​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាងកក​ប៉ុស្តិ៍​) ៖ ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ឡាវ​-​ចិន​ត្រូវ​គេ​រំពឹងថា​នឹង​បំពេញ​នូវ​មហិច្ឆិតា​របស់​ឡាវ​ក្នុង​ការក្លាយ​ជាតំ​ណភ្ជាប់​ផ្លូវគោក​ក្នុង​តំបន់​ដ៏​សំខាន់​ដែល​ផ្តល់​នូវ​ការ​​ត​ភ្ជាប់​កាន់តែ​ធំ​ជាង​មុន​និង​ការទទួលបាន​ឱកាស​ពាណិជ្ជកម្ម​កាន់តែ​ប្រសើរឡើង​។​

​ត្រូវ​គេ​ស្គាល់​ផងដែរ​ថា ផ្លូវដែក​វៀងចន្ទន៍​-​បូថិ​ន (Boten) ផ្លូវដែក​អគ្គិសនី​ប្រវែង ៤២២ គីឡូម៉ែត្រ​នេះ​គឺជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​អំពី​ក្រវាត់​និង​ផ្លូវ​របស់​ចិន​។​វា​រត់​រវាង​រដ្ឋធានី​វៀង​ច័ន្ទ​​ន៍​របស់​ឡាវ​និង​ទីប្រជុំជន​បូថិ​ន នៅ​ជាប់​ព្រំដែន​ចិន​។​

​ផ្លូវដែក​នេះ​បង្កើត​ជា​ផ្នែក​នៃ​គម្រោង​ផ្លូវដែក​គុន​មីង​-​សិង្ហ​បុរី ដែល​ត​ភ្ជាប់​ទីក្រុង​គុន​មីង​នៃ​ខេត្ត​យូ​ន​ណាន​របស់​ចិន​ជាមួយនឹង​សិង្ហ​បុរី​កាត់​តាម​ឡាវ ថៃ និង​ម៉ាឡេស៊ី​។​

​បើក​ដំណើរការ​កាលពី​ថ្ងៃទី ៣ ខែ​ធ្នូ​ឆ្នាំ​មុន ផ្លូវដែក​ឡាវ​-​ចិន​ផ្តល់ជូន​នូវ​របៀប​ធ្វើដំណើរ​តម្លៃថោក លឿន និង​មាន​ប្រសិទ្ធភាព​ជាង​មុន និង​ជួយ​កាត់បន្ថយ​ពេលវេលា​ធ្វើដំណើរ​មក​ត្រឹម​មួយ​ថ្ងៃ​ប៉ុណ្ណោះ បើ​ធៀប​នឹង ៣-៥ ថ្ងៃ​តាម​ផ្លូវថ្នល់​។​

​វា​ក៏​ផ្តល់​ជូន​ភ្ញៀវទេសចរ ជាពិសេស​មកពី​ប្រទេស​ថៃ នូវ​ឱកាស​ទៅ​ទស្សនា​ហ្លួង​ព្រះ​បាង ដែល​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​និង​ជា​ស្ថានីយ​មួយ​ក្នុងចំណោម​ស្ថានីយ​​ជាច្រើន​នៅ​តាម​ខ្សែ​រថភ្លើង​នេះ​។​

​ចន្លោះ​ពី​ថ្ងៃទី ៩ ឧសភា ដល់​ថ្ងៃទី ៣១ ខែកក្កដា នៅពេល​ដែល​ឡាវ​បើក​ប្រទេស​ឡើងវិញ ភ្ញៀវទេសចរ​ប្រមាណ ២៥ ម៉ឺន​នាក់​មកពី​ព្រំដែន​ថៃ​បាន​មក​លេង​ប្រទេសជិតខាង​។ មន្ត្រី​អន្តោប្រវេសន៍​នៅ​ស្ពាន​មិត្តភាព​ថៃ​-​ឡាវ​ក្នុង​ខេត្ត​ណង​ខៃ​និយាយថា ចំនួន​ភ្ញៀវទេសចរ​ឡាវ​ក្នុង​ចំនួន​ដូច​គ្នា​នេះ​ក៏​បាន​ឆ្លង​ព្រំដែន​ចូល​ប្រទេស​ថៃ​ផងដែរ​។​

​ក្រុមមន្ត្រី​បាន​និយាយថា ទេសចរណ៍​ឆ្លង​ព្រំដែន​ក្នុង​អំឡុង​ពេល​នេះ​បាន​បង្កើត​ចំណូល​បាន​ប្រហែល ៨០០ លាន​បាត​។​

