​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ Chelsea បាន​ចុះហត្ថលេខា​ទី​ខ្សែប្រយុទ្ធ ពៀ​រ៉េ អេ​មឺ​រិក អូ​បា​មេ​យ៉ាង (Pierre-Emerick Aubameyang) ពី Barcelona​មុន​ពេល​ទីផ្សារ​​ដោះដូរ​កីឡាករ​រដូវក្តៅ​បិទ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១​កញ្ញា ដោយ​ផ្តល់ឱ្យ​អ្នក​ចាត់ការ​ទូទៅ​លោក ថូ​ម៉ាស ធូ​ខល់ (Thomas Tuchel) នូវ​ខ្សែប្រយុទ្ធ​ថ្មី​បន្ទាប់​ពី​ពួកគេ​មិន​អាច​ជោគជ័យ​ជាមួយ​​ខ្សែ​ប្រយុទ្ធ រ៉ូ​មេលូ លូ​កា​គូ (Romelu Lukaku) នៅ​រដូវ​កាល​មុន​។​

​អូ​បា​មេ​យ៉ាង វ័យ ៣៣ ឆ្នាំ​បាន​ត្រឡប់មក Premier League វិញ​បន្ទាប់ពី​ស្នាក់នៅ​បាន​ត្រឹមតែ ៧ ខែ​នៅ​ក្លិប Barcelona ជា​កន្លែង​ដែល​រូបគេ​បាន​ផ្លាស់​ទៅ បន្ទាប់ពី​ត្រូវ​បាន Arsenal បញ្ចេញ​ចោល​ដោយ​ឥត​តម្លៃ​ខ្លួន​។ កិច្ចព្រមព្រៀង​នេះ​ត្រូវ​គេ​រាយការណ៍​ថា​មាន​តម្លៃ ១៤ លាន​ដុល្លារ​អាម៉េរិក​។​

​អូ​បា​មេ​យ៉ាង ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​រយៈពេល​ពីរ​ឆ្នាំ​ក្នុង​ការផ្ទេរ​ដែល​ប្រកាស​ដោយ Chelsea ជិត ៩០ នាទី​បន្ទាប់​ពី​ថ្ងៃ​ផុតកំណត់​បាន​កន្លងផុត​ទៅ បាន​និយាយថា​”​ខ្ញុំ​នៅ​មាន​​រឿង​មិន​ទាន់​សម្រេច​បាន​នៅឡើយ​ជា​មួយ Premier League ដូច្នេះ​វា​ជា​ការ​ល្អ​ក្នុងការ​ត្រឡប់មកវិញ ហើយ​វា​ពិតជា​គួរឱ្យ​រំភើប​ណាស់​”​។​

​ក្លិប​នៅ​ភាគ​ខាងលិច​ទីក្រុង​ឡុង​ដ៍​មួយ​នេះ​ឥឡូវ​ក្លាយ​ជា​អ្នកចំណាយ​ធំ​បំផុត​នៅ​អឺរ៉ុប​ក្នុង​ទីផ្សារ​ឆ្នាំនេះ បន្ទាប់ពី​ចំណាយ​ប្រហែល ២៨០ លាន​ដុល្លារ​។​

​អូ​បា​មេ​យ៉ាង​នឹង​មិន​មាន​វត្តមាន​សម្រាប់ Chelsea ភ្លាមៗ​នោះទេ បន្ទាប់​ពី​របួស​ថ្គាម​ដោយសារ​ចោរ​គាស់​ផ្ទះ​ក្នុង​សប្តាហ៍​នេះ​ក្នុងប្រទេស​អេ​ស្ប៉ា​ញ​។ អាជ្ញាធរ​បាន​និយាយថា ចោរ​ប្រដាប់អាវុធ​បាន​វាយ​កីឡាករ​អន្តរជាតិ​ហ្គា​បុង​ចំ​មុខ ហើយ​បង្ខំ​រូបគេ​ឱ្យ​បើក​ទូ​សុវត្ថិភាព​កើ​បយក​គ្រឿងអលង្ការ​។​

​អូ​បា​មេ​យ៉ាង ដែល​ស៊ុត​បញ្ចូល​ទី​បាន ១៣ គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន ២៣ លើក​សម្រាប់ Barcelona ត្រូវ​គេ​រំពឹងថា​នឹង​ត្រូវ​អវត្តមាន​ពីរ​ទៅ​បី​សប្តាហ៍​៕

អូ​បា​មេ​យ៉ាង​ចូលរួម​ជាមួយ Chelsea ជា​ផ្លូវការ