ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​បាន​បញ្ជាក់ថា​សម្រាប់​ការ​​ប្រកួត​កីឡា​ជើងឯក​ជាតិ​នាពេលខាងមុខ​នេះ​នឹង​បញ្ជូន កីឡាករ​-​កីឡាការិនី​ចំនួន​៥៦​នាក់ ចូលរួម​។​

ព្រឹត្តិការណ៍​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០២២ នឹងធ្វើ​នៅ​អគារ​ដំបូលទូក​នៃ​សាកលវិទ្យាល័យ​ភ្នំពេញ មាន​រយៈពេល​៣​ថ្ងៃ​ដោយ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៧ ដល់​១៩ ខែកញ្ញា ឆ្នាំ​២០២២ ក្រោម​ការប្រើប្រាស់ ថវិកា​របស់​ក្រសួង​អប់រំ យុវជន និង កីឡា រៀបចំ​ដោយ​សហព័ន្ធ​កីឡា វ៉ូ​វី​ណា​ម​កម្ពុជា ។​

​លោក យ៉ាំ ថៃ​សាន្ត អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​បាន​មានប្រសាសន៍ ថា ការប្រកួត​ជើងឯក​ឆ្នាំនេះ​សហព័ន្ធ​មាន​កីឡាករ​កីឡាករ​កីឡាការិនី​ចំនួន​៥៦​នាក់ ក្នុងនោះ​​មាន​កីឡាការិនី ចំនួន​២០​នាក់ កីឡាករ​ចំនួន​៣៦​នាក់ មកពី​ប្រាំបី​រាជធានី​ខេត្ត និង​ក្រសួង​ពីរ គឺ​ក្រសួងការពារជាតិ​ព្រម​ទាំំ​ង​ក្រសួងមហាផ្ទៃ​ចំណែក​ខេត្ត​វិញ​រួមមាន​ខេត្ត​ប៉ៃលិន​ខេត្ត​សៀម​
​រាប ខេត្តកំពង់ស្ពឺ ខេត្ត​ត្បូងឃ្មុំ ខេត្តស្វាយរៀង និង​រាជធានី​ភ្នំពេញ ។​

​លោក បាន​បន្តថា ការប្រកួត​ឆ្នាំនេះ​សហព័ន្ធ​បានដាក់​ចំនួន ១៨ វិញ្ញាសា​ទាំង​មេគុន និង​ប្រយុទ្ធ​។ វិញ្ញាសា​ផ្នែក​មេគុន​ឯកត្តជន​ពេញវ័យ​មាន​ប្រាំបួន​ប្រភេទ​ដោយ​នារី​មាន​បួន​ប្រភេទ គឺ​ឡុង​ហួ​ង្វៀង ថាប់​ថឺ​ង្វៀង មេគុន​ដាវ និង​កាំបិត​ធំ​។ សម្រាប់​បុរស​មាន​ប្រាំ​ប្រភេទ​នោះ​គឺថា​ប់​ថឺ​ង្វៀង​ មេគុន​ដាវ កាំបិត​ធំ ងួន​មួង​ង្វៀន និង ដំបង ។ វិញ្ញាសា​មេគុន​អាយុ​ក្រោម​១៦​ឆ្នាំ មានតែ​ពីរ​ប្រភេទ​ប៉ុណ្ណោះ​គឺ​ឡុង​ហូ​ង្វៀង សម្រាប់​នារី និង​បុរស ។ វិញ្ញាសា​ប្រយុទ្ធ​មាន​ប្រាំពីរ​វិញ្ញាសា ដោយ​នារី​មាន​បី​វិញ្ញាសា​សម្រាប់​ប្រភេទ អាយុ​១៤​ឆ្នាំ​គឺ​ប្រភេទ​ទម្ងន់​៥១​ដល់​៥៥​គីឡូក្រាម ទម្ងន់​៥៥​ដល់​៦០​គីឡូក្រាម និង​ទម្ងន់​៥១​ដល់​៦០​គីឡូក្រាម ។ ប្រយុទ្ធ​បុរស​មាន​បួន​ប្រភេទ​ទម្ងន់​គឺ​៥១​ដល់​៥៥​គីឡូក្រាម ៦០​ដល់​៦៤​គីឡូក្រាម ៦៤​ដល់​៦៨​គីឡូក្រាម និង ៥១​ដល់​៦៨​គីឡូក្រាម​៕​