ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) គណៈកម្មការ​ពិធីការ និង​បដិសណ្ឋារកិច្ច​នៃ​គណៈកម្មាធិការ ត្រូវបាន​រៀបចំ និង​ចាត់ចែង​ស្ទើរតែ​ទាំងស្រុង​ហើយ នៅ​ចាំតែ​ការអនុវត្ត​ផ្ទាល់​ប៉ុណ្ណោះ​។​​នេះ​ជាការ​លើកឡើង​របស់លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ CAMSOC និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ក្នុង​ការផ្តល់​បទសម្ភាសន៍​ក្រោយ​ចប់​កិច្ចប្រជុំ​នា​ព្រឹក​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២២​នេះ​។​

​លោក​វ៉ា​ត់ ចំរើន​បាន​ឲ្យ​ដឹងថា កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ CAMSOC ថ្ងៃនេះ​បាន​ផ្តោតលើ​ពិធីការ និង​បដិសណ្ឋារកិច្ច ដែល​ដឹកនាំ​ដោយ​លោក​បណ្ឌិត​រដ្ឋមន្ត្រី ថោង ខុន និង ជា​អនុប្រធាន​អចិន្ត្រៃយ៍ CAMSOC ក្រោយពី​ការត្រួតពិនិត្យ​លើ​ផែនការ​យុទ្ធសាស្ត្រ​នានា ដែល​ត្រូវបាន​ដាក់ចេញ​ដោយ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ CAMSOC​។​កិច្ចប្រជុំ​នេះ​ផ្តោត​សំខាន់​លើ​តួនាទី ភារកិច្ច និង​របៀបរបប​ការងារ​របស់​ពិធីការ និង​បដិសណ្ឋារកិច្ច ពីព្រោះ​ពិធីការ​ជា​អ្នក​នាំមុខគេ​ក្នុង​ការជួប និង​ទទួលភ្ញៀវ​។​

​លោក​អគ្គលេខាធិការ​មានប្រសាសន៍​បន្តថា ដើម្បី​ស្របទៅតាម​អនុសាសន៍​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា ការ​ឈ្នះ​ចាញ់​ជា​រឿង​មួយ ប៉ុន្តែ​អ្វីដែល​សំខាន់​ក្នុង​​នាម​ជា​ម្ចាស់ផ្ទះ​ត្រូវធ្វើ​បដិសណ្ឋារកិច្ច និង​ទទួល​កប​ដោយ​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​។ ដូច្នេះ​ដោយ​ផ្អែកទៅលើ​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​នេះ គឺ​ឯ​លោក​បណ្ឌិត​ថោង​ខុន​បាន​ពង្រឹងសមត្ថភាព​ការងារ​របស់​គណៈកម្មកា​រ​ពិធី​ការដែល​ដឹកនាំ​ដោយ​លោក​ទេសរដ្ឋមន្ត្រី ឈិន កេ​ត​នា ប្រធាន​គណៈកម្មការ​ពិធីការ និង​ប​ដិ​ស​ណ្ឋា​រ​
​កិច្ច​របស់​គណៈកម្មាធិកា​រ​ជាតិ CAMSOC​។

​កិច្ច​ប្រជុំបាន​ឯកភាពគ្នា​លើ​គោលការណ៍​រួម​ថា តើ​ភារកិច្ច​តួនាទី និង​ការងារ​អ្វីខ្លះ​ដែល​ទទួលខុសត្រូវ​ផ្ទាល់​របស់​គណៈកម្មការ​ពិធីការ និង​បដិសណ្ឋារកិច្ច ហើយ​ការងារ​អ្វីដែល​ត្រូវ​សហការ​ជាមួយ​គណៈកម្មការ​ផ្សេងៗ​ទៀត​។ ភារកិច្ច​សំខាន់បំផុត គឺ​ការទទួល​ភ្ញៀវ​ត្រូវមាន​របៀបវារៈ​ត្រឹមត្រូវ ពិធីការ​ច្បាស់លាស់ និង​មាន​លក្ខណៈពិសេស​ស្របតាម​ពិធីការ​កីឡា និង​ពិធីការ​ជាតិ​។​ការបែងចែក​តួនាទី​ភារកិច្ច និង​ការទទួលខុសត្រូវ​នេះ​បានធ្វើ​ឲ្យ​គណៈកម្មការ​ទាំងអស់​ត្រៀមលក្ខណៈ​ធ្វើ​ផែនការ​លំអិត មាន​ភារកិច្ច​ហើយ ធ្វើ​ផែនការ​លំអិត លើក​ជា​គម្រោង​។ អ្វីដែល​នៅ​សេសសល់​គឺ​បានសម្រេច​នៅក្នុង​អង្គប្រជុំ​ភាគច្រើន​ហើយ​នៅតែ​ការទទួល និង​អនុ​​វត្ត​តែប៉ុណ្ណោះ ពីព្រោះ ទាំង​ផែនការ ទាំង​តួនាទី​ភារកិច្ច​មាន​អស់ហើយ​។

​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២ ដែលជា​ប្រវត្តិសាស្ត្រ​លើកដំបូង​នៅ​ប្រទេស​កម្ពុជា​​គ្រោង​នឹង​បើក​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៥ ខែឧសភា និង​បិទ​បញ្ចប់​នៅ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២៣៕​