​ដោយ​: សុផល​/​ភ្នំពេញ​: សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា (EuroCham) កំពុងតែ​ជំរុញ សេដ្ឋកិច្ចជាតិ “​បៃតង​” តាមរយៈ​ការអំពាវនាវ​ឱ្យ​ដកចេញ​នូវ​ការគិតថ្លៃ​អានុភាព​ប្រើប្រាស់​ទៅលើ ថាមពល​សូ​ឡា និង​អនុវត្ត​ឱ្យបាន​ពេញលេញ​នូវ​ការប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ​។ នៅក្នុង ឯកសារ​ស្ថានភាព​ស្តីពី​ថាមពល​កកើតឡើង​វិញ​នៅ​កម្ពុជា របស់ខ្លួន សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា គូសបញ្ជាក់​អំពី​របៀប​ដែល​ការផ្លាស់ប្ដូរ​ទៅរក​ប្រើប្រាស់​ថាមពល​សូ​ឡា អាចជួយ​ជំរុញ​វិស័យ សេដ្ឋកិច្ច​បាន​។​

​លោក Tassilo Brinzer ប្រធានសភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា បាន​មានប្រសាសន៍​កាលពី​រសៀល​ថ្ងៃទី​២ ខែកញ្ញា​ថា “​ការអនុម័ត​និង​គាំទ្រ​ពេញលេញ​ទៅលើ​ការប្រើប្រាស់​បន្ទះ​សូ​ឡា​លើដំបូល​ពី​សំណាក់​រាជរដ្ឋាភិបាល គឺជា​ការបោះ​ជំហាន​យ៉ាង​ធំ​ឆ្ពោះទៅរក​ការធ្វើ​ទំនើបកម្ម​មូលដ្ឋាន​ផលិត​របស់​កម្ពុជា ដើម្បី​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ទទួលបាន​នូវ​កេរ្តិ៍​ឈ្មោះថា​ជា​ប្រទេស​ដែលមាន​បរិស្ថាន​បៃតង និង​កាន់​តែមាន​ភាព​ប្រកួតប្រជែង ថែមទាំង​អាចធ្វើ​សមាហរណកម្ម​ខ្លួន​បានល្អ​ប្រសើរ​ទៅក្នុង​សេដ្ឋកិច្ច​តំបន់​”​។​

“​ប្រការនេះ នឹង​ជំរុញ​កម្ពុជា​ឱ្យ​ក្លាយជា​ទិសដៅ​វិនិយោគ ដោយសារតែ​ការវិនិយោគ​ទៅលើ​ថាមពល កកើត​ឡើងវិញ អាច​ទទួលបាន​ការគាំទ្រ​ជា​គម្រោង​វិនិយោគ​មានគុណ​វុ​ឌ្ឍ​នៅក្នុង​ច្បាប់​ស្តីពី ការវិនិយោគ​ថ្មី និង​ទាក់ទាញ​ក្រុមហ៊ុន​ផលិត​ដែលមាន​គោលដៅ​ថាមពល​ស្អាត​ក្នុងការ​បំពេញ តាម​គោលដៅ​របស់ខ្លួន​បាន​។​”

​ឯកសារ​នេះ បានលើកឡើង​អំពី​ទ​ឡី្ហ​ករ​ណ៍​សម្រាប់​ការអនុវត្ត​ឱ្យបាន​ពេញលេញ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ ថាមពល​សូ​ឡា​នៅក្នុង​បរិវេណ​ឧស្សាហកម្ម និង​រោងចក្រ​នានា ព្រមទាំង​បង្កើន​ការវិនិយោគ​នៅក្នុង វិស័យនេះ ដើម្បី​ជួយ​ឱ្យ​កម្ពុជា​អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេស​វៀតណាម និង​ថៃ​បាន​។​

​អត្ថប្រយោជន៍​មួយ​ក្នុងចំណោម​អត្ថប្រយោជន៍​សំខាន់ៗ​ផ្សេងទៀត បន្ថែម​ពីលើ​ការកាត់បន្ថយ​ការ បញ្ចេញ​កាបូន គឺជា​សក្តានុពល​ក្នុងការ​បង្កើត​វិស័យ​ឧស្សាហកម្ម​ថ្មី​ដែល​ធានា​ដល់​អនាគត​ល្អប្រសើរ​នៅក្នុង​ថាមពល​ប្រកបដោយ​ចីរភាព ដែល​ដឹកនាំ​ដោយ​ការអភិវឌ្ឍន៍​បច្ចេកវិទ្យា​សូ​ឡា​។ រដ្ឋាភិបាល​ក៏​អាច​សន្សំសំចៃ​ទៅលើ​ចំណាយ​ប្រតិបត្តិការ និង​ចំណាយ​មូលធន​ពាក់ព័ន្ធ​នឹង​ថ្លៃ ចំណាយ​លើ​ថាមពល តាមរយៈ​ការជំរុញ​ឱ្យមាន​ទីផ្សារ​បន្ទះ​សូ​ឡា​លើដំបូល​កាន់តែ​ទូលំទូលាយ ផងដែរ​។​

