ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ នៅ​ថ្ងៃទី​១ ខែកញ្ញា នេះ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានបង្ហាញ​បញ្ជី​ឈ្មោះ កីឡាករ​ចំនួន ៤០ នាក់ ដើម្បី​ធ្វើតេស្ដ​កាយសម្បទា សម្រាប់​ត្រៀម ការប្រកួត​មិត្តភាព​អន្ដរជាតិ ជាមួយ​ក្រុម​ភ្ញៀវ​ជប៉ុន និង​បង់​ក្លា​ដែ​ស ។​

                                                                                                  បញ្ជី​ឈ្មោះ កីឡាករ​ចំនួន ៤០ នាក់

​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ ក្នុងនោះ​ចំណោម​កីឡាករ ដែល​ជ្រើសរើស​ដោយ​ក្រុមការងារ លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​គោព្រៃ​កម្ពុជា​នោះ ក៏មាន​កីឡាករ​កូនកាត់ ខ្មែរ​-​អាមេរិក ថេ​ឡរ នី​កូ​ឡាស់ ឌឿ​ង (Nick Taylor) ដែល​កំពុង​ប្រកប​អាជីព​នៅ​ក្លិប Orlando City នៃ​ក្រប​លី​គ​ទី​៣ (MSL Next Pro) លើ​ទឹកដី​អាមេរិក​ផងដែរ​។​

​កីឡាករ ស្ថិតក្នុង​បញ្ជី​បឋម​ខាងលើ នឹងត្រូវ​ធ្វើតេស្ដ​កាយសម្បទា នា​ថ្ងៃទី​១៣ ខែកញ្ញា ខាងមុខ ក្នុងនោះ គេ​ឃើញ​សមាជិក​ក្រុម​វិសាខា ត្រូវបាន​កោះហៅ​ច្រើនជាងគេ រហូតដល់ ១០ នាក់​។ បន្ទាប់មកទៀត មាន​កីឡាករ​បឹងកេត ៦​រូប​, ព្រះខ័ន​រាជ​ស្វាយរៀង ៥​រូប​, ភ្នំពេញ​ក្រោ​ន ៥​រូប​, អគ្គិសនី​កម្ពុជា ៥​រូប​, ណាហ្គា​វើ​ល​ដ៏ ៣​រូប​, កងយោធពល​ខេមរភូមិន្ទ ២​រូប​, ព្រៃវែង ១​រូប​, សូល​ទី​ឡូ​អង្គរ ១​រូប និង​គិរីវង់ ១​រូប ។ រីឯ​ម្នាក់ទៀត គឺ​កីឡាករ Nick Taylor ដែលជា​កូនកាត់​ខ្មែរ អាមេរិក​។​

​ខ្សែបម្រើ​ស្លាប ដែល​នឹង​ក្លាយជា​កម្លាំង​ថ្មី សម្រាប់​ក្រុម​គោព្រៃ​កម្ពុជា Nick Taylor បានកើត នៅ​រដ្ឋ​តិច​សាស សហរដ្ឋអាមេរិក ដែលមាន​ម្ដាយ​ជា​ជនជាតិខ្មែរ និង​ឪពុក​ជាន​ជាតិ​អាមេរិក​។ កីឡាករ​វ័យ ២៣ ឆ្នាំ​រូបនេះ ធ្លាប់បាន​បង្ហាញ​ការតាំង​ចិត្ត យ៉ាង​មុតមាំ ប្រសិនបើ​សហព័ន្ធ កោះហៅ​រូបគេ ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ នៃ​ប្រទេស​កំណើត​ម្ដាយ​របស់ខ្លួន បន្ទាប់ពី​រូបគេ​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង ក្នុង​អាជីព​លើ​សមរភូមិ​វាលស្មៅ​នេះ​កន្លងមក​។​

​ក្រឡេក​ទៅ​ចាប់អារម្មណ៍​ការប្រកួត​មិត្តភាព​អន្ដរជាតិ រវាង​កម្ពុជា និង​ជប៉ុន នៅ​ថ្ងៃទី​២០
​កញ្ញា និង បង់​ក្លា​ដែ​ស នា​ថ្ងៃទី​២២ ខែកញ្ញា ខាងមុខ​វិញ នឹងធ្វើ​ឡើង​នៅ​វិមាន​ពហុ​កីឡដ្ឋាន នៃ​ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេ​ជោ​៕V/ N