ដោយ​: ពៅ​និមល / ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.» នៃ​ក្រសួងពាណិជ្ជកម្ម សហការ​ជាមួយ​គណៈកម្មាធិការ ប្រកួតប្រជែង​កូរ៉េ (KFTC) និង​ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​អា​ល្លឺ​ម៉​ង់ (GIZ) នៅ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២២ នេះ បានរៀបចំ​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការរួមបញ្ចូល​គ្នា នៃ​ធុរកិច្ច និង​ការចែករំលែក​បទពិសោធ​ន៍ ពី​គណៈកម្មាធិការ​ប្រកួតប្រជែង​កូរ៉េ នៅ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ។

​វគ្គប​ណ្តុះ​បណ្ត​ល​នេះ បាន​ប្រារព្ធ​ធ្វើឡើង ក្រោម​វត្តមាន​របស់លោក ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. លោក Frank Jettke ប្រធាន​ក្រុមការងារ​អាស៊ាន នៃ​ទីភ្នាក់ងារ GIZ រួមជាមួយ​នឹង​តំណាង គណៈកម្មាធិការ​ប្រកួត​ប្រជែង​កូរ៉េ KFTC ក្នុង​គោល​ល​បំណង គឺ​ដើម្បី​ស្វែងយល់ អំពី​សេចក្តីព្រាង​អនុក្រឹត្យ ស្តីពី​លក្ខខណ្ឌ និង​នីតិវិធី អំពី​ការរួម​ប​ញ្ជូ​ល​គ្នា នៃ​ធុរកិច្ច ក្រោម​ច្បាប់​ស្តីពី​ការប្រកួតប្រជែង ព្រមទាំង​ដើរតួ​ជា​វេទិកា​មួយ ដែល​ផ្តល់ឱកាស ជូន​ដល់​មន្ត្រី​ស៊ើបអង្កេត នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. អាច​ស្វែងយល់​អំពី​ធាតុ​ផ្សំ នៃ​នីតិវិធី​នៃ​ការរួមបញ្ចូល​គ្នា នៃ​ធុរកិច្ច ក្របខណ្ឌ​សម្រាប់​វិភាគ​ការរួមបញ្ចូល​គ្នា​នៃ​ធុរកិច្ច វិធានការ​កែតម្រូវ​ទ​ប់​ស្កាត់​នឹង​ការរួមបញ្ចូល​គ្នា​នៃ​ធុរកិច្ច ដែល​អាច​រារាំង រឹត​ដ្បិត ឬ​បង្ខូច ដល់​ការប្រកួតប្រជែង តាមរយៈ​ការចែករំលែក​បទពិសោធ​ន៍ ក៏ដូចជា ការអនុវត្ត​ល្អ​លើ ការត្រួតពិនិត្យ​ករណី​រួមបញ្ចូល​គ្នា​នៃ​ធុរកិច្ច ពី​ជំនាញការ​ប្រកួតប្រជែង ដែល​អញ្ជើញ​មកពី គណៈកម្មាធិការ​ប្រកួត​ប្រជែង​កូរ៉េ​។​

​សូមជម្រាបថា គណៈកម្មាធិការ​ប្រកួត​ប្រជែង​កូរ៉េ (KFTC) បាន​បញ្ជូន​ជំនាញ ការប្រកួតប្រជែង ក្នុង​ក្របខណ្ឌ Expert Placement ឱ្យមក​បំពេញការងារ នៅ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ចាប់ពី​ថ្ងៃទី​២៩ ខែសីហា ដល់​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០២២​។ ក្របខណ្ឌ Expert Placement នេះ គឺជា​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី រវាង​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ដែលជា​សេនាធិការ របស់ គ​.​ប​.​ក​. ជាមួយនឹង KFTC ដែលមាន​គោលបំណង​តាក់តែង គោលការណ៍​ណែនាំ​លើ​ការរួមបញ្ចូល​គ្នា​នៃ​ធុរកិច្ច និង​លិខិតបទដ្ឋាន​ពាក់ព័ន្ធ នៅក្រោម​អនុក្រឹត្យ ស្តីពី​លក្ខខណ្ឌ និង​នីតិវិធី អំពី​ការរួមបញ្ចូល​គ្នា​នៃ​ធុរកិច្ច​។ ជាមួយនឹង​ការចែករំលែក​បទពិសោធ​ន៍​នេះ ជំនាញការ KFTC កំពុង​បំពេញការងារ​ផ្ទាល់ នៅ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ចំនួន ១ សប្តាហ៍ និង​ព្រមទាំង​បំពេញការងារ​តាម​ប្រព័ន្ធ​អន​ឡាញ ចំនួន ៣ សប្តាហ៍ បន្ថែមទៀត​។ បេសកកម្ម​របស់​ជំនាញការ​ប្រកួតប្រជែង​កូរ៉េ ក៏​រួមបញ្ចូល នូវ​ការជួយ​ដល់​គណៈកម្មាធិការ​ប្រកួត​ប្រជែង​កម្ពុជា ក្នុងការ​រៀបចំ​មាតិកា (Outline) នៃ​ការតាក់តែង​គោលការណ៍​ណែនាំ សម្រាប់​អនុវត្ត​អនុក្រឹត្យ ស្តីពី​លក្ខខណ្ឌ និង​នីតិវិធី អំពី​ការរួមបញ្ចូល​គ្នា​នៃ​ធុរកិច្ច ក្រោម​ច្បាប់​ស្តីពី​ការប្រកួតប្រជែង នាពេល​អនាគត​៕/V​