ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ទីប្រឹក្សា​សន្តិសុខ​ជាតិ​កូរ៉េខាងត្បូង​បានបញ្ជាក់​ថា​រូបលោក​និង​សម​ភាគី​មកពី​អាម៉េរិក​រួម​ទាំង​ជប៉ុន​បាន​យល់ស្រប​គ្នា​ថា​នឹង​មិន​ឆ្លើយតប​បែប​ទន់ៗ​ទេ បើសិនជា​កូរ៉េ​​ខាងជើង​ធ្វើ​ការសាកល្បង​នុយក្លេអ៊ែ​រ នេះ​បើ​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​យ៉ុន​ហាប់​កាលពី​ថ្ងៃ​សុក្រ​ទី​០២​កញ្ញា​។​

​លោក​គីម ស៊ុង​ហាន​(Kim Sung-han)​បានបញ្ជាក់​ដូច្នេះ​បន្ទាប់​ពី​មាន​ការជួប​ពិភាក្សា​ជាមួយ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាម៉េរិក​លោក ជេ​ក ស៊ុល​លី​វ៉ាន​(Jake Sullivan)​និង​លោក អាគី​បា តា​កេអុ​(Akiba Takeo )​មក​ពី​ជប៉ុន​នៅ​កោះ​ហា​វ៉ៃ ចំ​ពេល​មាន​សញ្ញា​កាន់តែ​ច្បាស់​ថា កូរ៉េ​ខាងជើង​បាន​ត្រៀម​រួចរាល់​សំរាប់​ការសាកល្បង​នុយក្លេអ៊ែរ​លើកដំបូង​របស់​ខ្លួន​ចាប់តាំងពី​ឆ្នាំ​២០១៧​។​

​យោង​តាម​យ៉ុន​ហាប់ លោក​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​«​បើ​កូរ៉េខាងជើង​ធ្វើ​ការសាកល្បង​នុយក្លេអ៊ែរ​លើក​ទី​ប្រាំពីរ​របស់ខ្លួន ប្រទេស​យើង​ទាំងបី រួម​ជាមួយ​សហគមន៍​អន្តរជាតិ នឹង​ពង្រឹង​កិច្ច​សហ​​ការ​តាម​វិធី​មួយ​ដែល​ធ្វើអោយ​កូរ៉េខាងជើង​ដឹងខ្លួន​ថា​ការសាកល្បង​ដូច្នេះ​ជា​ជំរើស​ខុសឆ្គង​ពិតប្រាកដ​មួយ​។​យើង​បាន​យល់ស្រប​គ្នា​ថា​លែង​មាន​ការ​គិត​ឬ​ចម្លើយតប​ស្រួល​ណាមួយ​ទៀត​ហើយ​បើសិនជា​កូ​​រ៉េ​ខាងជើង​ធ្វើ​ការសាកល្បង​មួយលើកទៀត​»​។​

​សូមបញ្ជាក់​ថា រដ្ឋ​ឯកោ​កូរ៉េ​ខាងជើង​បាន​ធ្វើការសាកល្បង​កាំ​ជ្រួច​ក្នុង​ល្បឿន​ញឹកញាប់​បំផុត​នៅ​ឆ្នាំ​នេះ​និង​ធ្លាប់​បាន​សាកល្បង​នុយក្លេអ៊ែរ​ប្រាំមួយ​លើក​មក​ហើយ​។​កាលពី​ពាក់កណ្តាល​ខែ​សីហា កូរ៉េ​ខាង​​ជើងបាន​បាញ់​កាំជ្រួច​បណ្តែត​ពីរ​ដើមចេញពី​ឆ្នេរ​ខាងលិច​របស់​ខ្លួន​បន្ទាប់​ពី​កូរ៉េ​ខាងត្បូង​និង​អាម៉េរិក​បន្ត​សមយុទ្ធ​យោធា​រួម​គ្នា​ទ្រង់ទ្រាយ​ធំ​បំផុតបើ​ធៀប​នឹង​សមយុទ្ធ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​

​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង បាន​និយាយថា​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​ទំនងជា​នឹង​ត្រូវ​ដាក់​ទណ្ឌកម្ម​បន្ថែម​និងកាន់តែ​ខ្លាំងឡើង ក្នុង​បំណង​ទប់ស្កាត់​ការវាយប្រហារ​តាម​អ៊ីនធឺណិត​ដែល​ជាប្រ​​ភព​រក​ចំណូល​សំខាន់​មួយ​បើសិនជា​ប្រទេស​នេះ​នៅតែ​បន្ត​ផែនការ​សាកល្បង​នុយក្លេអ៊ែ​រ​៕

ទីប្រឹក្សា​សន្តិសុខ​ជាតិ​កូរ៉េខាងត្បូង​លោក​គីម ស៊ុង​ហាន​