ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ ក្រុមការងារ​ខេត្ត និង​ក្រុង បាន​បើកទ្វារ​ទឹក និង​ដាក់​គ្រឿងចក្រ អេស្កាវ៉ាទ័រ ចូក​កាយ​រំដោះ​ទឹក ពី​អាង​ពង្រ ស្ថិតនៅ​ភូមិ​ពង្រ និង​ភូមិ​ខ្លា​កូន​ថ្មី សង្កាត់​កំពង់ស្វាយ ពេល​ជំនន់​ទឹកភ្លៀង​ហក់​ឡើង ក្នុងនោះ ក៏មាន​ទឹក​ជ្រាប​មក​លិច​ទីធ្លា​សាលាក្រុង និង​អធិកា​រដ្ឋា​នគរបាល ក្រុង​សិរីសោភ័ណ ផងដែរ​។​

ក្រុមការងារ​ខេត្ត និង​ក្រុង បាន​បើកទ្វារ​ទឹក និង​ដាក់​គ្រឿងចក្រ អេស្កាវ៉ាទ័រ ចូក​កាយ​រំដោះ​ទឹក ពី​អាង​ពង្រ

​ក្រុមការងារ​នោះ ដឹកនាំ​ដោយ​លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលរង​ខេត្តបន្ទាយមានជ័យ និង​លោក ស្រេង សុផល អភិបាលក្រុង​សិរីសោភ័ណ នឹងចូលរួម​ដោយ​សមាជិក​ក្រុមប្រឹក្សា​ក្រុង មន្ត្រីរាជការ ប្រជាពលរដ្ឋ ចុះ​បើកទ្វារ​ទឹក និង​កាយ​បើកមុខ​ទឹក​១​រង្វះ នៅ​ខ្នង​អាង ចំណុច​ប្រឡាយ​ប្រប​នឹង​បង្គោល​ខ្សែ​បញ្ជូន​អគ្គិសនី​តង់ស្យុង​មធ្យម ក្នុងភូមិ​ពង្រ​។ ពោលគឺ ក្នុងចំណោម​ទ្វារ​ទឹកតូច ចំនួន​៣ ដែល ២​ទៀត ត្រូវបាន​ខូច និង​ត្រូវបាន​ប្រែប្រួល ដោយពេល​វេលា និង​ការចាក់ដី​លុប នៅ​ដី​ផ្នែក​ខាងក្រោម​ខ្នង​អាង និង​ខាង​ផ្លូវជាតិ​លេខ​៥៦ ព្រោះ​ជា​ដី​មាន​ម្ចាស់​កម្មសិទ្ធិ​។​

​លោក ស្រេង សុផល អភិបាលក្រុង​សិរីសោភ័ណ បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា នៅ​ថ្ងៃទី​២ ខែកញ្ញា ថា​: ចំពោះមុខ ការរំដោះ​ទឹក​នេះ ពី​អាង​ពង្រ គឺ​ដើម្បី​បន្ធូរ​ធារទឹក នៃ​ជំនន់​ទឹកភ្លៀង ដែល​ហក់​ឡើង​ប៉ុណ្ណោះ​។ ម្យ៉ាង​ដោយសារ បង្កឱ្យមាន​ទឹក​ជ្រាប​មក​លិច​ទីធ្លា​សាលាក្រុង និង អធិការដ្ឋាន​នគរបាល​ក្រុង ដែល​ស្តិ​ត​នៅ​ផ្នែក​ខាងក្រោម ជាប់​ទំនប់​ខ្នង​អាង​ប៉ែក​ខាងត្បូង​។​
​លោក​បាន​បន្តថាៈ នៅពេលណា ទឹក​ស្រក​សមស្រប​ហើយ ក្រុមការងារ នឹង​បិទ ដើម្បី​ស្តុក ទឹក​ទុក បង្ការ​នៅ​រដូវប្រាំង ការស្រោចស្រប​ណាប​ន្លែ និង​សត្វ​ផឹក​។​

​ឯ​លោក ស៊ី ឌី អធិការនគរបាល​ក្រុង​សិរីសោភ័ណ បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា នៅ​ថ្ងៃ ដដែល​នេះ​ថាៈ មកទល់​ព្រឹក​ថ្ងៃទី​២ ខែកញ្ញា នេះ ទឹក​លិច​នៅ​ទីធ្លា​កន្លែងធ្វើការ​ទាំងពី​រ បាន​ស្រក​ហើយ ដោយសារ​កាយ​បង្ហូរ និង​បូម​បញ្ចេញ ។​

​ចំណែក​លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលរង​ខេត្តបន្ទាយមានជ័យ ដែលជា​អតីត​អភិបាលក្រុង​នេះ ជិត​២​អាណត្តិ​នោះ បានឱ្យដឹងថាៈ ស្ថានភាព​ទឹក​ក្នុង​អាង​ពង្រ មិន​បង្ក​ឱ្យ​ប៉ះពាល់​ដល់ ផ្ទះសម្បែង​ពលរដ្ឋ​ទេ តែ​ក៏មាន​ពលរដ្ឋ​តវ៉ា​ដែរ នៅពេល​មាន​ជំនន់​ទឹកភ្លៀង រាល់​ឆ្នាំ ព្រោះ​ពលរដ្ឋ​មិន​ចង់ឱ្យ​ទឹក​ដក់ យូរ​លើដី​ស្រែ និង​ដីចម្ការ​បន្លែ រដូវប្រាំង​របស់​ពួកគេ ។​

​ឯ​ពលរដ្ឋ​ដែលជា​កសិករ នៅ​ភូមិ​ពង្រ កង​វ៉ា និង ខ្លា​កូន​ថ្មី​ខ្លះ បានឱ្យដឹងថា​: ពួកខ្លួន​មិន​ចង់ ឱ្យមាន​ធារទឹក​ច្រើន ក្នុង​អាង​ពង្រ​នេះ​ទេ ដ្បិត​បារម្ភ​ខ្លាចក្រែង​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ ធនធានទឹក យក​ទីនោះ ធ្វើជា​អាងទឹក​ឡើងវិញ (​ដូច​កាលពី​ចុង​ទសវត្សរ៍​ទី​៩០) ដែល​បាន​នាំឱ្យ​បាត់បង់​ដីស្រែ ចម្ការ ដែល​ពួកគេ​តវ៉ា​យក​ទុក​ធ្វើជា​សម្បត្តិ​ឯកជន​៕V/ N