ដោយ​៖​ដេប៉ូ / ភ្នំពេញ​៖ នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​សត្វ​ត្មាត​បី​ប្រភេទ​គឺ ត្មាតភ្លើង ត្មាត​ត្នោត និង​ត្មាតផេះ​។ សត្វ​ត្មាត​ជា​ប្រភេទ​សត្វ​ស្លាប​កម្រ និង​ជិត​ផុត​ពូជ​បំផុត ក្នុងប្រទេស​កម្ពុជា​។ សត្វ​ត្មាត​ទាំងបី​ប្រភេទ​នេះ កំពុង​រង​ការគំរាមកំហែង​ដោយសារ​ការបាត់បង់​ទីជម្រក ខ្វះ​ចំណីអាហារ និង​ការបំពុល​ជាដើម​។

​ត្មាត​ត្នោត (slender-billed vulture) មាន​កម្ពស់​ពី ៨១ ទៅ ១០៣ ស​.​ម​.​។ ដងខ្លួន​របស់​វា​មាន​ពណ៌​ខ្សាច់ រីឯ​ក្បាល និង​កវែង​មាន​ពណ៌​ខ្មៅ និង​ចុង​ខ្នង​ពណ៌​ស ហើយ​ពេល​ហើរ​ស្លាបមាន​ពណ៌​ខ្មៅ​។ គេ​ច្រើន​ប្រទះឃើញ​ត្មាត​ត្នោត នៅ​តំបន់​ព្រៃ​ល្បោះ​ភាគ​ឧ​ត្ត​រ​នៃ​ប្រទេស​កម្ពុជា ជាពិសេស​មាននៅ​ក្នុង​ខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី និង​មណ្ឌលគិរី​។ ពួកវា​រស់នៅ និង​ស៊ី​សាកសព​សត្វ​ជា​អាហារ​។ ពូក​វា​មាន​វត្តមាន​ពេញ​មួយឆ្នាំ ហើយ​រដូវ​បន្ត​ពូជ​របស់​ត្មាត​ត្នោត គឺ​ចាប់ពី​ខែតុលា ដល់​ខែឧសភា ក្នុង​មួយ​រដូវ មាន​ពង​កូន​ចំនួន​១​។

​សត្វ​ត្មាត វា​ជា​ប្រភេទ​សត្វ​ស្លាប ដែលមាន​សារៈប្រយោជន៍ ដល់​ប្រព័ន្ធ​អេកូឡូស៊ី​។

​ត្មាតភ្លើង (red-headed vulture) មាន​កម្ពស់​ពី ៧៦ ទៅ ៨៦ ស​.​ម ។ វា​មាន​ដងខ្លួន​ពណ៌​ខ្មៅ ឯ​ក្បាល និង​ជើង​ពណ៌​ក្រហម ហើយ​ភ្លៅ​របស់​វា​មាន​រោម​ពណ៌​ស និង​មាន​ឆ្នូត​ស​តាម​បណ្ដោយ​កណ្ដាល​ស្លាប​ផ្នែក​ខាងក្រោម​។ ញី​មាន​ភ្នែក​ពណ៌​ខ្មៅ និង​ឈ្មោល​មាន​ភ្នែក​ពណ៌​លឿង​។ ទីជម្រក​របស់​វា គឺ​តំបន់​ព្រៃ​ល្បោះ​ដែលមាន​អូរ នៅ​ខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី និង​មណ្ឌលគិរី នៃ​ប្រទេស​កម្ពុជា​។ គេ​ឃើញ​មាន​វត្តមាន​របស់​ត្មាតភ្លើង​ពេញ​មួយឆ្នាំ ហើយ​រដូវ​បន្ត​ពូជ​របស់​ត្មាតភ្លើង​គឺ​ចាប់ពី​ខែតុលា ដល់​ខែឧសភា ក្នុង​មួយ​រដូវ​មាន​ពង​កូន​ចំនួន​១ ។

​ត្មាតផេះ (white-rumped vulture) មាន​កម្ពស់​ពី ៧៥ ទៅ ៨៥ ស​.​ម ។ ត្មាតផេះ​ពេញវ័យ​មាន ស្លាប​ពណ៌​ស ក្បាល និង​ក ពណ៌​ប្រផេះ ហើយ​ដងខ្លួន​មាន​ពណ៌​ខ្មៅ​។ ត្មាតផេះ មាន​ទីជម្រក​នៅ​តំបន់​ព្រៃ​លម្ហ និង​តាម​ជ្រលង​ភ្នំ ភាគច្រើន មាននៅ​ខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី និង​មណ្ឌលគិរី នៃ​ប្រទេស​កម្ពុជា​។ ពួកវា​រស់នៅ និង​ស៊ី​សាកសព​សត្វ​ជា​អាហារ​។ គេ​ឃើញ​មាន​វត្តមាន​របស់​ត្មាតភ្លើង ពេញ​មួយឆ្នាំ ហើយ​រដូវ​បន្ត​ពូជ​របស់​ត្មាតភ្លើង គឺ​ចាប់ពី​ខែតុលា ដល់​ខែឧសភា ក្នុង​មួយ​រដូវ មាន​ពង​កូន​ចំនួន ១ ។

​រួមគ្នា​ការពារ​សត្វ​ត្មាត ដោយ​មិន​បរិភោគ​សាច់សត្វ​ព្រៃ បញ្ឈប់​ការដាក់​អន្ទាក់​សត្វព្រៃ និង​បញ្ឈប់​ការប្រើប្រាស់​ថ្នាំ​បំពុល​សត្វព្រៃ​៕V/ N