​ផ្លូវដែក​ឡាវ​-​ចិន​ក៏​ត​ភ្ជាប់​ជាមួយ​កំពង់ផែ​ស្ងួត​ថា​ណា​ឡេង (Thanaleng) និង សួន​ភស្តុភារ​វៀងចន្ទន៍ (VLP) ផងដែរ ដែល​វា​ជា​សួន​ភស្តុភារ​រួម​បញ្ចូល​គ្នា​ដំបូង​គេ​បង្អស់​របស់​ឡាវ មាន​ទីតាំង​នៅ​ជាយក្រុង​វៀងចន្ទន៍​។​

​សួន​ភស្តុភារ​និង​កំពង់ផែ​ស្ងួត​បាន​បើក​ដំណើរការ​នៅ​ថ្ងៃទី ៤ ខែ​ធ្នូ ឆ្នាំ ២០២១ ពោលគឺ​មួយថ្ងៃ​បន្ទាប់​ពី​ការបើក​ដំណើរការ​ផ្លូវ​រថភ្លើង​។​

​លោក ធី ឈី សេង (Tee Chee Seng) អនុប្រធាន​ក្រុមហ៊ុន Vientiane Logistics Park Co ដែល​ត្រូវបាន​ផ្តល់​សម្បទាន​ដោយ​រដ្ឋាភិបាល​ឡាវ ដើម្បី​អភិវឌ្ឍ​និង​ដំណើរការ​គម្រោង​នេះ បាន​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​ថា សួន​ភស្តុភារ​និង​កំពង់ផែ​ស្ងួត​នេះ​បាន​ជួយ​សម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន​និង​ការដឹកជញ្ជូន​ទំនិញ​ពី​អាស៊ាន​តាមរយៈ​ប្រទេស​ថៃ​ទៅ​កាន់​ទីក្រុង​វៀងចន្ទន៍​។​

​លោក​បាន​និយាយថា ពី​ទីក្រុង​វៀងចន្ទន៍​ទៅ កុងតឺន័រ​ដឹក​ទំនិញ​នឹងត្រូវ​ដឹកជញ្ជូន​តាម​រថភ្លើង​ដឹក​ទំនិញ​តាម​បណ្តោយ​ផ្លូវ​ដែក​ឡាវ​-​ចិន​ទៅកាន់​ចុង​ភាគ​ខាងជើង​ជាប់​ព្រំដែន​ចិន​ក្នុង​រយៈពេល​បី​ថ្ងៃ​។​

​លោក​ធី​បាន​និយាយថា “​សេវាកម្ម​នេះ​មាន​អត្ថប្រយោជន៍​ជា​ពិសេស​សម្រាប់​ផលិតផល​កសិកម្ម ដោយសារ​ភាពស្រស់​នៃ​ទំនិញ​ត្រូវ​បាន​រក្សាទុក​នៅ​ពេល​ដែល​ពួក​វា​ទៅ​ដល់​អ្នកប្រើប្រាស់​នៅក្នុង​ប្រទេស​ចិន ដែល​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​ផលិតផល​ប្រភេទ​នេះ​។ ផលិតផល​ស្រស់​ទទួលបាន​តម្លៃ​ល្អ​។ អ្នក​ដែល​ទទួលបាន​អត្ថប្រយោជន៍​ពី​ការដឹកជញ្ជូន​លឿន​គឺ​អ្នកប្រើប្រាស់​និង​កសិករ​”​។​

​លោក​បាន​និយាយថា រដ្ឋាភិបាល​ឡាវ​បាន​ផ្តល់​ការលើកទឹកចិត្ត​ដើម្បី​ទាក់ទាញ​ការវិនិយោគ​បរទេស​ក្នុង​វិស័យ​កសិកម្ម អាហារ​កែច្នៃ និង​ឧស្សាហកម្ម​អាហារ​ហា​ឡាល់ (Halal) ឱសថ និង​ឧស្សាហកម្ម​ឱសថ​៕

ផ្លូវដែក​ឡាវ​-​ចិន​ក៏​ត​ភ្ជាប់​ជាមួយ​កំពង់ផែ​ស្ងួត​ថា​ណា​ឡេង (Thanaleng) និង សួន​ភស្តុភារ​វៀងចន្ទន៍ (VLP) ផងដែរ