ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (VNExpress) ៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១​កញ្ញា ក្រុមអធិការកិច្ច​អង្គការសហប្រជាជាតិ​បាន​មក​ដល់​ទីតាំង​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ដែល​កាន់កាប់​ដោយ​រុស្ស៊ី​ដែលជា​​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ធំ​បំផុត​របស់​អឺរ៉ុប កន្លែង​ដែល​ការបាញ់​ផ្លោង​នៅក្បែរនោះ​បាន​បង្កឱ្យមាន​ការស្តីបន្ទោស​គ្នា​ដ៏​ជូរ​ចត់​និង​ការបារម្ភ​ជា​សកល​អំពី​គ្រោះមហន្តរាយ​។​

​ក្រុម​បេសកកម្ម​របស់​ទីភ្នាក់ងារ​ថាមពល​អា​តូ​ម៉ិក​អន្តរជាតិ (IAEA) បាន​មក​ដល់​ទីក្រុង​ហ្សា​ផូ​រី​ហ្ស​ហ្សា (Zaporizhzhia) ភាគខាងត្បូង ដែល​មាន​ចម្ងាយ ៥៥ គីឡូម៉ែត្រ​ពី​រោងចក្រ​កាលពី​ថ្ងៃ​ពុធ ហើយ​ក្រសួងការពារជាតិ​អ៊ុយ​ក្រែន​បាន​និយាយថា ក្រុម​បេសកកម្ម​នេះ​គ្រោង​ចុះទៅពិនិត្យ​រោងចក្រ​នេះ​នៅ​ថ្ងៃ​ព្រហស្បតិ៍​។​

​ទោះបីជា​មន្ត្រី​បន្តុប​ដោយ​រុស្សី​បាន​លើកឡើងថា​ក្រុម​នេះ​នឹង​មាន​ពេល​តែ​មួយ​ថ្ងៃ​ដើម្បី​ត្រួតពិនិត្យ​ទីតាំង​រោងចក្រ​ក៏ពិតមែន ក៏ប៉ុន្តែ IAEA​បាន​ត្រៀម​ចុះ​ពិនិត្យ​យូរ​ជាង​នេះ​។​

​ប្រធាន IAEA លោក រ៉ា​ហ្វា​អែល ហ្គ្រោ​សស៊ី (Rafael Grossi) បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​ហ្សា​ផូ​រី​ហ្ស​ហ្សា ថា “​ប្រសិនបើ​យើង​អាចបង្កើត​វត្តមាន​អចិន្ត្រៃយ៍​ឬ​វត្ត​មាន​ជា​បន្ត​នោះ​វា​នឹង​​អូស​បន្លាយពេល​យូរ​។ ប៉ុន្តែ​ការចុះពិនិត្យ​ផ្នែក​ទី​មួយ​នេះ​នឹង​ចំណាយ​ពេល​តែ​ពីរ​បី​ថ្ងៃ​ប៉ុណ្ណោះ​”​។​

​លោក​បាន​បន្ថែមថា “​វា​ជា​បេសកកម្ម​ដែល​ស្វះស្វែង​ទប់ស្កាត់​គ្រោះថ្នាក់​នុយក្លេអ៊ែរ​”​។​

​ប៉ុន្តែ​ខណៈ​អ៊ុយ​ក្រែន​មើលឃើញ​ថា​អធិការកិ​ច្ច​នេះ​ជា​ជំហាន​ឆ្ពោះទៅរក “​ការដកចេញ​ការកាន់កាប់​និង​ការ​ដែល​គ្មាន​យោធា​” លើ​ទីតាំង​រោងចក្រ​នេះ រុស្ស៊ី​បាន​និយាយថា​ខ្លួន​មិន​មាន​ចេតនា​​ដក​កងកម្លាំង​របស់​ខ្លួន​សម្រាប់​ពេល​នេះ​ទេ ដោយ​បង្កើត​សក្តានុពល​សម្រាប់​ភាព​សាហាវឃោរឃៅ​បន្ថែមទៀត​។​

​រដ្ឋមន្ត្រី​ថាមពល​អ៊ុ​យក្រែន លោក ជើ​មែន ហ្គាលូ​សឆិន​កូ (German Galushchenko) បាន​និយាយថា “​ប្រសិន​បើ​ពួកគេ (IAEA) បង្កើត​របាយការណ៍​អំពី​ការរំលោភបំពាន​ហើយ​ផ្តល់​វា​ឱ្យ​​ទៅ​អ៊ុយ​ក្រែន​ដើម្បី​ជួសជុល​ពួកវា យើង​នឹង​មិន​អាច​ធ្វើ​វា​បាន​ទេ ដរាបណា​យោធា​រុស្ស៊ី​ស្ថិតនៅ​ទីនោះ​”៕

​ឡាន​អ​.​ស​.​ប​ដឹក​អ្នក​ជំនាញ​របស់ IAEA មក​ពិនិត្យ​រោងចក្រ​នុយក្លេអ៊ែរ​ក្នុង​ទីក្រុង​ហ្សា​ផូ​រី​ហ្ស​ហ្សា