​ដោយៈ សុផល / ភ្នំពេញ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោកស្រី UIKU Kocaefe ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​តួ​ក​គី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង ការគួរសម នៅ​វិមាន​ព្រឹទ្ធសភា​។​

សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ លោកស្រី UIKU Kocaefe ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​តួ​ក​គី

​ក្នុង​ព្រះបរមនាម​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្នុងនាម​សម្តេច​ផ្ទាល់ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​សម្តែង​អំណរ​សាទរ​ស្វាគមន៍ ចំពោះ​លោកស្រី UIKU Kocaefe ដែល​ត្រូវបានតែងតាំង ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​តួ​ក​គី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។ តាមរយៈ​បេសកកម្ម​ការទូត របស់លោក​ស្រី សម្តេច មាន​ជំនឿ​ជឿជាក់ថា លោកស្រី នឹង​ខិតខំ​បន្ត​ពង្រឹងពង្រីក នូវ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ រវាង​ប្រជាជន និង​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត ដើម្បី​ជា​គុណប្រយោជន៍​ដ៏​ធំធេង ទាំង​ពេលបច្ចុប្បន្ន និង​ក្នុង​ពេលអនាគត​។​

​នៅក្នុង​ឱកាស​នោះ លោកស្រី ឯកអគ្គរដ្ឋទូត បាន​សម្តែង​នូវ​ការពេញចិត្ត និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ប្រពៃ រវាង​ប្រទេស​ទាំងពីរ លើ​វិស័យ​នយោបាយ ពាណិជ្ជកម្ម ការវិនិយោគ និង​វិស័យ​អប់រំ ។

​លោកស្រី ឯកអគ្គរដ្ឋទូត បាន​ជម្រាបជូន​សម្តេច​ប្រមុខរដ្ឋស្តីទី ជ្រាបថា សភា​តួ​ក​គី បាន​បង្កើត​ក្រុម​មិត្តភាព រវាង​ប្រទេស​ទាំងពីរ​។ លោកស្រី មានជំនឿថា នឹងមាន​ការផ្លាស់ប្តូរ គណៈប្រតិភូ​កម្រិត​ខ្ពស់ រវាង​សភា​នៃ​ប្រទេស​ទាំងពីរ ដើម្បី​ជំរុញ​ការយល់ដឹង​រួមគ្នា និង​បង្កើន​នូវ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​ខ្លាំងក្លា ថែមទៀត​។ ជាមួយគ្នានេះ លោកស្រី បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​សារៈសំខាន់​របស់ ប្រទេស​កម្ពុជា នៅក្នុង​តំបន់​អាស៊ី​។​

​លោកស្រី ឯកអគ្គរដ្ឋទូត បាន​សម្តែង​នូវ​ការអបអរសាទរ ចំពោះ​ប្រទេស​កម្ពុជា ក្នុងតួនាទី​ជា ប្រធាន​អាស៊ាន ប្តូរ​វេន ដែលជា​ដំណាក់​ដ៏​លំបាក ក្នុងការ​ដោះស្រាយ​បញ្ហា​ក្នុង​តំបន់ និង​លើ​សកលលោក​។ ទោះបីជា​យ៉ាងនេះ​ក្តី ក៏​ប្រទេស​កម្ពុជា បាន​ដើរតួនាទី​ដ៏​សំខាន់​នេះ ប្រកបដោយ​ទទួលបាន​ជោគជ័យ​។​

​សម្តេច​ប្រមុខរដ្ឋស្តីទី បាន​រំលឹក​អំពី​ទំនាក់ទំនង​ការទូត រវាង​ប្រទេស​ទាំងពីរ ដែល​ត្រូវបាន​បង្កើតឡើង តាំងពី​ឆ្នាំ​១៩៥៩ និង​ការបើក​សម្ពោធ​ជា​ផ្លូវការ នៃ​ស្ថានទូត​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​នៅ​សាធារណរដ្ឋ​តួ​ក​គី កាលពី​ខែកុម្ភៈ ឆ្នាំ​២០២២ កន្លងទៅនេះ​។ តាមរយៈ​ទំនាក់ទំនង​ការទូត នៃ​ប្រទេស​ទាំងពីរ សម្តេច​បាន​សម្តែង​នូវ សេចក្តី​ពេញចិត្ត និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ រវាង​ប្រជាជន និង​ប្រទេស​ទាំងពីរ ដែលមាន​ការរីកចម្រើន ឥតឈប់ឈរ​។

 

​ក្នុងនាម​ប្រជាជន​កម្ពុជា និង​ក្នុងនាម​សម្តេច​ផ្ទាល់ សម្តេច​បាន​ថ្លែងអំណរគុណ ចំពោះ​រដ្ឋាភិបាល​តួ​ក​គី ដែល​បានរួម​ចំណែក​ដ៏​ថ្លៃថ្លា ជួយ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ដែល​ធ្វើឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា មានការ​រីកចម្រើន​ខា​ង​សង្គម​-​សេដ្ឋកិច្ច ដូច​ពេល​បច្ចុប្បន្ននេះ​។ ជាមួយគ្នានេះ សម្តេច​បាន​ថ្លែងអំណរគុណ ចំពោះ​រដ្ឋាភិបាល​តួ​ក​គី ដែល​បាន​គាំទ្រ​កម្ពុជា ក្នុងតួនាទី​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន និង​បាន​អញ្ជើញ​ចូលរួម​កិច្ច ប្រជុំ​ត្រីភាគី (​កម្ពុជា​-​តួ​ក​គី និង​លេខាធិការដ្ឋាន​អាស៊ាន​) អាស៊ាន​-​តួ​ក​គី លើក​ទី​៤ នៅ​ទីក្រុង​ភ្នំពេញ ក្នុងឱកាស​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស អាស៊ាន​លើក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ កាលពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២២ កន្លងទៅនេះ​។​

​សម្តេច​ប្រមុខរដ្ឋស្តីទី បាន​គូសបញ្ជាក់ថាៈ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន​ជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រៀមខ្លួន​ជានិច្ច ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ ដ៏​ជិតស្និទ្ធ​ជាមួយនឹង​លោកស្រី ក៏ដូចជា​ស្ថានទូត​តួ​ក​គី ដើម្បី​រួមចំណែក​ពង្រឹងពង្រីក ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ នាំមក​នូវ​ផលប្រយោជន៍ ទៅវិញទៅមក ជូន​ប្រជាជន និង​ប្រទេស​ទាំងពីរ​។​

​តាមរយៈ​លោកស្រី ឯកអគ្គរដ្ឋទូត សម្តេច​ប្រមុខរដ្ឋស្តីទី បាន​ពាំ​នាំនូវ​ព្រះរាជ​បណ្តាំ សួរសុខទុក្ខ សេចក្តី​នឹករលឹក​អំពី ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ និង​ថ្នាក់ដឹកនាំ​កំពូល​ជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ចំពោះ​ប្រធានាធិបតី ថ្នាក់ដឹកនាំ​កំពូល​គ្រប់លំដាប់​ថ្នាក់ នៃ​សាធារណរដ្ឋ​ទួ​ក​គី​។​

​សម្តេច​ប្រមុខរដ្ឋស្តីទី បាន​ប្រសិទ្ធពរ​ជូន​លោកស្រី ឯកអគ្គរដ្ឋទូត សូម​មាន​សុខ​ភាពល្អ និង​ទទួលបាន​ជោគជ័យ ក្នុង​បេសកកម្ម​ការទូត​ដ៏​ឧត្តុង្គឧត្តម​នេះ​៕V/ N