ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នៅក្នុង​ខែមិថុនា​ឆ្នាំនេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចូលរួម​នៅក្នុង​កម្មវិធី​វាយតម្លៃ​សិស្ស​អន្តរជាតិ (PISA) ដែល ជា​ជំហាន ដ៏​សំខាន់ ឆ្ពោះ ទៅរក​ការ ស្វែង យល់​អំពី​លទ្ធផល​សិក្សា​របស់​សិស្សានុសិស្ស ដោយ​ពិនិត្យមើល​យ៉ាង​យកចិត្តទុកដាក់​លើ ចំណេះដឹង ដែល អ្នក សិក្សា បាន​ចេះដឹង ដោយ​វាស់វែង​ទៅលើ​ការ ត្រៀមខ្លួន​របស់​យុវជន​កម្ពុជា​សម្រាប់​ពេលអនាគត និង​ដោយ​តម្រង់ទិស​កិច្ចខិតខំ​ប្រឹងប្រែង​ស្ដារឡើងវិញ​ក្រោយ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ។ លទ្ធផល​ទាំងនេះ​ត្រូវបាន​រំពឹងទុក​ថា​នឹង​ទទួលបាន​នៅ​ដើមឆ្នាំ​២០២៣ ។​

​ដោយបាន​ដាក់ឱ្យ​ដំណើរការ​ដោយ​អង្គការ​សហប្រតិបត្តិកា​រ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍ (OECD) កម្មវិធី​វាយតម្លៃ PISA ធ្វើ​តេ​ស្តិ៍​សមត្ថភាព​សិស្សានុសិស្ស​ដែលមាន​អាយុ​១៥​ឆ្នាំ ទៅលើ​ការប្រើប្រាស់​នូវ​ជំនាញ និង​ចំណេះដឹង​របស់​ពួកគេ​លើ​អំ​ណាន គណិតវិទ្យា និង​វិទ្យាសាស្ត្រ សម្រាប់​យកមកប្រើ​ប្រាស់​ដើម្បី​ជំនះ​រាល់​បញ្ហា​ប្រឈម​នានា​ក្នុង​ជីវិត​ពិត​របស់ខ្លួន​។ លទ្ធផល​ទាំងនេះ​នឹងត្រូវ​ផ្សព្វផ្សាយ​ដោយ​អង្គការ OECD សម្រាប់​ប្រទេស​ទាំងអស់​ដែល​បាន​ចូលរួម​នៅក្នុង​កម្មវិធី​វាយតម្លៃ PISA នេះ​។ ចាប់តាំងពី​ការចាប់ផ្ដើម​នៅក្នុង​ឆ្នាំ​២០០០​មក កម្មវិធី PISA បាន​ក្លាយជា​ស្តង់ដារ​សាកល​នៅក្នុង​ការវាយតម្លៃ​លើស​មិទ្ធ​ផល និង​វឌ្ឍនភាព​របស់​សាលា ហើយ​បាន​នឹង​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ការផ្លាស់ប្ដូរ​គោល​ន​យោ បាយ ពី​ការផ្តោត​ការយកចិត្តទុកដាក់​លើ​ធាតុ​ចូល​អប់រំ ទៅលើ​ការយកចិត្តទុកដាក់​ចំពោះ​លទ្ធផល​សិក្សា​វិញ នៅក្នុង សម្រេចចិត្ត​របស់​រដ្ឋា​ភិ​បាល និង​ការរៀបចំ​គោលនយោបាយ​។​

​នេះ​គឺជា​លើកដំបូង​ហើយ ដែល​ប្រទេស​កម្ពុជា​បាន​ចូលរួម​នៅក្នុង​កម្មវិធី​នេះ​។ គំនិត​ផ្ដួចផ្ដើម​នេះ​ត្រូវបាន​ដឹកនាំ និង​ផ្ដល់​ថិ​វ​កា​មួយផ្នែក​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ជាមួយនឹង​វិភាគទាន​ហិរញ្ញវត្ថុ​បន្ថែម​ពី​មូលនិធិ​ភាពជា​ដៃគូ​សម្រាប់​អភិវឌ្ឍន៍​សមត្ថភាព​វិស័យ​អប់រំ (CDPF) គាំទ្រ​ដោយ​ប្រទេស​មួយចំនួន រួមមាន​សហភាព​អឺរ៉ុប (EU) ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ (USAID) ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​អន្តរជាតិ​ស៊ុយអែត (SIDA) ភាពជា​ដៃគូ​ជា​សកល​សម្រាប់​ការអប់រំ (GPE) និង​មូលនិធិ​សហប្រជាជាតិ​ដើម្បី​កុមារ (UNICEF) ផងដែរ ។​

​លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍ថា “​កម្ពុ​ជាមាន​សេចក្ដីសោមនស្ស​រីករាយ ដែល​បាន​ចូលរួម​ក្នុង​ក្របខ័ណ្ឌ​វាយតម្លៃ​ជា​សាកល​នេះ​។ យើង​រំពឹងទុក​នូវ​ការយល់ដឹង​កាន់តែ​ប្រសើរ​អំពី​កម្រិត​ការសិក្សា​របស់​សិស្សានុសិស្ស ព្រោះ​វា​មាន​សារៈសំខាន់​ណាស់ ដើម្បី​ធានាថា​អន្តរាគមន៍​នានា​របស់​យើង​នឹងធ្វើ​ឡើង​ចំ​គោលដៅ​យ៉ាង​ត្រឹមត្រូវ​។ ក្រសួង​អប់រំ យុវជន និង​កីឡា កំពុង​វិនិយោគ​ជាច្រើន​លើ​ការសិក្សា​របស់​សិស្ស​នៅ​ថ្នាក់ដំបូង លើកកម្ពស់​ជំនាញ​គ្រូបង្រៀន និង​ការអប់រំ​តាម​ឌីជីថល ដែល​ការវិនិយោគ​ទាំងអស់នេះ​នឹង​ជួយ​យើង​ឱ្យ​ជំនះ​បញ្ហា​ប្រឈម​នានា​ចំពោះ​ការសិក្សា​ដែល​បង្កឡើង​ដោយ​ការបិទ​សាលារៀន​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ។​”


​លោកស្រី ខា​ម៉ិ​ន ម៉ូ​រ៉េ​ណូ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​បាន​មានប្រសាសន៍ថា “​ទិន្នន័យ និង​ការស្រាវជ្រាវ​ប្រកបដោយ​គុណភាព គឺមាន​សារសំខាន់​ណាស់​សម្រាប់​ការរៀបចំ​គោលនយោបាយ​ល្អ ។ យើង​ពិតជា​អាច​ដោះស្រាយ​បញ្ហា​បាន នៅពេល​យើង​អាច​កំណត់​ដឹង​ពី​បញ្ហា​ទាំងនោះ​បានច្បាស់លាស់​។ ទិន្នន័យ​ជាពិសេស​ការស្រាវជ្រាវ​ដែល​អាច​ប្រៀបធៀប​គ្នា​បានជា​មួយ​ប្រទេស​ផ្សេងៗ អាចជួយ​យើង​នៅក្នុង​ការស្វែងយល់​អំពី​បញ្ហា​នានា​កាន់តែ​ប្រសើរឡើង​។ ដើម្បី​ធានាថា​ថវិកា​សាធារណៈ​ត្រូវបាន​ចំណាយ​ចំ​គោលដៅ​កាន់តែ​ប្រសើរ យើង​ត្រូវ​វាយតម្លៃ​លើ​អន្តរាគមន៍ និង​គោលនយោបាយ ថា​ពិតជា​សម្រេចបាន​នូវ​លទ្ធផល​ដែល​យើង​បាន​រំពឹងទុក​ដែរ​ឬ​យ៉ាងណា ។ ជាថ្មី​ម្ដងទៀត ទិន្នន័យ និង​ភស្ដុតាង​ទាំងនេះ​ធ្វើឱ្យ​យើង​មាន​ភាពខ្លាំង ហើយ​វា​ជួយ​យើង​នៅក្នុង​ការសម្រេចចិត្ត​ថា​តើ​ដំណោះស្រាយ​ដែល​បានស្នើ​ឡើង​នោះ អាច​ប្រព្រឹត្ត​ទៅតាម​ទិសដៅ​ត្រឹមត្រូវ​ឬទេ​។ ដូច្នេះ​មានន័យថា​យើង​បាន​ចំណាយ​ត្រឹមត្រូវ សម្រាប់​លទ្ធផល​ដែល​យើង​ចង់បាន​។ សហភាព​អឺរ៉ុប (EU) មាន​មោទនភាព​នៅក្នុង​ការធ្វើជា​ដៃគូ​ជាមួយ​កម្ពុជា​នៅក្នុង​ការរៀបចំ​គោលនយោបាយ​ផ្អែកលើ​ភ័ស្ដុតាង​នេះ​”​។

