ដោយៈ បាយ័ន / សៀមរាបៈ រាជរដ្ឋាភិបាល​កម្ពុជា បាន​ផ្ដល់នូវ​ការអនុញ្ញាត​ឲ្យ​ជនបរទេស ឬ​វិនិយោគិន​ស្នាក់នៅ​ក្នុងប្រទេស ស្នើសុំ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ និង​ប្រាសាទ​កោះកែរ រយៈពេល​មួយឆ្នាំ​ម្ដង ដោយ​មិន​បង់ថ្លៃ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​គ្រឹះស្ថាន​អង្គរ នា​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២២ នេះ​។

​សេចក្ដីជូនដំណឹង​ដដែល​នេះ បានបញ្ជាក់​ថាៈ ដើម្បី​ជំរុញ​ទេសចរ​ផ្ទៃក្នុង ក៏ដូចជា​ផ្តល់​ការលើកទឹកចិត្ត​ដល់​ជនបរទេស ដែល​ស្នាក់​នៅក្នុង​កម្ពុជា រាជរដ្ឋាភិបាល បានសម្រេច​អនុញ្ញាត​ផ្តល់ជូន​ដល់​ជនបរទេស​ទាំងអស់ ដែល​បាននិងកំពុង​ស្នាក់នៅ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី ពីរ​ឆ្នាំ​ឡើងទៅ រួមមាន មន្ត្រីការទូត​, វិនិយោគិន​, មន្ត្រី​ធ្វើការ​នៅ​អង្គការ​អន្តរជាតិ​, ជនបរទេស​ធ្វើការ​នៅ​ក្រុមហ៊ុន និង​សហគ្រាស​ឯកជន​គ្រប់​ប្រភេទ​, អ្នកជំនាញការ ធ្វើការ​នៅតាម​ក្រសួង ស្ថាប័នរដ្ឋ និង​ឯកជន រួមទាំង​ក្រុមគ្រួសារ​ដែល​បាន​ស្នាក់នៅ​ជាមួយ អាច​ស្នើសុំ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ និង​ប្រាសាទ​កោះកែរ រយៈពេល​មួយឆ្នាំ​ម្តង ដោយ​មិន​បង់ថ្លៃ ចាប់ពី​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២២ តទៅ​។

​ចំពោះ​បែបបទ នៃ​ការស្នើសុំ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ និង​ប្រាសាទ​កោះកែរ​រយៈពេល​មួយឆ្នាំ​ម្តង ដោយ​មិន​បង់ថ្លៃ អាច​ធ្វើតាម​ប្រព័ន្ធ​អន​ឡាញ (​តាមរយៈ​គេហទំព័រ​គ្រឹះស្ថាន​អង្គរ ឬ​គេហទំព័រ spass.angkorenterprise.gov.kh) ចាប់ពី​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២២ ឬ​មក​ដាក់ពាក្យ​ដោយផ្ទាល់ នៅ​គ្រឹះស្ថាន​អង្គរ ក្នុងពេល​ម៉ោង​ធ្វើការ និង​ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ​លិខិតឆ្លងដែន​ច្បាប់​ថតចម្លង និង​ទិដ្ឋាការ​ស្នាក់នៅ​ក្នុងប្រទេស​ក​ម្ពុ​ជា រយៈពេល​ចាប់ពី ពីរ​ឆ្នាំ​ឡើងទៅ​ចំនួន​មួយច្បាប់ និង​រូបថត ៤​គុណ​៦ រយៈពេល ៦​ខែ​ចុងក្រោយ ចំនួន​មួយ​សន្លឹក​ចាប់​ពីថ្ងៃ​ប្រកាស​នេះ​តទៅ​៕V/ N