​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ តៃវ៉ាន់​កាលពី​ថ្ងៃ​ពុធ​ទី​៣១​សីហា​បាន​ប្តេជ្ញា​ថា​នឹង “​វាយបក​វិញ​” ប្រសិនបើ​នាវាចម្បាំង​និង​យន្តហោះ​ចម្បាំង​របស់​ចិន​ចូល​ដែនដី​របស់​ខ្លួន​បន្ទាប់​ពី​សមយុទ្ធ​​យោធា​ដ៏​ធំ​របស់​ទីក្រុង​ប៉េកាំង​នៅ​ជុំវិញ​កោះ​នេះ​។​

​កោះ​ប្រជាធិបតេយ្យ​គ្រប់គ្រង​ដោយ​ខ្លួនឯង​មួយ​នេះ​រស់នៅ​ក្រោម​ការ​គំរាម​ឈ្លានពាន​ឥតឈប់ឈរ​ពី​ចិន ដែល​អះអាង​ថា​កោះ​នេះ​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន​ដែល​នឹង​ត្រូវ​រឹបអូស​យក​វិញ​នៅ​ថ្ងៃ​ណា​​មួយ​ដោយ​កម្លាំង ប្រសិនបើ​ចាំបាច់​។​

​កាលពី​ថ្ងៃ​ពុធ ក្រុម​មន្ត្រី​ការពារ​ជាតិ​បាន​និយាយថា តៃវ៉ាន់​នឹង​ប្រើ​សិទ្ធិ​ការពារ​ខ្លួន ប្រសិនបើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​សម្រេចចិត្ត​ធ្វើ​ចំណាត់ការ​ប្រឆាំងនឹង​កោះ​នេះ​។​

​ឆន្ទៈ​របស់​រដ្ឋាភិបាល​ក្រុង​តៃប៉ិ​ក្នុងការ​វាយបក​វិញ​ទំនងជា​ត្រូវបាន​បង្ហាញ​មួយ​ថ្ងៃមុន​នេះ នៅពេល​ដែល​យោធា​តៃវ៉ាន់​បាញ់​ព្រមាន​ទៅលើ​ដ្រូ​ន​ចិន ដែល​កំពុង​ហោះ​ពីលើ​ប៉ុស្តិ៍​យាម​របស់​ខ្លួន​នៅ​កូន​កោះ​​មួយ​។​កងកម្លាំង​របស់​តៃវ៉ាន់​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា កងទ័ព​បាន​ចាត់វិធានការ​កាលពី​ថ្ងៃ​អង្គារ បន្ទាប់​ពី​ដ្រូ​ន​ត្រូវបាន​ប្រទះ​ឃើញ​ហោះ​ពីលើ​កម្រង​កោះ​គីន​មិន (Kinmen)​។​

​សេចក្តីថ្លែងការណ៍​កាល​ពី​ថ្ងៃ​ពុធ​បាន​សំដៅ​ដ្រូ​ន​ទាំងនោះ​ថា​ជា “​ការប្រើប្រាស់​ស៊ីវិល​” ប៉ុន្តែ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ផ្សេង​ទៀត​នោះ​ទេ​។ សេចក្តីថ្លែងការណ៍​សរ​សេ​រថា ដ្រូ​ន​បាន​ត្រឡប់​ទៅ​ទីក្រុង​សៀ​មិន (Xiamen) របស់​ចិន​ដែល​នៅ​ជិត​នោះ​វិញ បន្ទាប់ពី​មាន​ការបាញ់​ព្រមាន​។​

​តៃវ៉ាន់​ពីមុន​បាញ់​តែ​ផ្កាភ្លើង​ជា​ការព្រមាន​ប៉ុណ្ណោះ​៕

​តៃវ៉ាន់​ប្តេជ្ញា​វាយបក​លើ​ចិន​ប្រសិន​បើ​ពួកគេ​ឈាន​ជើង​ចូល​ទឹកដី​របស់​ខ្លួន ។ក្នុងរូប ប្រធានាធិបតីតៃវ៉ាន់ថតក្បែរអាកាសយានិកនៃកងទ័ពអាកាសតៃវ៉ាន់