​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ទឹកស្ទឹង​សែន​នៅ​ក្រុង​កំពង់ធំ​ថ្ងៃទី​០១ ខែកញ្ញា​នេះ បាន​ឡើង​ថែម​បន្តិច​ទៀតហើយ នៅពេល​បច្ចុប្បន្ននេះ​គ្មាន​វិធី​ណា ដែល​អាចធ្វើឱ្យ​ទឹកស្ទឹង​នេះ​ហូរ​ចុះទៅ​កាន់​បឹង​ទន្លេសាប​បាន​លឿន​ជាង​នេះ​ទេ ដោយសារ​កម្ពស់​ទឹកទន្លេ​សាប និង​ទឹក​ស្ទឹងសែន​នៅ​ក្រុង​កំពង់ធំ​ខុសគ្នា​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ។ នេះ​បើតាម​ការចុះពិនិត្យ​ដោយ​ក្រុមការងារ របស់​ក្រសួង​ធនធានទឹក និង​ឧតុ​យម​ដើម្បី​រិះរក​វី​ធី​ដោះ​ទឹកជំនន់​ស្ទឹងសែន​ឱ្យ​ស្រក​លឿន​សម្រាប់​ពេលអនាគត​។​

​លោក យូ ឡា ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ធំ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០២២​ថា ទឹកស្ទឹង​សែន​នៅ​ក្រុង​ក្រុង​កំពង់ធំ​ថ្ងៃ នេះ​បាន​ឡើង​ថែម​បន្តិចទៀត គឺ​ដល់​កម្ពស់​១៣,៦៤​ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​៣១ ខែសីហា ០,០១​ម៉ែត្រ តែ​ទឹកស្ទឹង​នេះ​នៅ​ភាគ​ខាងលើ​នៃ​ក្រុង​កំពង់ធំ​បានចាប់ផ្តើម​ចុះ​វិញ​ហើយ​។​

ប្រធាន​មន្ទីរ​រូបនេះ​បាន​និយាយ​ឱ្យដឹងទៀតថា​ទឹកស្ទឹង​សែន​នៅ​ខេត្តកំពង់ធំ​ហូរ​ចុះទៅ​កាន់​បឹង​ទន្លេសាប​យឺត​នេះ រក​មិនឃើញ​មាន​ឧបសគ្គ​អ្វី​រារាំង​នៅ​មាត់បឹង​ទន្លេសាប​នោះទេ កម្ពស់​ទឹក​នៅ​បឹង​ទន្លេសាប និង​ទឹក​ស្ទឹងសែន​នៅ​ក្រុង​កំពង់ធំ​ពេលនេះ​មាន​កម្ពស់​ខុសគ្នា​តិចតួច​ណាស់​ទើប​ធ្វើឱ្យ​ទឹក​ហូរ​ចុះ​យឺត​។​តាម​ការពិនិត្យ​ដោយ​ក្រុមការងារ​របស់​ក្រសួង​ដែល​កំពុងធ្វើការ​តាមដាន​ស្ថានភាព​ទឹកស្ទឹង​សែន​ឡើង​ទៅលើ​ទៀត​នេះ​ឃើញថា​ចម្ងាយ​ប្រមាណ​ជា​២០​គីឡូម៉ែត្រ​ពី​ក្រុង​កំពង់ធំ​ទៅ​បឹង​ទន្លេសាប​និង​ចម្ងាយ​ជាង​១០ គីឡូម៉ែត្រ​ឡើងទៅ​ខាងលើ​ក្រុង​កំពង់ធំ​សរុប​ចម្ងាយ​ប្រមាណ​ជា​៣០​គីឡូម៉ែត្រ​ដែលមាន​ទឹក​ហូរ​បែក​វាល​នេះ​ឃើញ​មាន​កម្ពស់​ខុសគ្នា​តែ​ប្រហែលជា ០,៦០​ម៉ែត្រ​ប៉ុណ្ណោះ​។​

​លោក​យូ ឡា បាន​បញ្ជាក់ថា​បន្ទាប់ពី​បាន​ពិនិត្យ​ស្ថានភាព​ទឹក​នៅ​ផ្នែក​ខាងក្រោម​ផ្លូវជាតិ​លេខ​៦​រហូតដល់​បឹង​ទន្លេសាប​រួចមក​មិនឃើញ​មាន​កន្លែង​រាំងស្ទះ​ដោយ​ផ្លូវ ឬ​ទំនប់​កាត់មុខ​ទឹក​ទេ គឺ​ទឹក​ហូរ​បែក​វាល​ដោយមាន​ល្បឿនខ្សោយ បានន័យថា​កម្ពស់​ទឹក​ចង់​ស្មើគ្នា​មិនអាច​មាន​វិធី​ណា​ដោះ​ឱ្យ​ហូរ​លឿន​ជាង​នេះ​បានទេ​។ ក្រុមការងារ​ដែល លោក​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​បញ្ជូនមក​ដើម្បី​រក​វិធី​ដោះស្រាយ​ឱ្យ​ទឹក​ស្រ​កបាន​លឿន​នៅ​ថ្ងៃ​អនាគត កំពុង​សិក្សា​រក​ផ្លូវ​បញ្ជៀ​ស​ទឹក​ទៅ​ស្ទឹង​ចាស់​នៅ​ភ្នំ​សន្ទុក​មួយផ្នែក​និង​មួយផ្នែក​ទៀត​ទៅ​ស្ទឹង​ព្រៃ​ប្រស់​បន្ទាប់ពី​សាងសង់​សំណង់​ស្ទាក់​ទឹកស្ទឹង​សែន​នៅ​ភាគ​ខាងលើ​ក្រុង​កំពង់ធំ​។​
លោក​ប្រធាន​មន្ទីរ​និយាយ​ឱ្យដឹងទៀតថា​គម្រោង​ខាងលើនេះ​លោក​រដ្ឋមន្ត្រី​ធ្លាប់​បានឱ្យ​ក្រុមការងារ​ចុះ​ធ្វើការ​សិក្សា​ម្តង​រួចមកហើយ​កាលពី​ឆ្នាំ​២០១៤ ដែលមាន​ទឹកជំនន់​លិច​ក្រុង​កំពង់ធំ​រហូតដល់​រយៈ​ពេល​៤០​ថ្ងៃ​ទើប​ស្រក​ផុត​។ ពេលនេះ​ក្រុមការងារ​បាន​បន្ត​ធ្វើកា​រ​សិក្សា​បន្ថែមទៀត​ដើម្បី​ឈានទៅ​លើក​គម្រោង​ធ្វើការ​សាងសង់​សំណង់ ប្រព័ន្ធធារាសាស្ត្រ​សម្រាប់​ដោះ​ទឹកជំនន់​ពី​ក្រុង​កំពង់ធំ​និង​សម្រាប់​ស្រោចស្រព​ទៅ​តំបន់​ផ្សេង​នៅ​រដូវប្រាំង​៕​