ដោយៈ មុនី រ័ត្ន/ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោកស្រី អ៊ុលគូ កូកាហ្វី (Ülkü Kocaefe) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ជាមួយសេចក្តីពេញចិត្តចំពោះមិត្តភាពដ៏ប្រពៃ និងកិច្ចសហប្រតិបត្តិការដ៏ល្អនាពេល បច្ចុប្បន្នរវាងប្រទេសកម្ពុជា និងតួកគី នៅក្នុងឱកាសនៃជំនួបសម្តែងការគួរសមដោយលោកជំទាវឯកអគ្គរដ្ឋទូត កាលពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២២។ នេះបើតាមការបញ្ជាក់របស់លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

អ្នកនាំពាក្យបានបន្តថា លោកស្រីឯកអគ្គរដ្ឋទូតតួកគី បានពាំនាំនូវការសាកសួរសុខទុក្ខ និងសព្វសាធុការពរពីរដ្ឋមន្រ្តីការបរទេស តួកគី ជូនចំពោះលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ហើយលោកឧបនាយករដ្ឋមន្រ្តី បានរំលឹកឡើងវិញអំពីដំណើរទស្សនកិច្ចប្រកបដោយផ្លែផ្ការបស់លោក ទៅកាន់ប្រទេសតួកគី កាលពីពេលថ្មីៗនេះ ក៏ដូចជា ការអញ្ជើញចូលរួមរបស់រដ្ឋមន្រ្តីការបរទេសតួកគី នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញនាពេលកន្លងមក។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូតតួកគី បានកត់សម្គាល់ដោយការពេញចិត្តចំពោះកត្តាវិជ្ជមានមួយចំនួនដែលនឹងត្រួសត្រាយផ្លូវសម្រាប់ការជំរុញទំនាក់ទំនងពាណិជ្ជកម្មដែលនៅមិនទាន់បានឆ្លើយតបនឹងសក្តានុពលនៃប្រទេសទាំងពីរនៅឡើយ មានជាអាទិ៍ ការសម្រេចរបស់រដ្ឋាភិបាលតួកគីក្នុងការបង្កើតការិយាល័យទីប្រឹក្សាសម្រាប់កិច្ចការពាណិជ្ជកម្មប្រចាំស្ថានទូតតួកគីនៅទីក្រុងភ្នំពេញ, ការចូលជាធរមាននៃកិច្ចព្រមព្រៀងស្តីពីការជំរុញ និងការពារការវិនិយោគដោយឈរលើគោលការណ៍បដិការ, ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី ការជៀសវាងការយកពន្ធជាន់គ្នា ក៏ដូចជា កិច្ចប្រជុំលើកទី៣នៃគណៈកម្មការចម្រុះស្តីពីសេដ្ឋកិច្ចដែលនឹងប្រព្រឹត្តទៅនៅកម្ពុជា នៅថ្ងៃទី ១៩-២០ ខែតុលា ឆ្នាំ២០២២។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានបន្តទៀតថា លោកឧបនាយករដ្ឋមន្ត្រី និងលោកស្រីឯកអគ្គរដ្ឋទូតថ្មី ក៏បានពិភាក្សាគ្នាផងដែរអំពីមធ្យោបាយនានាដើម្បីឈានទៅរកវិស័យថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការ និងបានឯកភាពពន្លឿនការបញ្ចប់ឯកសារមួយចំនួនដែលមិនទាន់បានសម្រេចនៅឡើយ ហើយដែលត្រូវការជាចាំបាច់ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី។ លោកមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនឯកអគ្គរដ្ឋទូត អំពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចពិគ្រោះយោបល់នយោបាយលើកទី៣ រវាងប្រទេសកម្ពុជា និងតួកគី នាពេលប៉ុន្មានខែខាងមុខនេះ។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលតួកគី សម្រាប់ជំនួយអភិវឌ្ឍន៍លើវិស័យមួយចំនួន ដូចជា វិស័យអភិវឌ្ឍន៍ជនបទ, អប់រំ, សុខាភិបាល, និងគម្រោងលំនៅឋានដែលអនុវត្តដោយទីភ្នាក់ងារសម្រាប់កិច្ចសហប្រតិបត្តិការ និងសម្របសម្រួលតួកគី (Turkish Cooperation and Coordination Agency-TIKA) នៅស្រុកស្អាង។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងអំពីបញ្ហាប្រឈមនានាដែលកម្ពុជាបានជួបប្រទះ ក្នុងអំឡុងពេលធ្វើជាប្រធានអាស៊ាន ក៏ដូចជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ាន (AMM) លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនាពេលថ្មីៗនេះ ដោយសម្តែងនូវការពេញចិត្តចំពោះលទ្ធផលដែលសម្រេចបានលើសពីការរំពឹងទុករបស់គ្រប់មជ្ឈដ្ឋាន រួមទាំងការចេញផ្សាយសេចក្តីថ្លែងការណ៍រួមផងដែរ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទូត អំពីភាពស្មុគស្មាញនៃវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងកិច្ចខិតខំប្រឹងប្រែងរបស់លោក ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន (5PC) និងជួយមីយ៉ាន់ម៉ាឱ្យវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។

ជុំវិញបញ្ហានេះ លោកស្រីឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះភាពជាប្រធានអាស៊ានរបស់កម្ពុជា និងបានកោតសរសើរដល់កម្ពុជា ជាពិសេសលោកឧបនាយករដ្ឋមន្ត្រី ដែលបានគ្រប់គ្រងសម្របសម្រួលនូវរាល់បញ្ហាក្តៅៗ និងការប្រឈមនានាប្រកបដោយជោគជ័យ នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្រ្ដី ការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនេះ៕