ដោយៈ គង់​ហេង​/ កំពង់ចាមៈ អាជ្ញាធរខេត្ត​កំពង់ចាម បាន​ជួយសង្គ្រោះ​ស្រូវវស្សា​របស់​ប្រជាពលរដ្ឋ​ជាង ៣០ ហិកតា​នៅ​ភូមិ​ពង្រ ឃុំ​ស្តើង​ជ័យ ស្រុក​ជើងព្រៃ​ដែល​រង​ផលប៉ះពាល់ ដោយ​សម្រេច​បើកមុខ​ទឹក​បន្ថែម​នៅ​ចំណុច​ខាងមុខ​អាហារ​ដ្ឋា​ន​ឈ្មោះ មហាលាភ នៅ​ព្រឹក​ថ្ងៃទី​១ កញ្ញា​នេះ​។​

​លោក អ៊ុម វិបុល ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ចាម​បានឱ្យដឹងថាៈ ដើម្បី​សង្គ្រោះ​ដំណាំ​ស្រូវ​រដូវវស្សា​របស់​ប្រជាពលរដ្ឋ ដែល​រង​ការប៉ះពាល់​ដោយ​ជំនន់​ទឹក ក្នុង​សប្តាហ៍​នេះ​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​បញ្ជា​ឱ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ចំណុះឱ្យ​រដ្ឋបាលខេត្ត​សហការ​បើកមុខ​ទឹក​ប​ន្ថែ​ម ប្រយោជន៍​រំដោះ​ជំនន់​ទឹកភ្លៀង​ចេញពី​ក្នុង​ស្រែ​របស់​ប្រជាពលរដ្ឋ​ឱ្យទាន់​ពេលវេលា ជៀសវាង​ការ​នៅ​ត្រាំ អាច​នឹង​រលួយ​ផលដំណាំ​ស្រូវ​។​

​លោក ប្រាក់ ទិ​ត្យ ជា​នាយក​ទីចាត់ការ​ផែនការ និង​វិនិយោគ​សាលាខេត្ត​កំពង់ចាម​បានឱ្យដឹង​ដែរ​ថាៈ លោក​អភិបាលខេត្ត​កំពង់ចាម​បាន​ចាត់វិធានការ​ឱ្យប្រើ​ប្រាស់​លូ ដែលមាន​មុខកាត់ មួយ ម៉ែត្រ​ចំនួន ពីរ ខ្សែ​ប្រវែង​ជាង ១០ ម៉ែត្រ គឺ​ដើម្បី​សម្រួល​មុខទឹក​បាន​ធំ​ជាង​មុន ឱ្យ​ទឹក​ស្រក​ចុះ​ពី​ក្នុង​ស្រែ របស់​ប្រជាពលរដ្ឋ​៕​