លោកស្រី រី​បេ​ខា ប្លេ​ក នាយិកា​បេសកកម្ម​ស្ដីទី​របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ (USAID) ប្រចាំ​កម្ពុជា​បាន​មានប្រសាសន៍ថា “​ខ្ញុំ​មាន​សេចក្ដី​សប្បាយរីករាយ​នៅក្នុង​ការតាមដាន​វឌ្ឍន​ភាព​យ៉ាង​ទៀងទាត់​នៃ​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​២០១៣​មក​។ កម្មវិធី​វាយតម្លៃ PISA ពិតជា​បំពេញបន្ថែម​ឱ្យ​ការវាយតម្លៃ​អំ​ណាន​ថ្នាក់ដំបូង​យ៉ាង​ប្រសើរ ដែល USAID បាន​នឹង​កំពុង​អនុវត្ត​ការវាយតម្លៃ​នេះ​ជាមួយនឹង​អ្នកជំនាញ​កម្ពុជា ដើម្បី​ពិនិត្យមើល​ការសិក្សា​របស់​សិស្សានុសិស្ស​នៅ​ថ្នាក់បឋមសិក្សា ។ យើងខ្ញុំ​មាន​មោទនភាព​ដែល​បាន​ធ្វើជា​ដៃគូ នៅក្នុង​គំនិត​ផ្ដួចផ្ដើម​ដ៏​សំខាន់​នេះ នៅក្នុង​ការប្រមូល និង​ប្រើប្រាស់​ទិន្នន័យ​ដោយ​តម្លាភាព នៅក្នុង​វិស័យ អប់រំ ។​”

​លោកស្រី ហ្វ័​រូ​ហ្គ ហ្វ​យូ​ហ្សិថ នាយិកា​យូ​នី​សេ​ហ្វ​ប្រចាំ កម្ពុជា​បាន​មានប្រសាសន៍ថា “​យើង​បានឃើញ​ផល ប៉ះពាល់​ធ្ងន់ធ្ងរ​បង្កដោយ​ជំងឺ​កូ​វីដ​-១៩ ដែល ធ្វើឱ្យមាន​វិសមភាព​កាន់តែខ្លាំង​ឡើង​នៅ​ទូទាំង​សកលលោក​។ ការវិនិយោគ​លើ​ការអប់រំ ជាពិសេស​ការ ចាត់ វិធានការ​សមស្រប និង​បន្ទាន់ ដើម្បី​ឆ្លើយតប​នឹង​ការបាត់បង់ ការសិក្សា​ធ្ងន់ធ្ងរ​របស់​កុមារ ដោយ សារ ការ រិត​ត្បឹ​ត នានា​បណ្ដាលមកពី​ជំងឺ​កូ​វីដ គឺមាន​សារៈសំខាន់​ណាស់ ដើម្បី​ទប់ស្កាត់ និង​ស្តារ ស្ថានភាព​ឱ្យ​ប្រសើរ​ទ្បើង​វិញ នេះ​។ ការទទួលបាន​ដោយ​សមធម៌​នូវ​ការអប់រំ​ប្រកបដោយ គុណភាព​មាន​តួនាទី​ដ៏​សំខាន់ នៅ ក្នុងការ ពង្រឹង​ធនធានមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា និង​ធានាថា​កុមារ​គ្រប់រូប អាច​ទទួលបាន ចំណេះដឹង ជំនាញ និង​សមត្ថភាព​មូលដ្ឋាន ដែល​ពួកគេ​ត្រូវការ ដើម្បី​ត្រាយផ្លូវ​សម្រាប់​អនាគត របស់ខ្លួន​នា​អនាគត​ខាង មុខ ” ៕​