ដោយ​: ប​.​ជ័យ / ប៉ោយប៉ែ​តៈ លោក​វរសេនីយ៍​ជួន សារី នាយរង​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​បានអោយដឹង​នា​ថ្ងៃទី​០២​ខែកញ្ញា​ថា ចាប់ពី​ថ្ងៃទី​០១​ខែកញ្ញា​តទៅ បងប្អូន​អាជីវករ និង​កម្មករ​ខ្មែរ​ដែល​ត្រូវ​ទៅ​ប្រកប​របរ​រក​ទទួលទាន​នៅ​ផ្សារ​រោង​ក្លឿ អាច​ចេញ ចូល​ទាំង​មធ្យោបាយ​ឡាន ម៉ូតូ​ឡើងវិញ​ហើយ ។​

​លោក​បាន​បញ្ជាក់ថា “​អ្វីដែល​បងប្អូន​អាជីវករ​ក្រុង​ប៉ោយប៉ែត​ចង់បាន គឺ​បាន​ហើយ​គ្រប់​មធ្យោបាយ​ឡាន ម៉ូតូ អាច​ចេញ ចូល បាន​ដូច​មុន​”​។​

​លោក​បាន​បន្តថា លទ្ធផល​នេះ ដោយមាន​ការណែនាំ ផ្តល់​អនុសាសន៍​ពី​ថ្នាក់លើ ហើយ​យកមកអនុវត្ត​ដោយ​ការខិតខំ​ប្រឹងប្រែង​រប​ស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍​នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ទាំងពីរ​ប្រទេស ដែល​បាន​ឯកភាពគ្នា​អនុញ្ញាត​ឲ្យ​ឡាន ម៉ូតូ​ចេញចូល​បាន​ដូច​មុន​ឆ្នាំ​២០១៩ ។​

​លោក​បាន​បន្តថា បែបបទ​និង​ឯកសារ​ត្រូវមាន សម្រាប់ ខាង​សមត្ថកិច្ច​កម្ពុជា ពលរដ្ឋ​ត្រូវមាន​លិខិតឆ្លងដែន មាន​សុពលភាព​, ប័ណ្ណ​ព្រំដែន មាន​សុពលភាព​, ប្រតិវេទន៍​គយ​សង្ខេប​, ប័ណ្ណ​សម្គាល់​យានយន្ត ,​អត្ត​សញ្ញាប័ណ្ណ​ថតចម្លង​, លិខិតឆ្លងដែន ឬ​ប័ណ្ណ​ព្រំដែន​ថតចម្លង មក​រក្សាទុក​កន្លែង​គ​យ​ខ្មែរ​មួយ​ច្បាប់ ខាង​អន្តោប្រវេសន៍​មួយច្បាប់ ​និង​ដាក់​ប័ណ្ណបើកបរ លិខិត​សម្គាល់​យានយន្តមួយ ។ ចំពោះ​ខាង​ភាគី​ថៃ​ត្រូវ​វ​មាន​ឯកសារ​បែបបទ​ចេញ ចូល មធ្យោបាយ​មាន​ឡាន ម៉ូតូ​ជាដើម រួមមាន : ឯកសារ​ប័ណ្ណធានា​រ៉ាប់​រ៉ង ឯកសារ​គយ​ថៃ ឯកសារ​អន្តោប្រវេសន៍​ថៃ​។​ល​៕​