ​បាន​បន្ត​ពន្យល់ និង​ការពារ​គោលជំហរ​រប​ស់​ខ្លួន​ទៅ វិញ​ទៅមក​ប្រកបដោយ​វិជ្ជាជីវៈ និង​ភាពចាស់ទុំ​។

​ក្រសួង​ការងារ​បានបញ្ជាក់​ក្នុង​សេចក្តីជូនដំណឹង​របស់​ខ្លួន​ដែរ​ថា​៖”​នៅក្នុង​កិច្ចប្រជុំ​ត្រីភាគី​នេះ ភាគី​រាជរដ្ឋាភិបាល​ក៏បាន​បន្ត សម្របសម្រួល និង​ផ្ដល់នូវ​ការពន្យល់​បន្ថែម​លើ​ចំណុច​នានា តាម​សំណូមពរ​របស់​ភាគី​តំណាង​កម្មករនិយោជិត និង​ភាគី​តំណាង​និយោជក​ផងដែរ​។ តាម​លក្ខណ​បច្ចេកទេស និង​បម្រែបម្រួល​ទិន្នន័យ​នៃ​លក្ខណវិនិច្ឆ័យ​ទាំង ៧ ដែលជា​មូលដ្ឋាន​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​នោះ អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា បាន​គណនា​ឃើញថា​តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០២៣​គឺ ១៩៧,៨៦​ដុល្លារ​អាមេរិក​”​។​

​ក្រសួង​ការងារ​បញ្ជាក់​បន្ថែមថា អង្គ​ប្រជុំបាន​ឯកភាពគ្នា​កំណត់​កិច្ចពិភាក្សា​ជា​លក្ខណ​ត្រីភាគី​បន្តទៀត នៅ​ម៉ោង ២:៣០​នាទី​រសៀល ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២២ និង​ប្រជុំ​បញ្ចប់​នៅ​ម៉ោង ២:៣០​នាទី​រសៀល ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២២​។​

​គួររំលឹកថា​ចំពោះ ប្រាក់​ឈ្មួ​ល​គោល​របស់​កម្មករនិយោជិត​ក្នុង​ឆ្នាំ​២០២២​នេះ ទទួលបាន​១៩៤​ដុល្លារ​ក្នុង​១​ខែ ដោយ​ក្នុងនេះ​មិន​គិត​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​នោះទេ​៕