ដោយៈ សុផល / ភ្នំពេញ​លោក លឹម ស៊ី​ដេ​នី​ន រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​គណៈប្រតិភូ ចូលរួម​កិច្ចប្រជុំ​កំពូល​ខ្សែក្រវាត់ និង​ផ្លូវ​លើក​ទី​៧ នៅ​ទីក្រុង​ហុងកុង ក្រោម​ប្រធានបទ​៖ “​ឆ្ពោះ​កាន់​ទៅ​ទំព័រ​ថ្មីៈ កិច្ចសហប្រតិបត្តិការ និង​នវានុវត្តន៍​” ដោយមាន​ការចូលរួម​ពី បណ្តា​រដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់ និង​បណ្តា​ក្រុមហ៊ុន វិនិយោគ​ធំៗ ជុំវិញ​ពិភពលោក​។​

លោក លឹម ស៊ី​ដេ​នី​ន រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន

​កិច្ចប្រជុំ​កំពូល​រយៈពេល ៣​ថ្ងៃ ផ្តើម​ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​៣ ខែកញ្ញា​នេះ មាន​គោលបំណង ស្វែងយល់​ចែករំលែក ផ្លាស់ប្តូរ​យោបល់ និង​ទស្សនវិស័យ អំពី​ឱកាស​ធុរកិច្ច និង​វិនិយោគ លើ​វិស័យ​ជាច្រើន រួមមាន ការពង្រីក​កិច្ចសហប្រតិបត្តិការ​ថ្នាក់​តំបន់ និង​អន្តរជាតិ លើ​ផ្នែក​ពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ដោយ​ជំរុញ​បណ្តាញ​ទំនាក់ទំនង ផ្គូរ​ផ្គង​ធុរកិច្ច និង​ការបង្កើត​ភាពជា​ដៃគូ​។​

​ថ្លែង​ទៅកាន់​កិច្ចប្រជុំ​កំពូល នាឱកាស​នោះ លោក​រដ្ឋលេខាធិការ បានលើកឡើង​ថាៈ គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ គឺជា​កាតាលីករ​ថ្មី សម្រាប់​ការរីកចម្រើន សេដ្ឋកិច្ច​របស់ ពិភពលោក និង​ជា​វេទិកា សម្រាប់​កិច្ចសហប្រតិបត្តិការ​ពិភពលោក លើ​វិស័យ​ជាច្រើន រួមមាន ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម និង វិនិយោគ​។

​លោក​បាន​គូសបញ្ជាក់​ផងដែរ​ថាៈ កម្ពុជា​បានទទួល​ផលប្រយោជន៍​យ៉ាងច្រើន ពី​គំនិត​ផ្តួចផ្តើម​នេះ ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ទាំង​ផ្នែក​ទន់ និង​ផ្នែក​រឹង ព្រមទាំង​ជំរុញ​ការតភ្ជាប់​ក្នុងប្រទេស និង​ក្នុង​តំបន់ ដើម្បី​បង្កើន​ប្រសិទ្ធភាព ការដឹកជញ្ជូន និង​ធ្វើឱ្យ​ប្រសើរឡើង នូវ​វិស័យ​ភស្តុភារ​កម្ម​របស់​កម្ពុ​ជា​។ ក្រៅពី ការជំរុញ​ការតភ្ជាប់ សង្គម វប្បធម៌ និង​ធ្វើឱ្យមាន​កំណើនសេដ្ឋកិច្ច លោក​បាន​បន្ថែមថាៈ គំនិត​ផ្តួចផ្តើម​ខាងលើ ក៏បាន​ជួយ​កម្ពុជា ក្នុងការ​ព​ន្លឿ​ន​ការធ្វើ​សមា ហ​រណកម្ម​សេដ្ឋកិច្ចជាតិ ទៅក្នុង​តំបន់​ផងដែរ​។​

​លោក​រដ្ឋលេខាធិការ ក៏បាន​ដកស្រង់​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​លើកឡើងថាៈ “ ទីណា​មាន​ផ្លូវ ទីនោះ​មានសង្ឃឹម ” ដូចគ្នា​ទៅនឹង​សុភាសិត​មួយ​ឃ្លា​របស់​ចិន ដែល​និយាយថា “ ប្រសិនបើ​ចង់​មានបាន ត្រូវធ្វើ​ផ្លូវ​មុន ”​។​

​បន្ថែម​ពីលើ​នេះ លោក​រដ្ឋលេខាធិការ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​មហាមិត្ត​ចិន ដែល​បាន​ចូលរួមចំណែក​យ៉ាងខ្លាំង ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​របស់​កម្ពុជា តាំងពីដើម​រហូតមក​។​

​សូមជម្រាបថា គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ ត្រូវបាន​បង្កើតឡើង នៅក្នុង​ឆ្នាំ​២០១៣ ដោយ​លោក​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង ផ្តោត​សំខាន់​ទៅលើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់​ការដឹកជញ្ជូន​តាមផ្លូវ​គោក និង​ផ្លូវទឹក សម្រាប់​ពង្រីក​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ តាមរយៈ​ការជំរុញ​ការវិនិយោគ និង​ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​៕V​/ N