ដោយៈ សុផល / ភ្នំពេញ​៖ ភាគី​ឥណ្ឌា មកពី​រដ្ឋ​ម៉ា​ឌី​យ៉ា ប្រា​ដេ​ស (Madhya Pradesh) ដែលជា​រដ្ឋ​ធំ​មួយ នៅ​ភាគ​កណ្ដាល​ប្រទេស​ឥណ្ឌា បានរៀបចំ​កម្មវិធី​ប​ង្ហា​ញ​ផ្លូវ​ទេសចរណ៍ ទៅកាន់​រដ្ឋ​ម៉ា​ឌី​យ៉ា ប្រា​ដេ​ស (Madhya Pradesh Roadshow) ជាមួយ​ក្រសួងទេសចរណ៍ និង​សមាគម​ទេសចរណ៍​កម្ពុជា (CATA) ក្នុង​គោលបំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​ទេសចរណ៍ ជាមួយគ្នា​ឡើងវិញ ក្រោយ​ខកខាន​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ ១៩ ។​

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍

​កម្មវិធី​នេះ រៀបចំឡើង​នា​រាត្រី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២២ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា ដោយមាន​ការចូលរួម​ពី​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោកស្រី ទេ​វ្យា​នី ខូ​ប្រា​ហ្កា​ដេ ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា លោកស្រី Sushri Usha Thakur រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​វប្បធម៌​នៃ​រដ្ឋ​ម៉ា​ឌី​យ៉ា ប្រា​ដេ​ស លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទេសច​រណ៍​កម្ពុជា និង​តំណាង​ក្រុមហ៊ុន​ទេសចរណ៍​នៅ​កម្ពុជា ជាច្រើន​នាក់​ទៀត​។​

​លោក Sheo Shekhar Shokla រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​វប្បធម៌ នៃ​រដ្ឋ​ម៉ា​ឌី​យ៉ា ប្រា​ដេ​ស បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថាៈ ការណ៍​ដែល​ក្រសួងទេសចរណ៍ និង​វប្បធម៌ នៃ​រដ្ឋ​ម៉ា​ឌី​យ៉ា ប្រា​ដេ​ស រៀបចំ​កម្មវិធី​បង្ហាញ​ផ្លូវ​ទេសចរណ៍ ទៅកាន់​រដ្ឋ​ប្រា​ដេ​ស នៅ​កម្ពុជា គឺ​ដោយសារ​ប្រទេស​ទាំងពីរ មាន​វប្បធម៌​ស្រដៀង​គ្នា ដែល​ធ្លាប់មាន​ទំនាក់ទំនង​ជាមួយគ្នា រាប់ពាន់​ឆ្នាំ​មកហើយ ហើយ​នេះ​ក៏​ជា​ឱកាស​រំលឹក​នូវ ទំនាក់ទំនង​ឡើងវិញ​ដែរ​។​

​លោក​រដ្ឋលេខាធិការ បាន​បន្តថាៈ ក្រសួងទេសចរណ៍ និង​វប្បធម៌ នៃ​រដ្ឋ​ម៉ា​ឌី​យ៉ា ប្រា​ដេ​ស ក៏មាន​បំណង​ចង់​ជំរុញ​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​ទេសចរណ៍ ជាមួយ​កម្ពុជា ក្រោយ​ខកខាន ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ ១៩ អស់​រយៈពេល ៣ ឆ្នាំកន្លងមក ជាពិសេស ជាមួយ​ក្រសួងទេសចរណ៍ និង​ផ្នែក​ឯកជន ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។​

​លោក​បាន​បន្តថាៈ ប្រជាជន​កម្ពុជា ដែល​ទៅដល់​ប្រទេស​ឥណ្ឌា ក៏មាន​ឱកាស​ក្នុងការ​បង្ហាញ វប្បធម៌​ខ្លួន ទៅកាន់​ប្រទេស​ឥណ្ឌា ផងដែរ​។ នៅ​ទីនោះ គឺមាន​គោលដៅ​ទេសចរណ៍​ជាច្រើន ដែល​ភ្ញៀវទេសចរ អាច​ដើរ​ទស្សនា​កម្សាន្ត​ផង និង​សិក្សា​ស្វែងយល់​ផង​។​

​លោក Sheo Shekhar Shokla ក៏​នឹង​ពាំនាំ​ការផ្សព្វផ្សាយ​ទេសចរណ៍ រវាង​ប្រទេស​ទាំងពីរ នាឱកាស​នោះ ជូនដំណឹង​ទៅដល់​បណ្ដា​ដៃគូ និង​ក្រុមហ៊ុន​ទេសចរណ៍ ដទៃទៀត នៅ​ប្រទេស​ឥណ្ឌា ដើម្បីឱ្យ​កិច្ចសហប្រតិបត្តិការ​នេះ​ចាប់ផ្ដើម​ដំណើរការ​ប្រកបដោយ​ផ្លែផ្កា​។​

