​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រដ្ឋាភិបាល​ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២​កញ្ញា​បាន​អំពាវនាវ​ឱ្យ​ទីក្រុង​វ៉ាស៊ីនតោន​លុបចោល​ការទប់ស្កាត់​ការនាំចេញ​បច្ចេកវិជ្ជា​របស់​ខ្លួន​បន្ទាប់ពី​ក្រុមហ៊ុន​​ផលិត​បន្ទះ​ឈីប​ដែល​មាន​មូលដ្ឋាន​នៅរ​ដ្ឋ​កាលីហ្វ័​រញ៉ា Nvidia បាន​និយាយថា ផលិតផល​ថ្មី​អាច​នឹង​ត្រូវ​ពន្យារ​ពេល ហើយ​ការងារ​មួយចំនួន​អាច​ត្រូវបាន​រើ​ចេញ​ពី​ប្រទេស​ចិន​។​

​រឿងរ៉ាវ​ចុងក្រោយ​បំផុត​នេះ​បាន​បន្ថែម​ភាព​តានតឹង​រវាង​សហរដ្ឋ​អាម៉េរិក​និង​ចិន​លើ​ផ្នែក​បច្ចេកវិជ្ជា​និង​សន្តិសុខ​។ ក្រុមមន្ត្រី​អាម៉េរិក​និយាយថា ពួកគេ​ត្រូវតែ​រឹតត្បិត​ចែកចាយ​បច្ចេកវិជ្ជា ដែល​អាច​ប្រើ​សម្រាប់​ផលិត​អាវុធ​។​

​ក្រុមហ៊ុន Nvidia បាន​និយាយថា ខ្លួន​ត្រូវបាន​ប្រាប់​កាលពី​សប្តាហ៍​មុន​ថា ខ្លួន​ត្រូវការ​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល​អាម៉េរិក​ដើម្បី​នាំចេញ​ផលិតផល​ណាមួយ​ដែល​មាន​ប្រព័ន្ធ​ដំណើរការ​ស្មើ​នឹង​បន្ទះ​ឈីប​​កម្រិត​ក្រាហ្វិក A100​របស់ខ្លួន ឬ​ប្រសើរ​ជាង​នេះ​ទៅកាន់​ប្រទេស​ចិន ហុងកុង ឬ​រុស្ស៊ី​។ ក្រុមហ៊ុន​បាន​និយាយថា អ្នកទិញ​បន្ទះ​ឈីប A100 និង​ការអភិវឌ្ឍ​បន្ទះ​ឈីប​ថ្មី H100 អាច​រង​ផលប៉ះពាល់​។​

​ប៉ុន្តែ​នៅក្នុង​ការ​លាតត្រដាង​ដែល​បាន​កែប្រែ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដល់​និយតករមូ​លបត្រ​អាម៉េរិក ក្រុមហ៊ុន​បាន​និយាយថា​រដ្ឋាភិបាល​អាម៉េរិក​នឹង​ផ្តល់​ការបន្ធូរបន្ថយ​មួយចំនួន​ដោយ​អនុញ្ញាត​ឱ្យ​នាំ​​ចេញ​បន្ទះ​ឈីប​មួយចំនួន ដែល​អាច​ឱ្យ Nvidia បន្ត​ផ្គត់ផ្គង់​បន្ទះ​ឈី​បដល់​អតិថិជន​អាម៉េរិ​ករហូ​តដល់​ខែ​មីនា​។​

​បន្ទះ​ឈីប​កម្រិត​ខ្ពស់​ត្រូវបាន​រចនា​ឡើង​ដើម្បី​ជួយផ្តល់​ថាមពល​ដល់​មជ្ឈមណ្ឌល​ទិន្នន័យ និង ឱ្យ​កម្មវិធី​បញ្ញា​សិប្បនិម្មិត (AI)​ដំណើរការ​។ ការ​រឹតបន្តឹង​នេះ​មិន​ប៉ះពាល់​ដល់​ផលិតផល​ល្បី​របស់ Nvidia ដែល​ប្រើ​ក្នុង​វីដេអូ​ហ្គេម​និង​បច្ចេកវិជ្ជា​រថយន្ត​នោះ​ទេ​។​

​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈីប​របស់​អាម៉េរិក​មួយទៀ​ត​ឈ្មោះថា Advanced Micro Devices និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ខ្លួន​ក៏​ទទួលបាន​លក្ខខណ្ឌ​តម្រូវ​អំពី​អាជ្ញាប័ណ្ណ​ថ្មី​ពី​ក្រសួង​ពាណិជ្ជកម្ម​អាម៉េរិក​​ផងដែរ ដោយ​រារាំង​ការនាំ​ចេញ​ឧបករណ៍​ប្រព័ន្ធ​ដំណើរការ​ក្រាហ្វិក​កម្រិត​ខ្ពស់​មួយ​ចំនួន​ទៅកាន់​ចិន​និង​រុស្ស៊ី​។ ប៉ុន្តែ AMD បាន​និយាយថា​វា​មិន​ទំនង​បណ្តាល​ឱ្យ​មាន​ការពន្យារ​ពេល​នៃ​ការអភិវឌ្ឍ​ផ​លិ​​ត​ផល ឬ​មាន​ផលប៉ះពាល់​ខាង​សម្ភារៈ​ដល់​អាជីវកម្ម​របស់​ខ្លួន​នោះទេ​៕

​ភ្ញៀវ​ទស្សនា​ឈប់​នៅ​ស្តង់​របស់ Nvidia​នៅ​វេទិកា​បច្ចេកវិជ្ជា​សេវាកម្ម Cloud ប្រចាំឆ្នាំ ដែល​រៀបចំ​ដោយ Alibaba Group នៅ​ទីក្រុង​ហាង​ចូ​វ ក្នុង​ខេត្ត​ចឺ​ជាំង ភាគ​ខាងកើត​ប្រទេស​ចិន កាលពី​ថ្ងៃ​អង្គារ ទី​១៩ ខែតុលា ឆ្នាំ ២០២១