ដោយ​: ភ្នំ​ខៀវ / បាត់ដំបងៈ អាជ្ញាធរ ជាមួយ​មន្ត្រី​ជំនាញ​ផ្នែក​ការពារ​អ្នកប្រើប្រាស់ និង​ការប្រកួតប្រជែង (​ក​.​ប​.​ប​.) នៅ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២២ នេះ បាន​សហការគ្នា ចុះ​ត្រួតពិនិត្យ​គុណភាព​ចំណីអាហារ ស្វែងរក​សារធាតុ​គីមី​ហាមឃាត់ ទៅលើ​ផលិតផល​ជាច្រើន ជាពិសេស​ណែម​សាច់​ត្រី ដែល​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាត់ដំបង បាន​ផលិត​ដើម្បី​លក់ដូរ​ចែកចាយ​ក្នុង​ទីផ្សារ​ក្នុង និង​ក្រៅ​ខេត្ត​។

​ក្នុងឱកាស​នេះ លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង បាន​អំពាវនាវ​ដល់​បងប្អូន​អ្នក​ផលិត​ណែម​ក្នុង​ខេត្ត​ទាំងអស់ ត្រូវ​ចៀសវាង​ជាដាច់ខាត រាល់​ការដាក់​លាយ​នូវ​សារ​ធាតុគីមី​ហាមឃាត់​នៅក្នុង​ផលិតផល​នីមួយៗ ដែល​ប្រការនេះ​អាច​នាំឱ្យ​ប៉ះពាល់​ខូច​កេរ្តិ៍ឈ្មោះ​ផលិតផល ក្នុង​ខេត្តបាត់ដំបង​យើង​ទាំងមូល​។

​លោក​បាន​បន្តថាៈ ការចុះ​ត្រួតពិនិត្យ​គុណភាព​ចំណីអាហារ​នេះ មន្ត្រី​ជំនាញ នឹង​បន្ត​ចុះ​អនុវត្ត​ជា​បន្តបន្ទាប់​ទៀត ដើម្បី​ពិនិត្យ​លើ​ផលិតផល​ទាំងឡាយ ដែល​បាន​ផលិត និង​ដាក់លក់​នៅលើ​ទីផ្សារ​មិន​ចំពោះតែ​លើ​ទីតាំង​លក់ដូរ​ឡើយ ចំពោះ​ទីកន្លែង​ផលិត ក៏​ជំរុញ​ផងដែរ​។ ជាមួយគ្នានេះ បងប្អូន​អ្នកទទួល​យកទៅលក់​ប​ន្ត ក៏​ទាមទា​ឲ្យ​បានដឹង និង​ស្គាល់​ចំពោះ​ប្រភពដើម​នៃ​ទំនិញ ងាយស្រួល​មន្ត្រី​តាម​ស្រាវជ្រាវ​រក ក្នុងករណី​រកឃើញ​ប្រភព​ផលិត​ណាមួយ​មាន​បញ្ហា មន្ត្រី​ជំនាញ​នឹង​ចុះ​ដល់ទី​តាំង​អប់រំ​ណែនាំ​ឲ្យ​កែតម្រូវ ឬ​ឈានទៅដល់​ការអនុវត្ត​ទៅតាម​វិធានការ​ច្បាប់​តែម្តង​។

​ដោយឡែក ចំពោះ​មន្ត្រី​បច្ចេកទេស ត្រូវ​បង្កើន និង​ពង្រឹង​ការត្រួតពិនិត្យ​គុណភាព​ចំណីអាហារ​នានា សំដៅ​ធានា​សុវត្ថិភាព ផ្តល់នូវ​ទំនុកចិត្ត​ដល់​អ្នកប្រើប្រាស់ អ្នក​ទទួលទាន មាន​ផាសុក​ភាពល្អ​។

​លោក សុខ លូ បានបញ្ជាក់​បន្ថែមថាៈ បន្ទាប់ពី​ពិសោធន៍​ទាំង​ការលក់ដូរ នៅតាម​តាម​ដងផ្លូវ ទាំង​ការផលិត​នី​តាម​ផ្ទះ និង​សហគមន៍​ជាច្រើន​ទីតាំង​រួចមក ឃើញថា ណែម​ត្រី​ដែល​ផលិត​ចេញពី​ខេត្តបាត់ដំបង មិនមាន​សារធាតុ​គីមី​ហាមឃាត់​ឡើយ ដូចនេះ​រាល់​អតិថិជន​ទាំងអស់ អាច​ហូប​បាន​ដោយ​ការជឿជាក់​៕V/ N