ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ក្រុមបាល់ទាត់​អគ្គិសនី​កម្ពុជា បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ក្រោយ​ទម្លាក់​ក្រុម​ជើងឯក​រង គឺ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​​ព្រ័ត្រ ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ លើក​ទី​១៦ ឆ្នាំ​២០២២ ជាមួយ​ក្រុម​ការពារ​តំណែង​ជើងឯក វិសាខា​បឹងកេត និង ភ្នំពេញ​ក្រោ​ន ដែល​បាន​យកឈ្នះ​គូប្រជែង រៀងៗ​ខ្លួន ក្នុងជំនួប​ជើង​ទី​២ នៃ​វគ្គ ៨ ក្រុម​ចុងក្រោយ នៅ​ល្ងាច​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២២​។​

​ក្រុម​អគ្គិសនី​កម្ពុជា បាន​យកឈ្នះ​ក្រុម​ខ្លាំង​ព្រះខ័ន​រាជ​ស្វាយរៀង ដោយ​លទ្ធផល ៣​ទល់​១ បន្ទាប់ពី​ប្រកួត​ស្មើគ្នា ១​ទល់​១ កាលពី​ជើង​ទី​១​។ ៣ គ្រាប់ ដែល​ជួយ​ឲ្យ​ក្រុម​កំពូល​តារាង លី​គ​ទី​២ ទម្លាក់​ក្រុម​កំពូល​តារាង​លី​គ​កំពូល​នេះ ធ្វើ​សម្រេច​ដោយ​កីឡាករ ចិន វណ្ណៈ នៅ​នាទី​ទី​៤, យ៉ាន់ សុខា នៅ​នាទី​៦៣ និង​កីឡាករ ហេង គឹមហុង នៅ​នាទី​៧៧ ។ សរុប​ទាំង ២​ជើង អគ្គិសនី​កម្ពុជា បាន​យកឈ្នះ​ព្រះខ័ន​រាជ​ស្វាយរៀង ៤​ទល់​២​។​

​ចំពោះ​ក្រុម​វិសាខា ក៏បាន​ទម្លាក់​ក្រុម​កងយោធពល​ខេមរភូមិន្ទ ដោយ​លទ្ធផល​សរុបទាំង ២​ជើង ៦​ទល់​១ បន្ទាប់ពី​បន្ដ​យកឈ្នះ ៣​ទល់​០ ក្នុង​ជើង​ទី​២ នៅ​កីឡដ្ឋាន​ព្រី​នស៍ ។ ៣​គ្រាប់​របស់​ក្រុម​ជើងឯក ២ សម័យនេះ ធ្វើ​សម្រេច​ដោយ​កីឡាករ ធា​រី ចន្ថា​ប៊ី​ន នៅ​នាទី​២៥, សារ ទី នៅ​នាទី​៤២ និង​កីឡាករ ស៊ិន កក្កដា នៅ​នាទី​៤៥ ហើយ​លទ្ធផល​នេះ ក៏បាន​រក្សា ដល់​ចប់​ការប្រកួត ៩០​នាទី ។ កាលពី​ជើង​ទី​១ វិសាខា បាន​យកឈ្នះ​ក្រៅ​ដី ៣​ទល់​១ ។​

​ក្រុម​បឹងកេត​វិញ បាន​ត្រឹម​ប្រកួត​ស្មើ​ក្រុម​កោះកុង អេ​ហ្វ​ស៊ី ៣​ទល់​៣ ក្នុងជំនួប​កាត់សេចក្ដី លើ​ទឹកដី​ខ្លួន ។ ជំនួប​ដ៏​ស្វិតស្វាញ​នេះ ៣​គ្រាប់​របស់​កោះកុង រកបាន​ដោយ​កីឡាករ សាន បូរ៉ា​, សារី តៃ​ម៉ូ និង ពៅ ភា​រិ​ទ្ធ ខណៈ ៣​គ្រាប់ របស់​បឹងកេត ធ្វើ​សម្រេច​ដោយ​កីឡាករ ម៉ាត់ នូ​រុណ និង សៀង ច​ន្ធា ខណៈ ១​គ្រាប់​ទៀត គឺជា​គ្រាប់​បាល់ Own Goal របស់​ខ្សែការពារ កោះកុង គីម ឆៃ​យ៉ា ។ យ៉ាងណាក្ដី បឹងកេត បាន​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ បន្ទាប់ពី​ជើង​ទី​១ ពួកគេ​បាន​យកឈ្នះ​កោះកុង ក្រៅ​ដី ២​ទល់​០ ។​

​ចំពោះ​ក្រុម​ភ្នំពេញ​ក្រោ​ន បាន​ទម្លាក់​ក្រុម​ណាហ្គា​វើ​ល​ដ៏ ដោយ​ការទា​ត់បាល់ ប៉េ​ណា​ល់​ទី ក្នុង​លទ្ធផល ៤​ទល់​៣ បន្ទាប់ពី​បន្ដរ​ក្សា​លទ្ធផល ០​ទល់​០ ក្នុងជំនួប​ជើង​ទី​២ នៅ​កីឡដ្ឋាន ស្ដា​ត​ចាស់ ដូច​កាលពី​ជើង​ទី​១ ដែរ ។

​ជ័យជម្នះ​នេះ ធ្វើ​ឲ្យ​ក្រុម​សិង្ហ​ក្រហម ភ្នំពេញ​ក្រោ​ន ឡើងទៅ​ជួប​វិសាខា នៅ​វគ្គ​ពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ គ្រា​ដែល ១ គូ​ទៀត គឺ​ក្រុម​បឹងកេត ត្រូវ​ជួប​ក្រុម​អគ្គិសនី​កម្ពុជា ដែល​គ្រោង​ប្រកួត ជើង​ទី​១ នា​ថ្ងៃទី​៥ ខែតុលា និង​ជើង​ទី​២ នា​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២២ ខាងមុខ​៕V​/ N

​ក្រុម​អគ្គិសនី​កម្ពុជា បាន​យកឈ្នះ​ក្រុម​ខ្លាំង​ព្រះខ័ន​រាជ​ស្វាយរៀង