​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រទេស​ក្ស័យធន​ស្រីលង្កា​បាន​យល់ព្រម​លើ​កញ្ចប់​ថវិកា​សង្គ្រោះ​ជាប់​លក្ខខណ្ឌ​ចំនួន ២,៩ ពាន់​លាន​ដុល្លារ​ជា​មួយ​អ្នក​ចរចា​របស់​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១​កញ្ញា ខណៈ​ប្រទេស​កោះ​នេះ​ព្យាយាម​យកឈ្នះ​លើ​វិបត្តិ​សេដ្ឋកិច្ច​ដ៏​អាក្រក់​។​

​កង្វះខាត​ស្បៀងអាហារ ប្រេងឥន្ធនៈ និង​ថ្នាំពេទ្យ ការ​ដាច់​ចរន្តអគ្គិសនី និង​អតិផរណា​ខ្ពស់កប់ពពក​រយៈពេល​ជា​ច្រើន​ខែ បាន​ញាំញី​ប្រទេស​នេះ បន្ទាប់​ពី​ស្រីលង្កា​អស់​ប្រាក់​ដុល្លារ​ដើម្បី​ធ្វើ​ហិរញ្ញប្បទាន សូម្បី​តែ​ការនាំ​ចូល​របស់របរ​ចាំបាច់​បំផុត​។​

​ស្រីលង្កា​បាន​ជំពាក់​បំណុល​បរទេស​ចំនួន ៥១ ពាន់​លាន​ដុល្លារ ហើយ​កាលពី​ខែកក្កដា ក្រុមបាតុករ​ខឹងសម្បា​បាន​សម្រុកចូល​ផ្ទះ​របស់​អតីត​ប្រធានាធិបតី ហ្គោ​តាបា​យ៉ា រ៉ា​ចា​ប៉ាក់​សា (Gotabaya Rajapaksa) ជាហេតុ​នាំ​ឱ្យ​មេដឹកនាំ​រូប​នេះ​ភៀសខ្លួន​ចេញពី​កោះ​នេះ​ហើយ​បាន​ចេញ​លិខិត​លាលែង​ពី​សិង្ហ​បុរី​។​

​ប្រធានាធិបតី​ស្នង​តំណែង​បន្ត​លោក រ៉ានី​ល វី​ក្រ​មេ​ស៊ី​ង (Ranil Wickremesinghe) បាន​និយាយ​អំពី​កិច្ចព្រមព្រៀង IMF ថា​”​នេះ​គឺជា​ជំហាន​ដ៏​សំខាន់​មួយ​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​​របស់​យើង​”​។​

“​ការចាប់ផ្តើម​នឹង​មាន​ការលំបាក​។ ប៉ុន្តែ​យើង​ដឹង​ថា​ខណៈ​យើង​បន្តដំណើរ​ទៅ​មុខ យើង​អាច​បង្កើត​វឌ្ឍនភាព​បន្ថែម​។ វា​ជា​ការប្តេជ្ញា​ចិត្ត​របស់​យើង ដែល​សំខាន់​ខ្លាំង​នៅពេល​នេះ​”​។​

​ជា​បន្ត ក្រុមប្រឹក្សាភិបាល IMF​នឹង​ត្រូវ​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​កម្រិត​បុគ្គលិ​កនេះ​ដែល​ដាក់​លក្ខខណ្ឌ​លើ​រដ្ឋាភិបាល​ស្រីលង្កា​ឱ្យ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ម្ចាស់បំណុល​ដើម្បី​រៀបចំ​រចនា​សម្ពន្ធ​​ប្រាក់កម្ចី​របស់​ខ្លួន​ឡើងវិញ​។​

​ប្រធាន​បេសកកម្ម​របស់ IMF លោក ភី​ត​ធឺ ព្រូ​អឺ (Peter Breuer) បាន​និយាយថា ម្ចាស់បំណុល​ត្រូវ​ការជួយ​ស្រីលង្កា​ដកខ្លួន​ចេញពី “​វិបត្តិ​ដ៏​ជ្រៅ​” ហើយ​ត្រឡប់​ទៅ​បម្រើ​បំណុល​របស់​ខ្លួន​ឡើងវិញ​។​

​លោក​ព្រូ​អឺ​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​បន្ទាប់​ពី​កិច្ច​ពិភាក្សា​រយៈពេល​ប្រាំបួន​ថ្ងៃ​ជាមួយ​អ្នក​តំណាង​រដ្ឋាភិបាល​នៅ​ទីក្រុង​កូឡុំបូ​ថា​”​វា​ពិតជា​ពាក់ព័ន្ធ​នឹង​ម្ចាស់បំណុល​ទាំងអស់​ក្នុង​ការធ្វើការ​ជាមួយ​​ស្រីលង្កា​លើ​ផ្នែក​នេះ​”​។​

“​ប្រសិនបើ​ម្ចាស់បំណុល​មិន​មាន​ឆន្ទៈ​ក្នុង​ការផ្តល់​ការធានា​ទាំងនេះ​ទេ នោះ​ពិតជា​ធ្វើឱ្យ​វិបត្តិ​នៅក្នុង​ប្រទេស​ស្រីលង្កា​កាន់តែ​ផុង​ជ្រៅ ហើយ​នឹង​ធ្វើឱ្យ​ខូច​សមត្ថភាព​សងបំណុល​របស់​ពួកគេ​”​។​

​ប្រទេស​ចិន ដែលជា​អ្នក​ផ្តល់​ប្រាក់​កម្ចី​ទ្វេភាគី​ដ៏​ធំ​បំផុត​របស់​ស្រីលង្កា ដែល​មាន​ចំនួន​ជាង ១០ ភាគរយ​នៃ​ប្រាក់កម្ចី​រហូតមកទល់​ពេលនេះ​មិន​បាន​ផ្លាស់ប្តូរ​ជា​សាធារណៈ​ពី​ការផ្តល់ជូន​របស់​​ខ្លួន​ក្នុង​ការផ្តល់​ប្រាក់កម្ចី​បន្ថែម​ទៀត​ជំនួស​ឱ្យ​ការកាត់បន្ថយ​ប្រាក់កម្ចី​មិន​ទាន់​សង​នោះទេ​៕

​បន្ទាប់​ពី​ការខ្វះខាត​ស្បៀងអាហារ​និង​ប្រេង​អស់​ជា​ច្រើន​ខែ ប្រទេស​ស្រីលង្កា​ឥឡូវ​នឹង​ទទួលបាន​ថវិកា​សង្គ្រោះ​ចំនួន ២,៩ ពាន់​លាន​ដុល្លារ​ពី IMF