ដោយៈ សៅ​វ៉ាន់ឌី / ព្រះ​វិហារៈ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កង សៅ​គុណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ បាន​ណែនាំ​ដល់​នាយ​អាវុធហត្ថ នាយរង​អាវុធហត្ថ ពល​អាវុធហត្ថ​គ្រប់រូប ត្រូវ​បន្ត​យកចិត្តទុកដាក់​បង្ក្រាប បទល្មើស​គ្រឿងញៀន និង​បទល្មើស​ព្រហ្មទណ្ឌ​គ្រប់​ប្រភេទ នៅតាម​មូលដ្ឋាន​ឈរជើង​របស់ខ្លួន​ឱ្យមាន​ប្រសិទ្ធិភាព ស្របតាម​តួនាទី ភារកិច្ច​របស់ខ្លួន​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កង សៅ​គុណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ

​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ បាន​ណែនាំ​ដូច្នេះ នៅ​រសៀល​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២២ ក្នុងពេល​លោក​ចូលរួម​ក្នុង​ពិធី​បំពាក់​ឋានន្តរស័ក្តិ​ជូន​យោធិន នៃ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ ចំនួន ១៥ នាក់​។

​ជាមួយគ្នានេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ បាន​ជំរុញ​ណែនាំ ដល់​នាយ​អាវុធហត្ថ និង​ពល​អាវុធហត្ថ​គ្រប់រូប ពិសេស​អាវុធហត្ថ​ដែល​ទទួលបាន​ការបំពាក់​ឋានន្តរ​ស​ក្កិ​នៅពេលនេះ ត្រូវ​យកចិត្តទុកដាក់ អនុវត្តន៍​តួនាទី ភារកិច្ច​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ និង​ត្រូវមាន​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​អង្គភាព​ឱ្យបាន​ល្អ ពិសេស​ត្រូវ​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស នៅតាម​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព រួមមាន បទល្មើស​គ្រឿងញៀន បទល្មើស​ព្រហ្មទណ្ឌ​គ្រប់​ប្រភេទ ក៏ដូចជា​បទល្មើស​ធន​ធាន​ធម្មជាតិ​។

​លោក​បាន​បញ្ជាក់ថាៈ យោធិន​នៃ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ ដែល​ត្រូវ​បំពាក់​ឋានន្តរស័ក្តិ​នៅពេលនេះ មាន​ចំនួន​១៥​នាក់ ក្នុងនោះ​ថ្នាក់​វរសេនីយ៍ទោ ចំ​នួ​៤​នាក់ និង​ថ្នាក់​វរសេនីយ៍ត្រី ចំនួន​១១​នាក់​៕V/ N