​ដោយ​: ពៅ​និមល / ភ្នំពេញ​៖ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម ក្នុងនាម​ជា ប្រធាន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន (AEM Chair) ក្នុង​ឆ្នាំ​២០២២ កាលពី​រសៀល​ថ្ងៃទី​១ ខែកញ្ញា កន្លងទៅ បាន​ដឹកនាំ​កិច្ចប្រជុំ​ពិសេស រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន (ASEAN Economic Ministers’ Special Meeting) តាម​ប្រព័ន្ធ​វីដេអូ​។​

លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្

​កិច្ចប្រជុំ​នេះ មានការ​អញ្ជើញ​ចូលរួម​ដោយ បណ្តា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន គណៈប្រតិភូ នៃ​ប្រទេស​សមាជិក​អាស៊ាន អគ្គលេខាធិការ​អាស៊ាន ព្រមទាំង​មន្ត្រី​លេខាធិការដ្ឋាន​អាស៊ាន ផងដែរ​។​

​ជា​កិច្ច​ចាប់ផ្តើម លោក​រដ្ឋមន្ត្រី ក្នុងនាម​ជា​ប្រធាន​អង្គប្រជុំ បានផ្តល់​មតិ​ស្វាគមន៍ និង​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ ជូន​ចំពោះ​បណ្តា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​ទាំងអស់ អគ្គលេខាធិការ​អាស៊ាន និង​គណៈប្រតិភូ​សមាជិក​អាស៊ាន និង​លេខាធិការដ្ឋាន​អាស៊ាន ដែល​តែងតែ​ផ្តល់នូវ​ការគាំទ្រ​ដល់​កម្ពុជា ក្នុងនាម​ជា ប្រធាន​អាស៊ាន​ប្តូរ​វេន សម្រាប់​ឆ្នាំ​២០២២ ក្រោម​សសរស្តម្ភ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​។

​កិច្ចប្រជុំ​ពិសេស​នេះ មាន​គោលបំណង ដើម្បី​ពិនិត្យ និង​ផ្តល់​អនុសាសន៍​ណែនាំ ដល់​ភាគី ចរចា​ដំឡើង​កម្រិត កិច្ចព្រមព្រៀង​តំបន់​ពាណិជ្ជកម្ម​សេរី អាស៊ាន​-​អូស្ត្រាលី​-​នូ​វែ​ល​សេ​ឡង់ ឱ្យ​បញ្ចប់​តាម​ពេលវេលា ដែល​បានកំណត់ ដែលជា​សមិទ្ធផល​អាទិភាព​សេដ្ឋកិច្ច​មួយ ក្នុងចំណោម​សមិទ្ធផល អាទិភាព​សេដ្ឋកិច្ច​ទាំងឡាយ ដែល​កម្ពុជា បានលើកឡើង ក្រោម​ភាពជា​ប្រធាន​អាស៊ាន​ប្តូរ​វេន ស្ថិតក្រោម​សសរស្តម្ភ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​។

​គួរ​រំលឹក​ផងដែរ​ថា មកដល់​ពេលបច្ចុប្បន្ន​នេះ ការចរចា​ដំឡើង​កម្រិត​ទទួលបាន​លទ្ធផល គួរឱ្យកត់សម្គាល់ និង​សង្ឃឹមថា ឈានទៅ​បញ្ចប់​តាម​ពេលវេលា​កំណត់​។​

​តាម​ការបញ្ជាក់​របស់​ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹងថាៈ តាមរយៈ​កិច្ចប្រជុំ នាពេលនេះ សមាជិក​អង្គប្រជុំ​ទាំងអស់ បាន​ចូលរួម​ផ្លាស់ប្តូរ​មតិយោបល់​យ៉ាងសកម្ម និង​ផ្តល់​ការណែនាំ កម្រិត​គោលនយោបាយ ដល់​មន្ត្រី​ជំនាញ​ចរចារ ដោយ​ធ្វើយ៉ាងណា​បង្ហាញ​នូវ​ភាពបត់បែន ក្នុងការ​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​៕V/N