​ការ​លាយឡំ​នៃ​ការប្រើប្រាស់​ថាមពល​របស់​កម្ពុ​ជាប​ច្ចុ​ប្បន្ន​មាន ៥១% ជា​ថាមពល​កកើត​ឡើងវិញ​។ ប៉ុន្តែ ថាមពល​កកើតឡើង​វិញ​នេះ គឺ​ត្រូវបាន​រំពឹងថា​នឹងមាន​ការធ្លាក់​ចុះមក​ត្រឹម ៣៥% ត្រឹម​ឆ្នាំ​២០៣០ មុននឹង​មានការ​កើនឡើង​វិញ​ដល់ ៤៣% ត្រឹម​ឆ្នាំ​២០៤០ ជារួម តួលេខ​នេះ​បង្ហាញឱ្យឃើញ​អំពី ការថយចុះ​ចំនួន ៨,១% ទៅលើ​ការប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ​ក្នុង​រយៈពេល​ពីរ​ទសវត្ស​រ៍ ខាងមុខ​។​

​លោក Rogier van Mansvelt អនុប្រធាន​គណៈកម្មាធិកា​រ​ធុរកិច្ច​បៃតង​របស់​សភាពាណិជ្ជកម្ម​អឺរ៉ុប នៅ​កម្ពុជា បាន​មានប្រសាសន៍ថា​៖ “​រោងចក្រ​កាត់ដេរ​ភាគច្រើន គឺ​ទទួលរង​សម្ពាធ​ពី​អ្នកទិញ​ក្នុង ការដំឡើង​បន្ទះ​សូ​ឡា​។ ប៉ុន្តែ អត្រាពន្ធ​បច្ចុប្បន្ន​បាន​កាត់​យក​ប្រហែល ៥០% នៃ​អត្ថប្រយោជន៍ សូ​ឡា​បាត់ទៅហើយ ដោយ​បង្កើន​រយៈពេល​សង​ត្រលប់​ពី​ប្រហែល​បួន​ទៅ​ប្រាំបី​ឆ្នាំ​។ ដូចគ្នានេះ ដែរ ការដំឡើង​អានុភាព​ប្រើប្រាស់ ៥០% គឺ​ត្រូវបាន​រារាំង​ដល់​ភាគរយ​នៃ​ការផ្លាស់ប្ដូរ​ទៅប្រើ​ប្រាស់ ថាមពល​សូ​ឡា​។ ប្រសិនបើ​កម្ពុជា​មានបំណង​រក្សា​ភាព​ទាក់ទាញ​របស់ខ្លួន​សម្រាប់​វិនិយោគិន វិស័យ​កាត់ដេរ កម្ពុជា​គួរតែបង្កើត​បទ​ប្បញ្ញត្តិ និង​អត្រាពន្ធ​ដែល​គាំទ្រ​ដល់​ការដំឡើង​សូ​ឡា​លើ ដំបូល​។​”

​លោក Massimiliano Tropeano ជំនាញការ​ផ្នែក​ចីរភាព​របស់​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​បាន​បន្ថែម ថា​៖ “​ប្រទេស​កម្ពុជា គឺ​កំពុងតែជួបប្រទះ​នូវ​បញ្ហា​ប្រឈម និង​ជម្រើស​ជាច្រើន​ដែល​អាច​នឹង​កាត់ បន្ថយ​ភាគរយ​នៃ​ថាមពល​កកើត​ឡើងវិញ​របស់​ប្រទេស​យ៉ាងធ្ងន់ធ្ងរ​។ គោលនយោបាយ​មាន​វឌ្ឍន ភាព និង​បើកចំហ​ជាង​មុន​ឆ្ពោះទៅរក​ការប្រើប្រាស់​ថាមពល​សូ​ឡា និង​ថាមពល​ពន្លឺព្រះអាទិត្យ ឯកជន [photovoltaic] អាចជួយ​ដោះស្រាយ​បញ្ហា​នានា​បាន ដូចជា​តម្រូវការ​ថាមពល​អគ្គិសនី​កំពុង កើនឡើង ការផលិត​ថាមពល​អគ្គិសនី​មានតម្លៃ​ទាប​ជាង​មុន និង​ការពