ដោយ:បញ្ញាសាស្ត្រ/ភ្នំពេញ:លោក ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារ ជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ នៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Ken O’Flaherty ឯកអគ្គរាជទូតតំណាងសន្និសីទអង្គការសហប្រជាជាតិ ស្តីពី ការប្រែប្រួលអាកាសធាតុលើកទី២៦ (COP26) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក អមដោយគណៈប្រតិភូមកពីស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។ជំនួបបានប្រព្រឹត្តទៅនៅថ្ងៃទី ១ ខែកញ្ញាឆ្នាំ២០២២។

ប្រភពធនាគារជាតិបានឪ្យដឹងនៅក្នុងជំនួបលោក Ken O’Flaherty បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរវាង ស្ថានទូតអង់គ្លេស និងធនាគារជាតិនៃកម្ពុជាកន្លងមក និងមានបំណងបង្កើនកិច្ចសហប្រតិបត្តិការថែមទៀត លើការរួមចំណែកក្នុងកម្មវិធីកាត់បន្ថយការប្រើប្រាស់ថាមពលចេញពីកាបូន និងការពង្រឹងសមត្ថភាពរបស់មន្ត្រីជំនាញរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការវាយតម្លៃផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុចំពោះវិស័យហិរញ្ញវត្ថុ។

លោកទេសាភិបាលរង បានស្វាគមន៍ការរឹតចំណងសហប្រតិបត្តិការរវាងស្ថានទូតអង់គ្លេស និងធនាគារជាតិនៃកម្ពុជាកន្លងមក និងបានជម្រាបជូនពីការគាំទ្រក្នុងកិច្ចការពារបរិស្ថាននិងការប្រែប្រួលអាកាសធាតុរបស់ធនាគារជាតិនៃកម្ពុជា ក៏ដូចជាប្រព័ន្ធធនាគារនៅកម្ពុជា។


លោកបានជម្រាបជូនភ្ញៀវថា ចាប់តាំងពីឆ្នាំ២០១៦មក ធនាគារជាតិនៃកម្ពុជាបានអនុម័តគោលការណ៍របស់វិស័យធនាគារសម្រាប់ការផ្តល់ឥណទានប្រកបដោយចីរភាព សង្គមនិងបរិស្ថាន ដើម្បីឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់ចូលរួមអនុវត្តឱ្យមានសង្គតិភាពនិងប្រសិទ្ធភាព។

ក្រៅពីនេះ ធនាគារជាតិនៃកម្ពុជាក៏បានចូលរួមក្នុងកិច្ចការពារបរិស្ថាននិងការ ប្រែប្រួលអាកាសធាតុក្នុងស្ថាប័នអន្តរជាតិនិងគំនិតផ្តួចផ្តើមជាច្រើន ដូចជា បណ្តាញធនាគារកណ្តាលនិងអាជ្ញាធរត្រួតពិនិត្យសម្រាប់ប្រព័ន្ធហិរញ្ញវត្ថុបៃតង (The Network of Central Banks and Supervisors for Greening the Financial System -NFGS) និងសមាជិកក្រុមការងារបរិយាបន្នហិរញ្ញវត្ថុបៃតង (Inclusive Green Finance Working Group-IGFWG) ជាដើម។

ធនាគារជាតិនៃកម្ពុជាក៏បានសហការជាមួយអង្គការជាច្រើនដូចជា UNESCAP, សម្ព័ន្ធសម្រាប់បរិយាបន្នហិរញ្ញវត្ថុ (AFI) ស្ថានទូតអង់គ្លេស សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ជាដើម ក្នុងកិច្ចការពង្រឹងការចូលរួមផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាព និងការប្រែប្រួលអាកាសធាតុ។ លើសពីនេះ ធនាគារជាតិនៃកម្ពុជា ក៏បានវិនិយោគទុនបម្រុងអន្តរជាតិមួយផ្នែកលើសញ្ញាបណ្ណបៃតងផងដែរ៕សរន