​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រភព​ចំនួន​បួន​ដែល​ដឹង​ផ្ទាល់​អំពី​បញ្ហា​នេះ​បាន​និយាយថា ប្រទេស​ស្រីលង្កា​និង​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF)​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​​បឋម​ស្តីពី​ការផ្តល់​ប្រាក់កម្ចី​បន្ទាន់​ដល់​ប្រទេស​ដែល​រងគ្រោះ​ដោយ​វិបត្តិ​មួយ​នេះ ហើយ​ការប្រកាស​ជា​ផ្លូវការ​នឹង​ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១ ខែ​កញ្ញា​។​

​ប្រទេស​កោះ​ជំពាក់​បំណុល​គេ​វ័ណ្ឌ​កមួយ​នេះ​បាន​ស្វែងរក​ប្រាក់​រហូតដល់ ៣ ពាន់​លាន​ដុល្លារ​អាម៉េរិក​ពី​អ្នក​ផ្តល់​ប្រាក់​កម្ចី​ពិភពលោក​មួយ​នេះ​ខណៈ​ខ្លួន​កំពុងត​ស៊ូ​ជា​មួយ​វិបត្តិ​សេដ្ឋកិច្ច​ដ៏​អាក្រក់​បំផុត​​របស់​ខ្លួន​ក្នុង​រយៈពេល​ជាង ៧ ទសវត្សរ៍​។​

​ស្រីលង្កា​បាន​ប្រឈម​មុខ​នឹង​ការខ្វះខាត​យ៉ាងខ្លាំង​នៃ​ទំនិញ​មូលដ្ឋាន​និង​តម្លៃ​ខ្ពស់​កប់​ពពក​អស់​រយៈពេល​ជាច្រើន​ខែ​។​

​អ្នកនាំពាក្យ​របស់ IMF និង​រដ្ឋាភិបាល​ស្រីលង្កា​មិន​បាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើសុំ​ការបំភ្លឺ​នោះទេ​។​

​ដោយ​បង្ហាញ​ពី​ថវិកា​បណ្តោះអាសន្ន​សម្រាប់​ឆ្នាំ​ដែល​នៅសល់ ប្រធានាធិបតី​ស្រីលង្កា​លោក រ៉ានី​ល វី​កក្រេ​មេ​ស៊ីង (Ranil Wickremesinghe) បាន​ប្រាប់​សភា​កាលពី​ថ្ងៃ​អង្គារ​ថា​កិច្ចពិភាក្សា​​ជាមួយ IMF​បាន​ឈាន​ដល់ “​ដំណាក់កាល​ចុងក្រោយ​”​។​

​កិច្ចព្រមព្រៀង​កម្រិត​បុគ្គលិក​ជា​ធម្មតាគឺ​ស្ថិតក្រោម​ការយល់ព្រម​ពី​អ្នកគ្រប់គ្រង IMF និង​ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់​ខ្លួន បន្ទាប់ពី​នោះ​ប្រទេស​ទទួល​នឹង​ទទួលបាន​សិទ្ធិ​ប្រើ​មូលនិធិ​។​

​ប្រភព​បាន​និយាយថា ក្រុម​IMF​ដែល​កំពុង​ធ្វើ​ទស្សនកិច្ច បាន​ជួបពិភាក្សា​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ស្រីលង្កា រួម​ទាំង​រដ្ឋ​មន្ត្រី​រត​នាគារ​ផងដែរ កាលពី​យប់​ថ្ងៃ​អង្គារ​ដើម្បី​ដោះស្រាយ​កង្វល់​លើ​ផ្នែក​​នយោបាយ​៕

ស្រីលង្កា​បាន​ប្រឈម​មុខ​នឹង​ការខ្វះខាត​យ៉ាងខ្លាំង​នៃ​ទំនិញ​មូលដ្ឋាន​និង​តម្លៃ​ខ្ពស់​កប់​ពពក​អស់​រយៈពេល​ជាច្រើន​ខែ​