​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ក្រសួងមហាផ្ទៃ បានស្នើ​ឲ្យ​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល ចុះ​ស្រាវជ្រាវ ពិនិត្យ និង​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី រវាង​ប្រជាពលរដ្ឋ​ជាមួយ​លោក ម៉ឹង យូ​ឡេង ប្រធាន​ធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តកណ្តាល ដោយ​ផ្អែកលើ​គោលការណ៍​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត ដែលមាន​ចែង​ជា​ធរមាន​។ ការស្នើ​ឲ្យ​ចុះ​ស្រាវជ្រាវ ពិនិត្យ និង​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​នេះ គឺ​បាន​ធ្វើឡើង បន្ទាប់ពី​មាន​ចំណារ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។

​ប្រជាពលរដ្ឋ បាន​ប្តឹង​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តកណ្តាល ដោយបាន​ចោទប្រកាន់ថា បាន​រំលា​ភយ​កដី​លំនៅដ្ឋាន​របស់ខ្លួន ដែល​បានរស់នៅ​គ្រប់គ្រង​លើដី​នេះ​ជិត ៤០​ឆ្នាំ​មកហើយ​។

លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តកណ្តាល

​ប្រជាពលរដ្ឋ​ម្ចាស់​ដី បានដាក់​ពាក្យស្នើសុំ​អន្តរាគមន៍​ពីស​ម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដោយ​សុំ​អន្តរាគមន៍​ទៅ​រដ្ឋបាល​ខេត្តកណ្តាល ព​ន្លឿ​ន​ដោះស្រាយ​ទំនាស់​ដីធ្លី ជាមួយ​លោក ម៉ឹង យូ​ឡេង ដែល​បាន​រំលោភបំពាណ​យក​ដី​របស់គាត់ ដែល​បាន​កាន់កាប់​តាំងពី​ឆ្នាំ​១៩៨៤ រហូតមកដល់​បច្ចុប្បន្ន អស់​រយៈពេល ៣៨​ឆ្នាំ ដែលមាន​ទំហំ​ដី​ទទឹង ២០ ម៉ែត្រ និង​បណ្តោយ ២០ ម៉ែត្រ ស្ថិតក្នុង​ភូមិ​ព្រែក​ហូរ​កើត សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។

​បន្ទាប់ពី​ទទួលបាន​ពាក្យស្នើសុំ​អន្តរាគមន៍ សម្តេច​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចំណារ​ឲ្យ​ស្រាវជ្រាវ ពិនិត្យ និង​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី រវាង​ប្រជាពលរដ្ឋ​ជាមួយ​លោក ម៉ឹង យូ​ឡេង ។

​ពាក់ព័ន្ធ​ករណី​ទំនាស់​ដីធ្លី​នេះ លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២២ បានធ្វើ​លិខិត​ជម្រាប​ទៅ​លោក គង់ សុ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល ឲ្យ​ចាត់ចែង​ឲ្យ​មាន​ការចុះ​សិក្សា​ស្រាវជ្រាវ ពិនិត្យ និង​ដោះស្រាយ​បញ្ហា​ខាងលើ​ដោយ​ផ្អែកលើ​គោលការណ៍​ច្បាប់ និង លិខិតបទដ្ឋាន​គតិយុត្ត ដែលមាន​ចែង​ជា​ធរមាន រួច​ធ្វើការ​ឆ្លើយតប​ទៅ​សា​ម៉ី​សំណើ​វិញ​។

​គួរ​បញ្ជាក់ថា ប្រជាពលរដ្ឋ ឈ្មោះ សាំង សា​រ៉ុ​ម បានដាក់​ពាក្យបណ្តឹង ប្តឹង​លោក ម៉ឹង យូ​ឡេង រំលោភ​ដី​របស់ខ្លួន ដែលមាន​ទំហំ ២០​ម៉ែត្រ គុណ​នឹង ២០​ម៉ែត្រ ស្ថិតនៅ​ភូមិ​ព្រែក​ហូរ​កើត សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល ជិត ៤០​ឆ្នាំ​មកហើយ តាំងពី​ជំនាន់​លោក ម៉ៅ ភា​រុណ ជា​អភិបាលខេត្ត រហូតមកដល់​លោក គង់ សុ​ភ័​ណ្ឌ នៅតែ​គ្មាន​ដំណោះស្រាយ ទើបបានជា​គាត់ បានដាក់​ពាក្យសុំ​កិច្ច​អន្តរាគមន៍ ទៅ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​ឲ្យ​រដ្ឋបាល​ខេត្តកណ្តាល ព​ន្លឿ​ន​ការដោះស្រាយ​។

​ចំណែក មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកណ្តាល កាលពី​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២២ បានចេញ​លិខិត​បំភ្លឺ​លេខ ០៥០៧ សក​.​កណ ដែលមាន​ខ្លឹមសារ បញ្ជាក់ថាៈ ទីតាំង​ដី​ដែល​លោក សាំង សា​រ៉ុ​ម បាន​អាស្រ័យ​ផល​រស់នៅ​នេះ គឺជា​ទីតាំង​ដែល​បម្រុង​ទុក​អភិវឌ្ឍន៍​ធ្វើ​ស្ថានីយ៍​បូមទឹក​៕V/ N