​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ យន្តហោះ​ចម្បាំង​ចិន​១៤​គ្រឿង​បាន​ហោះ​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​បន្ទាប់ពី​យោធា​តៃវ៉ាន់​បាន​បាញ់​ទម្លាក់ដ្រូន​ចិន​ជា​លើកដំបូង​ក្នុង​ការប្រទាញប្រទង់​គ្នា​អស់​ពេល​ជា​​ច្រើន​ឆ្នាំ​មកនេះ​។​

​ក្រសួង​យោធា​កោះ​តៃវ៉ាន់​បាន​ប្រកាស​នៅ​ថ្ងៃ​សុក្រ​នេះ​ថា យន្តហោះ​ចិន​បាន​ហោះ​ហួស​ព្រំដែន​មិន​ផ្លូវការ​នៅ​កណ្តាល​ច្រក​សមុទ្រ​ដែល​ខ័ណ្ឌ​ចែកកោះ​តៃវ៉ាន់​ជាមួយនឹង​​ចិនដីគោក នៅពេល​រដ្ឋាភិបាល​​ទីក្រុង​ប៉េកាំង​បន្ត​បញ្ជូន​គ្រឿង​បរិក្ខា​យោធា​មក​ក្បែរៗ​កោះ​ដែល​គ្រប់គ្រង​ដោយ​ខ្លួនឯង​នេះ​។​

​មុន​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ យោធា​តៃវ៉ាន់​បាន​និយាយថា​ខ្លួន​បាន​បាញ់​ទម្លាក់ដ្រូន​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​ដែល​បាន​ហោះ​ចូលក្នុង​ដែនអាកាស​របស់ខ្លួន​នៅក្បែរ​កូន​កោះ​ជួរមុខ​មួយ​នៅ​ទល់មុខ​ឆ្នេរ​​របស់​ចិន​។​

​រដ្ឋាភិបាល​ទីក្រុង​តៃប៉ិ បាន​ប្តេជ្ញា​ចាត់វិធានការ​ត​តប​ខ្លាំងក្លា​ឡើង​ដើម្បី​ចាត់ការ​ជាមួយនឹង​ការ​ជ្រៀតចូល​ដូច្នេះ​។​

​តៃវ៉ាន់​អះអាងថា​យន្តហោះ​ចម្បាំង​ចិន​១៤​គ្រឿង​បាន​ហោះ​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​នៅ​ថ្ងៃ​សុក្រ​នេះ​

​សូម​រំលឹក​ថា ចិន​ប៉េកាំង​កាលពីដើម​ខែ​មុន​បាន​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​នៅ​ជុំវិញ​កោះ​តៃវ៉ាន់​បន្ទាប់​ពី​ប្រធានា​សភា​អាម៉េរិកមក​ធ្វើ​ទស្សនកិច្ច​កោះ​តៃវ៉ាន់​ផ្គើន​នឹង​ការព្រមាន​របស់​ខ្លួន​។​

​ក្នុងការ​ប្រើ​សម្តី​ខ្លាំងៗ​ជុំវិញ​យោធា​ចិន ក្រសួង​យោធា​តៃវ៉ាន់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយថា ចិន​បាន​និង​កំពុង​ធ្វើ​សមយុទ្ធ​យោធា​ដោយ​ធ្វើ​ដូចជា​កំពុង​វាយប្រហារ​លើ​នាវាចម្បាំង​អាម៉េរិក​និង​មាន​​បំណង​រារាំង​មិន​អោយ​កម្លាំង​បរទេស​ចូល​មក​ជួយ​តៃវ៉ាន់​ក្នុងករណី​ផ្ទុះ​សង្គ្រាម​ណាមួយ​។​

​ក្នុង​របាយការណ៍​ផ្ញើ​ទៅ​កាន់​សភា ក្រសួង​យោធា​តៃវ៉ាន់​បាន​និយាយថា ចិន​បន្ត​ពង្រឹង​ការត្រៀមខ្លួន​ប្រយុទ្ធ សំរាប់​ការវាយប្រហារ​ណា​មួយ​លើ​កោះ​នេះ​។​វា​ផ្តោត​លើ​កម្រង​កោះ​ជួរ​ទី​មួយ​ដែល​លាតសន្ធឹង​​ចាប់ពី​ជប៉ុន​ដល់​តៃវ៉ាន់ ហ្វីលីពីន​និង​កោះ​ប័រណេ​អូ​។​«​ចិន​បាន​និង​កំពុង​ប្រើប្រាស់​លំ​ហាត់​យោធា​ដើម្បី​ធ្វើ​ការវាយប្រហារ​ព្រមៗ​គ្នា​លើ​នាវា​អាម៉េរិក​ដែល​ចូលមក​ក្នុង​កម្រង​កោះ​ទីមួយ​»​។​

​សូមបញ្ជាក់​ថា អាម៉េរិក​តែង​បញ្ជូន​នាវា​ចូល​សមុទ្រ​ចិន​ខាងត្បូង ពេល​ខ្លះ​នៅ​ក្បែរៗ​កោះ​ដែល​កាន់កាប់​ដោយ​ចិន និង​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់ ក្នុង​អ្វីដែល​ខ្លួន​អះអាងថា​ដើម្បី​សេរីភាព​នាវាចរណ៍​ក្នុង​​ដែនទឹក​អន្តរជាតិ តែត្រូវបាន​គេ​មើលឃើញ​ថា​ជា​ការបង្ហាញ​ការគាំទ្រ​កម្លាំង​ទាមទារ​ឯករាជ្យ​តៃវ៉ាន់​ដែល​ធ្វើអោយ​ចិន​ប្រតិកម្ម​រហូត​។​

​របាយការណ៍​បាន​បន្ថែមថា ចិន​អាច​ប្រើ​កម្លាំង​ពិសេស​ឬ ភ្នាក់ងារ​ដើម្បី​កាត់ផ្តាច់​ប្រព័ន្ធ​បញ្ជា​និង​បំផ្លាញ​ហេដ្ឋារចនាសម្ពន្ធ​នៅក្នុ​ង​ការវាយប្រហា​រណាមួ​យ និង​អាច​វាយប្រហារ​អេឡិចត្រូនិច​ដើម្បី​រារាំង​​ការទាក់ទង​និង​ប្រព័ន្ធ​បញ្ជាការ​។​ចិន​ក៏​អាច​ប្លុក​(​រាំងខ្ទប់​)​តៃវ៉ាន់​និង​កាត់ផ្តាច់​ការផ្គត់ផ្គង់​ថាមពល​និង​សេដ្ឋកិច្ច តែ​ចិន​ប៉េកាំង​នៅ​មាន​បញ្ហា​គមនាគមន៍​និង​ឡូ​ជី​ស្ទិចក្នុង​ការបើកការ​ចូលលុកលុយ​​កោះ​តៃវ៉ាន់​៕