សមិទ្ធផល​សំខាន់​ចំនួន​ពីរ​នឹងធ្វើ​ឲ្យ​ប្រសើរឡើង​នៃ​វិស័យ​ពាណិជ្ជកម្ម​ក្នុង​ខេត្តរតនគិរី

1223
ចែករម្លែក

ដោយ : ពៅ និមល​ / ​ភ្នំពេញ ៖ ក្នុងការ​ចូលរួម​លើកកម្ពស់​ប្រសិទ្ធភាព​ការផ្តល់សេវា​សាធារណៈ​នៅ​ថ្នាក់ក្រោម​ជាតិ និង​ជួយ​សម្រួល​ប្រជាកសិករ​និង​ពាណិជ្ជករ​ក្នុងការ​នាំចេញ​កសិផល​តាម​ច្រកព្រំដែន នៃ​តំបន់​ភូមិភាគ​ឦសាន (​ខេត្តរតនគិរី​) នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៨​នេះ ក្រសួងពាណិជ្ជកម្ម​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​រដ្ឋបាល​ថ្មី​០១​ខ្នង របស់​មន្ទីរ​ពាណិជ្ជក​ម្ម​ខេត្ត ដំណាលគ្នា​ជាមួយ​ការធ្វើប្រតិភូកម្ម​សេវា​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ ស៊ីអូ (CO) ទម្រង់​ឌី (D) ថែមទៀត​។​
​ ​
​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានលើកឡើង​ក្នុង​ពិធី​ថា អគារ​ថ្មី​នេះ​មាន​សាលប្រជុំ​ធំ និង​បំពាក់​ដោយ​ម៉ាស៊ីនត្រជាក់ នឹង​ផ្តល់​កម្លាំងចិត្ត​ដល់​មន្ត្រី​ក្នុងការ​បំពេញការងារ​កាន់តែ​សកម្ម​ជាង​មុន ដើម្បី​បង្ខិត​សេវាសាធារណៈ​ឲ្យ​បាន​ដល់​ប្រជាពលរដ្ឋ ហើយ​កា​ររ​ធ្វើ​ប្រតិភូ​កម្មសិទ្ធិ​ចេញ ស៊ីអូ ទម្រង់ ឌី នឹង​ជួយ​កាត់បន្ថយ​បាតុភាព​អសកម្ម​ផ្សេងៗ ដែល​រាំងស្ទះ​ដល់​ការនាំចេញ​កសិផល​ជាយថាហេតុ និង​លើកកម្ពស់​ការផ្តល់សេវា​សាធារណៈ​កាន់តែ​មាន​ប្រសិទ្ធភាព​និង​តម្លាភាព​ជាង​មុន​។​
​ ​
​លោក​រដ្ឋមន្ត្រី​បានស្នើ​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម ធ្វើ​សហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ នូវ​កម្មវិធី​កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល និង​គោលនយោបាយ​របស់​ក្រសួង ព្រមទាំង​អំពាវនាវ​ដល់​ផលិតករ និង​ពាណិជ្ជករ មក​ទទួលយក​សេវារ​ចេញ ស៊ីអូ ទម្រង់​ឌី នៅ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ដើម្បី​សន្សំ​ថវិកា​និង​ពេលវេលា​ក្នុងការ​នាំចេញ​កសិផល​ទៅកាន់​ប្រទេស​វៀតណាម និង​ឡាវ​ចាប់ពី​ថ្ងៃនេះ​តទៅ​។​
​ ​
​ស្របគ្នា​នេះដែរ លោក ថង សាវុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​រតនគិរី បានចាត់ទុក​អគារ​រដ្ឋបាល​ថ្មី​របស់​មន្ទីរ​ពាណិជ្ជក​ម្ម​នេះ​ជា​មោទនភាព និង​សមិទ្ធផល​ដ៏​មាន​សារៈសំខាន់​ដែល​បង្ហាញ​ពី​វឌ្ឍនភាព​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខេត្ត​ដំណាលគ្នា​នឹង​វិស័យ​ផ្សេងៗ​ទៀត ដែល​កំពុងតែ​បោះជំហាន​ឆ្ពោះទៅ​មុខជា​លំដាប់​។

​ក្នុង​ឆ្នាំ​២០១៧​កន្លងទៅ ការនាំចេញ​របស់​កម្ពុ​ជា​នៅក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ទៅកាន់​ទីផ្សារ​បរទេស បាន​កើន​ឡើងដល់​១១,១៥៣​លាន​ដុល្លារ​អាមេរិក ស្មើនឹង​ជាង​១៨​ភាគរយ បើ​ធៀប​ឆ្នាំ​២០១៦ ដែលមាន​ទឹកប្រាក់​ត្រឹមតែ​៩,៤២១​លាន​ដុល្លារ​អាមេរិក​។ ដោយឡែក ការនាំចេញ​តាមរយៈ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់ ឌី ទៅកាន់​ទីផ្សារ​តំបន់​អាស៊ាន​បាន​កើនឡើង​ប្រមាណ​៦៦​ភាគរយ គឺ​ពី​ទឹកប្រាក់ ៧២៨​លាន​ដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំ​២០១៦ រហូតដល់​១,២១៤​លាន​ដុល្លារ​អាមេរិក នៅក្នុង​ឆ្នាំ​២០១៧៕B

 

​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​រដ្ឋបាល​ថ្មី​របស់​មន្ទីរ​ពាណិជ្ជក​ម្ម​ខេត្តរតនគិរី (​រូបថត ក្រសួង​)

ទីតាំងផ្សាយពាណិជ្ជកម្ម