ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធាន​ក្រុមហ៊ុន​ប្រេង​រុស្ស៊ី ដែល​រិះគន់​ការ​លុកលុយ​របស់លោក វ្ល៉ា​ឌី​មៀ ពូ​ទីន លើ​អ៊ុ​យក្រែន ត្រូវ​គេ​ប្រទះឃើញ​ស្លាប់​ក្នុងស្ថានភាព​គួរឱ្យ​សង្ស័យ​បន្ទាប់ពី​គាត់​​បាន​ធ្លាក់​ពី​បង្អួច​ជាន់​ទី​ប្រាំមួយ​នៅ​ឯ​មន្ទីរពេទ្យ​ក្រុង​មូ​ស្គូ​។​

​លោក រ៉ាវី​ល ម៉ា​ហ្គា​ណូវ (Ravil Maganov) អាយុ ៦៧ ឆ្នាំ ជា​ប្រធាន​ក្រុមហ៊ុន​ប្រេង​យក្ស​រុស្ស៊ី Lukoil បាន​ស្លាប់​នៅនឹងកន្លែង បន្ទាប់​ពី​ធ្លាក់​ពី​បង្អួច​ជាន់​ទី​៦ នៃ​មន្ទីរពេទ្យ​គ្លីនិក​កណ្តាល (Central Clinical) ក្នុង​ទីក្រុង​មូ​ស្គូ នៅ​ម៉ោង​ប្រហែល ៧៖៣០ ព្រឹក ម៉ោង​ក្នុងស្រុក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១​កញ្ញា​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​រុស្ស៊ី​បាន​និយាយ​យ៉ាង​រហ័ស​ថា ការស្លាប់​របស់​គាត់​គឺជា​ការធ្វើអត្តឃាត ប៉ុន្តែ​ប្រភព​នៃ​មន្ត្រី​អនុវត្ត​ច្បាប់​បាន​និយាយថា មិន​មាន​លិខិត​បណ្តាំ​អត្តឃាត​ទេ​ហើយ​មិន​មានកា​​មេ​រ៉ា​សុវត្ថិភាព​នៅ​ផ្នែក​នៃ​អគារ​ដែល​លោក​ម៉ា​ហ្គា​ណូវ​បាន​ធ្លាក់​នោះឡើយ​។​

​ក្រុមហ៊ុន Lukoil ដែល​លោក​ម៉ា​ហ្គា​ណូវ​ជា​ប្រធាន គឺជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​រុស្ស៊ី​ធំៗ​មួយចំនួន​តូច ដែល​អំពាវនាវ​ឱ្យ​បញ្ចប់​ការប្រយុទ្ធ​គ្នា​ក្នុងប្រទេស​អ៊ុយ​ក្រែន​បន្ទាប់​ពី​រដ្ឋាភិបាល​​ក្រុង​មូ​ស្គូ​បាន​លុក​លុយ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ការ​លុក​លុយ ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Lukoil បាន​អំពាវនាវ​ឱ្យ​មាន​ការបញ្ចប់​ការប្រយុទ្ធ​គ្នា​ជា​បន្ទាន់ដោយ​បង្ហាញ​ពី​ការអាណិតអាសូរ​​ចំពោះ​អ្នក​ដែល​រង​ផលប៉ះពាល់​ដោយ “​សោកនាដកម្ម​នេះ​”​។​

​ហើយ​ប្រាំពីរ​ខែ​ក្រោយ​មក លោក​ម៉ា​ហ្គា​ណូវ​ត្រូវ​គេ​ប្រទះឃើញ​ស្លាប់ បន្ទាប់​ពី​ធ្លាក់​ពី​បង្អួច​មន្ទីរពេទ្យ​។​

​នេះ​គឺជា​ស្លាប់​ចុងក្រោយបង្អស់ បន្ទាប់​ពី​មន្ត្រី​រុស្សី​កំពូល​មួយចំនួន​បាន​ស្លាប់​ក្នុងស្ថានភាព​គួរឱ្យ​សង្ស័យ​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ដោយ​ករណី​ស្លាប់​អាថ៌កំបាំង​ភាគច្រើន​គឺ​ធ្លាក់​តាម​បង្អួច​។​

​ឥឡូវនេះ លោក​ម៉ា​ហ្គា​ណូវ​ក៏​ស្ថិតក្នុង​ចំណោម​មហាសេដ្ឋី​ថាមពល​រុស្ស៊ី​ជា​បន្តបន្ទាប់ ដែល​ត្រូវបាន​សម្លាប់​ក្នុង​កាលៈទេសៈ​ដ៏​គួរឱ្យ​សង្ស័យ​៕

​លោក​ម៉ា​ហ្គា​ណូវ (​ស្តាំ​) ធ្លាក់​ស្លាប់​ពី​បង្អួច​មន្ទីរពេទ្យ​ជាន់​ទី​៦​កាលពី​ថ្ងៃ​ព្រហស្បតិ៍