​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ប្រទេស​ថៃ ដែល​គេ​ហៅថា “​ទឹកដី​នៃ​ស្នាមញញឹម​” កំពុង​រៀបចំ​កម្រាលព្រំ​ក្រហម​សម្រាប់​ពលករ​បរទេស​ដែល​មាន​ជំនាញ​ខ្ពស់​ដោយ​ចូលរួម​ជាមួយ​បណ្តា​​ប្រទេស​មួយចំនួន​ដែល​កំពុង​ស្វែងរក​ការប្រើប្រាស់​ផ្លូវ​អន្តោប្រវេសន៍​ដើម្បី​បង្កើន​សេដ្ឋកិច្ច​របស់​ពួកគេ​។​

​អ្នកជំនាញ​កំពូលៗ បុគ្គល​ដែល​មាន​ទ្រព្យសម្បត្តិ​សុទ្ធ​ខ្ពស់​និង​អ្នក​ចូលនិវត្តន៍ អាច​ចាប់ផ្តើម​ដាក់ពាក្យ​តាម​អ៊ីនធឺណិត​ចាប់ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១​កញ្ញា ដើម្បី​ស្នាក់​នៅក្នុង​ប្រទេស​ថៃ​រយៈពេល ១០ ឆ្នាំ នេះ​បើ​យោង​តាម​លោក ឆា​យ៉ូ​ទិត គ្រី​ដាកន (Chayotid Kridakon)​ទីប្រឹក្សា​នាយក​រដ្ឋមន្ត្រី​ថៃ​។​

​លោក​បាន​និយាយ​នៅក្នុង​ព្រឹត្តិការណ៍​មួយ​នៅ​ទីក្រុង​បាងកក​ថា​រដ្ឋាភិបាល​បាន​កំណត់​គោលដៅ​ទាក់ទាញ​ជនបរទេស​ដែល​មាន​ទ្រព្យសម្បត្តិ​ឬ​មាន​ទេពកោសល្យ​ចំនួន​១​លាន​នាក់​មកកាន់​ប្រទេស​​នេះ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ខាងមុខ​។​

​កម្មវិធី​ទិដ្ឋាការ​ថ្មី ដែល​បាន​បង្ហាញ​កាលពី​ជាង​មួយ​ឆ្នាំ​មុន​និង​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ពុធ​ទី​៣១​សីហា​គឺ​ព្យាយាម​ពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​ក្រោយ​ជំងឺ​រាតត្បាត​ដើម្បី​ស្វាគមន៍​ភ្ញៀវទេសចរ​​មក​កាន់​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ កន្លែង​ដែល​វិស័យ​ទេសចរណ៍​បាន​រួមចំណែក​ប្រហែល ១២ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​។​

​ចំណាត់ការ​ដើម្បី​ទាញ​យក​ទេពកោសល្យ​ពី​ទី​ឆ្ងាយ ត្រូវ​ធ្វើឡើង​ដោយ​ប្រទេស​មួយ​ចំនួន​រួម​ទាំង​សិង្ហ​បុរី​និង​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​។​វា​ត្រូវ​គេ​មើលឃើញ​ថា​បាន​ជួយ​បន្ថែម​តម្លៃ​ដល់​សេដ្ឋកិច្ច​ដែល​រំពឹង​កើនឡើង ៣,៣ ភាគរយ​នៅ​ឆ្នាំនេះ ដែល​ជា​ល្បឿន​យឺត​បំផុត​នៅក្នុង​តំបន់​។​

​លោក​ឆា​យ៉ូ​ទិត​និយាយថា គំនិត​ផ្តួចផ្តើម​អំពី​ទិដ្ឋាការ​១០​ឆ្នាំ​នេះ​អាច​បង្កើត​សកម្មភាព​សេដ្ឋកិច្ច​ស្មើនឹង ១ ទ្រី​លាន​បាត​រៀងរាល់ឆ្នាំ​តាមរយៈ​ការទិញ​ផ្ទះ​និង​ការវិនិយោគ​ដោយ​អ្នករស់នៅ​ថ្មី​ទាំងនោះ​៕

​គំនិត​ផ្តួចផ្តើម​អំពី​ទិដ្ឋាការ​១០​ឆ្នាំ​នេះ​អាច​បង្កើត​សកម្មភាព​សេដ្ឋកិច្ច​ស្មើនឹង ១ ទ្រី​លាន​បាត​រៀងរាល់ឆ្នាំ