ដោយ​៖​ដេប៉ូ / ទីក្រុង​បាលី​៖ លោក​បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​អប់រំ យុវជន និង​កីឡា ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អប់រំ​ប្រទេស​សមាជិក G20 នៅ​ទីក្រុង​បាលី ប្រទេស​ឥណ្ឌូណេស៊ី នា​ថ្ងៃទី​៣១ ខែសីហា ដល់​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២២ ក្រោម​ប្រធានបទ “​ការស្តារ​ឡើងវិញ​ឱ្យ​ប្រសើរឡើង​សម្រាប់​ទាំងអស់គ្នា Recover Together, Recover Stronger”​។

លោក​បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា

​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួង អប់រំ យុវជន និង​កីឡា បានឱ្យដឹងថាៈ ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អប់រំ​នេះ លោក​បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន បានធ្វើ​បទ​អន្តរាគមន៍​ដោយ​ផ្តោតលើ​ការធ្វើកំណែទម្រង់ និង​ការធ្វើ​បរិវត្ត​កម្ម​ប្រព័ន្ធ​អប់រំ​កម្ពុជា ដែលមាន​អាទិភាព​សំខាន់ៗ​ចំនួន​៨៖
១. ដំណើរការ​សាលារៀន និង​ការ​ស្តារឡើងវិញ​នៃ​ការសិក្សា និង​ការបន្ត​ការសិក្សា​របស់​សិស្ស​។
២. ការធ្វើកំណែទម្រង់​សាលារៀន ដើម្បី​អនុវត្ត​ការគ្រប់គ្រង​តាម​សាលារៀន ប្រកបដោយ​ប្រសិទ្ធភាព​។
៣. ការពង្រឹង​គុណភាព​គ្រូបង្រៀន​។
៤. ការអប់រំ​ឌីជីថល​។
៥. ការអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​។
៦. អភិវឌ្ឍន៍​ជំនាញ​សតវត្សរ៍​ទី​២១ សម្រាប់​យុវជន​។
៧.​ការបង្កើត​មជ្ឈមណ្ឌល​ឧត្តមភាព​នៅ​កម្រិត​ឧ​ត្ត​មសិ​ក្សា​។​
៨. ការពង្រឹង​សមត្ថភាព​ស្ថាប័ន និង​ការកសាង​ប្រព័ន្ធ​អប់រំ​។

​ក្រសួង​អប់រំ បានឱ្យដឹងថាៈ កំណែទម្រង់​វិស័យ​អប់រំ​កម្ពុជា ឆ្លើយតប​ទៅនឹង​អាទិភាព​វិស័យ​អប់រំ​ទាំង​បួន របស់​ប្រទេស​សមាជិក G20 ដែល​រួមមាន គុណភាព​អប់រំ​ជាស​កល ការអប់រំ​ឌីជីថល សាមគ្គីភាព និង​ភាពជា​ដៃគូ និង​តម្រូវ​ការងារ នាពេល​អនាគត​៕V/ N