​លោកស្រី ឆាយ ស៊ីវ​លីន បានឱ្យដឹងថាៈ តាមរយៈ​កម្មវិធី​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍ របស់​ឥណ្ឌា​នេះ សមាគម​ទេសចរណ៍​កម្ពុជា និង​ក្រុមហ៊ុន​ទេសចរណ៍ ទីភ្នាក់ងារ​ទេសចរណ៍ របស់​កម្ពុជា បានធ្វើ​បច្ចុប្បន្នភាព ផលិតផល​ទេសចរណ៍​របស់ខ្លួន​ដែរ ដើម្បី​រៀបចំ​លក់​ជូន ភ្ញៀវទេសចរ ដែល​ចង់ទៅ​ទស្សនា នៅ​ប្រទេស​ឥណ្ឌា និង​ក៏មាន​បង្ហាញ​យន្តការ នៃ​ការទំនាក់ទំនង អាសយដ្ឋាន និង​ទីតាំង​គោលដៅ​ទេសចរណ៍ ជូន​គ្នា​ទៅវិញទៅមក​។​

​លោកស្រី បាន​បន្តថាៈ តាមរយៈ​កម្មវិធី​នេះ សមាគម​ទេសចរណ៍​កម្ពុជា រំពឹងថា នឹង​ជួយ​ជំរុញ ការ​ព​ន្លឿ​ន​ការរៀបចំ ឱ្យមាន​ការហោះហើរ​ត្រង់ រវាង​កម្ពុជា និង​ឥណ្ឌា ដើម្បី​ឈានទៅ​ជំរុញ ចលនា​ទេសចរ ពីគ្នា​ទៅវិញទៅមក ឱ្យបាន​ច្រើន ខណៈ​បច្ចុប្បន្ន ភ្ញៀវទេសចរ ត្រូវ​ឆ្លងកាត់ ប្រទេស​ទី​២ សិន ទើប​ទៅដល់​ប្រទេស​ឥណ្ឌា ឬ​មកដល់​ប្រទេស​កម្ពុជា​។​

​ជាមួយគ្នា​នោះ លោក​រដ្ឋមន្ត្រី ថោង ខុន ក៏បាន​ឱ្យដឹង​ដែរ​ថា កម្មវិធី​បង្ហាញផ្លូវ​ទេសចរណ៍ នាពេលនេះ នឹង​ជួយ​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍ នៃ​ប្រទេស​ទាំងពីរ និង​ជួយ​ពង្រឹង កិច្ចសហប្រតិបត្តិការ​របស់​កម្ពុជា​-​ឥណ្ឌា​ឱ្យ​កាន់តែ​រឹងមាំ​។​

​លោក​រដ្ឋមន្ត្រី បង្ហាញ​ការជឿជាក់​ថាៈ ការចូលរួម​របស់​សារព័ត៌មាន បណ្តា​ការី​ទេសចរណ៍ ទីភ្នាក់ងារ​ទេសចរណ៍ សណ្ឋាគារ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ក្នុងឱកាស​នោះ នឹង​រួមចំណែក​បង្កើន​ការផ្សព្វផ្សាយ ពី​គោលដៅ​ទេសចរណ៍ នៃ​ប្រទេស​ទាំងពីរ​បន្ថែមទៀត ធ្វើឱ្យ​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ កាន់តែ​ស្គាល់ និង​យល់ដឹង​បន្ថែមទៀត ជាពិសេស ការពង្រឹង​ការផ្លាស់ប្តូរ​ទៅវិញទៅមក រវាង​ប្រជាជន និង​ប្រជាជន ព្រមទាំង​រំហូរ​ទេសចរ រវាង​ប្រទេស​ទាំងពីរ​។​

​បើតាម​តំណាង​ភាគី​ឥណ្ឌា ក៏មាន​គម្រោង​ចង់​ពង្រីក​ការហោះហើរ មកកាន់​កម្ពុជា ក៏ដូចជា ប្រទេសជិតខាង​ផងដែរ​។ បន្ទាប់ពី​កម្មវិធី​នេះ ភាគី​ឥណ្ឌា នឹង​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល របស់ខ្លួន ដើម្បី​បើក​ឱ្យមាន​ការហោះហើរ ពី​រដ្ឋ​ម៉ា​ឌី​យ៉ា ប្រា​ដេ​ស និង​រដ្ឋ​មួយចំនួនទៀត នៅ​ឥណ្ឌា មកកាន់​ប្រទេស​កម្ពុជា និង​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ដទៃទៀត​៕V/ N