​ប្រែ​សម្រួលៈ​បំណង​(​បាងកក​ប៉ុស្តិ៍​,​ដេល្លី​ម៉េល​)៖ ប្រាក់រង្វាន់​៥​លាន​បាត​(១៣៦.០០០​ដុល្លារ​)​ត្រូវបាន​ប្រកាស​ផ្តល់ជូន​នរណា​ដែល​ផ្តល់​ព័ត៌មាន​នាំ​ដល់​ការចាប់ខ្លួន​ស្ត្រី​ជើងល្អ​ថៃ​ពីរ​នាក់ ដែល​ល្បីល្បាញ​ក្នុង​​បណ្តាញ​សង្គម​យូ​ធូប​ក្រោយពី​ពួក​គេ​បោកប្រាស់​អតិថិជន​រាប់​ពាន់​នាក់​ជាមួយ​នឹង​ប្រាក់​រាប់ពាន់​លាន​បាត​ក្រោមរូបភាព​សម្ញែង​ទ្រព្យ​រួច​ទាក់ទាញ​ពួកគេ​អោយ​ដាក់​ប្រាក់​រកស៊ី​ជាមួយ​ខ្លួន​ដោយ​សន្យា​​ផ្តល់​ចំណូល​ខ្ពស់​ក្នុង​រយៈពេល​ដ៏​ខ្លី តែ​ឥឡូវ​កំពុង​រត់គេចខ្លួន​។​

​មេធាវី​លោក ផៃ​សាល រឿង​រីត​(Paisal Ruengrit)​តំណាង​អោយ​ជនរងគ្រោះ​៣០​រូប ពី​ការ​ឆបោក​របស់​ស្រី​ស្អាត ស៊ូ​ចា​តា កុង​ស៊ូផា​ចាក់​(Suchata Kongsupajak)​ដែល​គេ​ហៅ​ថា​នាង នុត​ធី (Nutty)​អាយុ​៣០​ឆ្នាំ និង​នាង នី​ចា​ផាត រ៉ា​ត​តា​ណា​នូ​ក្រុម អាយុ​៣៣​ឆ្នាំ​។​

​កាលពី​ថ្ងៃ​អង្គារ​លោក ផៃ​សាល បាន​រួម​ដំណើរ​ជាមួយ​ជនរងគ្រោះ​ទៅកាន់​ការិយាល័យ​ស៊ើបអង្កេត​កណ្តាល និង​ស្នើសុំ​ប៉ូលិស​ចាប់ខ្លួន​ស្ត្រី​ទាំងពីរ​។​

​លោក​មេធាវី​បាន​និយាយថា ជនរងគ្រោះ​មិន​ក្រោម​៦.០០០​នាក់​ទេ​ដែល​ចាញ់បោក​ដាក់​លុយ​ជាង​២.០០០​លាន​បាត​(៥៥​លាន​ដុល្លារ​)​ក្នុង​គំរោង​បោកប្រាស់​របស់​នារី​ទាំង​ពីរ​នាក់​នេះ​។​ក្នុងពេល​ជាមួយគ្នា ការិយាល័យ​ស៊ើបអង្កេត​បទឧក្រិដ្ឋ​បាន​ស្នើ​សុំ​ដី​ការចាប់ខ្លួន​ពី​តុលាការ​ពី​បទ​ឆបោក ។​

​គេ​ថា​ជនរងគ្រោះ​សុខចិត្ត​ចូល​លុយ​គ្នា​សរុប​៥​លាន​បាត​ដើម្បី​ផ្តល់​អោយ​នរណា​ដែល​ផ្តល់​ព័ត៌មាន​នាំ​ដល់​ការចាប់ខ្លួន​ជនសង្ស័យ​។​

​នាង ស៊ូ​ចា​តា បាន​ភៀសខ្លួន​ទៅ​កាន់​ប្រទេស​ក្បែរ​ខាង​មួយ​មុន​ពេល​អាជ្ញាធ​រដក​លិខិតឆ្លងដែន​របស់​នាង​។​គេ​ជឿ​ថា​នាង​បាន​ភៀសខ្លួន​ចូល​ម៉ាឡេស៊ី​ក្រោយ​តុលាការ​ថៃ​មួយ​ចេញ​ដីកាចាប់ខ្លួន​នាង​។​

​ស៊ូ​ចា​តា ដែល​ត្រូវ​គេ​ស្គាល់​ជា​ទូទៅ​ថា យូ​ធូ​ប៊ឺ​(YouTuber)​តែង​សម្ញែង​ទ្រព្យសម្បត្តិ​នៅលើ​បណ្តាញ​សង្គម ដូច​ជា​ដី ផ្ទះ នាឡិកា​និង​រថយន្ត​ប្រណិត​។​នាង​អួត​ប្រាប់​អ្នកគាំទ្រ​ថា​ទ្រព្យសម្បត្តិ​ទាំងនេះ​បាន​​មក​ពី​ការជួញដូរ​រូបិយប័ណ្ណ ដែល​ផ្តល់​ចំណូល​ខ្ពស់​ក្នុង​រយៈពេល​ដ៏​ខ្លី​។​

​ស៊ូ​ចា​តា កុង​ស៊ូផា​ចាក់ ដែល​មាន​អ្នក​បង់លុយ​ចូល​មើល​យូ​ធូប​របស់​នាង​ចំនួន​ជាង​៨៤០.០០០​នាក់ ត្រូវបាន​គេ​ចោទប្រកាន់ថា​បាន​បោកប្រាស់​អតិថិ​ន​ជន​ជាង​៦.០០០​នាក់​អោយ​លង់ខ្លួន​ដាក់​ប្រាក់​​រកស៊ី​ជាមួយ​នាង​ជាមួយនឹង​ការសន្យា​ផ្តល់​ចំណូល​២៥​ភាគរយ​ក្រោយ​ការ​ដាក់​ប្រាក់​បាន​បី​ខែ ៣០​ភាគរយ​សំរាប់​រយៈពេល​៦​ខែ និង​៣៥​ភាគរយ​សំរាប់​រយៈពេល​១២​ខែ​។ តែត្រឹម​ខែមេសា​ឆ្នាំនេះ អតិថិជន​​របស់​នាង​ចាប់ផ្តើម​ត្អូញត្អែរ​ថា​ពួកគេ​មិន​បាន​ទទួល​ចំណូល​ដូច​ការសន្យា​ទេ​។​

​មេធាវី​បានអោយដឹងថា ជនរងគ្រោះ​ម្នាក់​បាន​ដាក់​លុយ​១៨​លាន​បាត​ចូល​ក្នុង​គណនី​របស់ ស៊ូ​ចា​តា​៕