ដោយៈ បាយ័ន / សៀមរាបៈ សមត្ថកិច្ច​ខេត្តសៀមរាប បានសំរេច​ឃាត់ខ្លួន​សកម្មជន គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ( LDP ) ចំនួន​ប្រាំមួយ​នាក់ ដែល​បាន​បំពាន​លើ កិច្ចសន្យា​ជាមួយ​អាជ្ញាធរ និង​បាន​ប្រឆាំង​ជាមួយនឹង​សមត្ថកិច្ច កំពុង​ប្រតិបត្តិការ ដោយបាន​បើករថយន្ត បុក​បា​រ៉ា​ស់​របស់​សមត្ថកិច្ច​។​

​អធិការនគរបាល​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប បាន​ប្រាប់​រស្មី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២ ខែកញ្ញា នេះ​ថាៈ ពិតជា​មានការ​ចាប់​ម​នុស្ស ប្រាំមួយ​នាក់ ពិតមែន នៅ​ចំណុច​ប៉ុស្តិ៍​ហាមឃាត់ មុខ​ដីចំការ​លោក ខឹម វាសនា ក្នុង​ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។ ជន​ទាំង​ប្រាំមួយ នាក់​នោះ បាន​ត្រូវ​ឃាត់ខ្លួន នៅ​ល្ងាច​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២២ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់ ពី​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង ខេត្តសៀមរាប ។ ជន​នោះ ត្រូវបញ្ជូន​មកកាន់ ការិយាល័យ​ព្រហ្ម​ទ័​ណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តសៀមរាប ភ្លាមៗ តាំងពី​ល្ងាច​ថ្ងៃនោះ មកម្ល៉េះ​។​

​លោក​អធិការ បាន​និយាយថាៈ ការឃាត់ខ្លួន​នោះ គឺ​ជន​ប្រុស​ស្រី​ទាំង ប្រាំមួយ​នាក់ បាន​ជិះ​រថយន្ត​រួមគ្នា​ដឹក​បន្លែ ចូល​តំបន់ហាមឃាត់ ហើយ​ជន​នោះ បាន​ជិះ​រថយន្ត​ទៅ បុក​បា​រ៉ា​ស់ របស់​សមត្ថកិច្ច​បាក់​អស់ ២ កន្លែង​ថែមទៀត​ផង​។ ក្រោយមក ជន​ទាំងនោះ បាន​ប្រើ​ហិង្សា​មកលើ​សមត្ថកិច្ច ថែមទាំង​ធ្វើការ​រារាំង ក្នុង​ប្រតិបត្តិការ​របស់​សមត្ថ​កិច្ច ថែម​ទៀតផង ទើប​សមត្ថកិច្ច អនុវត្តន៍​វិធានការ​ច្បាប់​បែបនេះ​។​

​ដោយឡែក មន្ត្រី​ស្នងការដ្ឋាន​នគរបាល ខេត្តសៀមរាប បាន​និយាយ​ដែរ​ថាៈ ជន​ទាំង​ប្រាំមួយ នាក់​នោះ កំពុង​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ហើយ​ឈ្មោះ​ពួកគេ មន្ត្រី​ជំនាញ មិនទាន់​បញ្ចេញ​ឱ្យដឹង នៅឡើយ​ទេ​។​

​មន្ត្រី​ជំនាញ​ខាងលើ បាន​និយាយថាៈ ជន​ទាំងនោះ សង្ឃឹម​ច្រើន​ថា អាច​បញ្ជូនទៅ​តុលាការ ជាង​ដោះលែង​ឱ្យមាន​សេរីភាព ព្រោះ​ជន​នោះ បាន​បំពាន​កិច្ចសន្យា ហើយ​ប្រឆាំងនឹង អ្នករាជការ​សាធារណៈ យ៉ាងធ្ងន់ធ្ងរ​ថែមទៀត​ផង​៕V/ N