ដោយ : ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ លោក​អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ នា​ព្រឹក​ថ្ងៃទី​២ កញ្ញា ឆ្នាំ​២០២២ បាន​បញ្ជា​ឲ្យ​ជំនាញ​ធនធានទឹក​ខេត្ត នាំយក​គ្រឿងចក្រ​ទៅ​កាយ​ផ្តាច់​បើកមុខ​ទឹក​តាម​ប្រឡាយ​មេ​ដែល​បាន​ស្តារ ដើម្បី​ព​ន្លឿ​ន​ការរំដោះ​ទឹក ជៀសវាង​ការ​ជន់​លិច​ផ្លូវ ស្រែ និង​ភូមិឋាន​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​បណ្តោយ​ដងស្ទឹង​មង្គល​បូរី ក្នុងភូមិ​សាស្ត្រ​ឃុំ​ចំណោម និង​ឃុំ​សឿ នៃ​ស្រុក​មង្គល​បូរី​។​

​ជាមួយគ្នា​នោះ លោក​អ៊ុ រាត្រី បាន​ក្រើនរំលឹក​ដល់​មន្ត្រី​ពាក់ព័ន្ធ លោក​រ័ត្ន ដា​ស៊ី​ណង់ អភិបាលស្រុក​មង្គល​បូរី​និង​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ផ្តល់​កិច្ចសហការ​ក្តាប់​ព័ត៌មាន និង​រាយការណ៍​ឲ្យ​បាន​ទាន់ពេលវេលា​ចំពោះ​ករណី​ស្ថានភាព​ទឹក​មានការ​ហក់​ឡើង​ខ្លាំង​ជាការ​ព្រួយបារម្ភ​ណាមួយ​។​

​សូមបញ្ជាក់ថា ស្ថានភាព​ជាក់ស្តែង​គិត​ត្រឹម​ថ្ងៃទី​០២​ខែកញ្ញា​ឆ្នាំ​២០២២ ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ ពុំទាន់​មាន​គ្រោះទឹកជំនន់​និង​ជំនន់​ទឹកភ្លៀង​ថ្មី​ទៀត​ទេ​គឺ​មានតែ​ស្ថានភាព​ទឹក​ស្រក​ចុះ​ពី​ខ្សែទឹក​ខាងលើ ហូរ​ចុះមក​ខាងក្រោម ដែលនាំអោយ​កម្ពស់​ទឹក​ហក់​ឡើង​ក្នុង​កម្រិត​ធម្មតា​និង​មធ្យ​ប៉ុណ្ណោះ ៕​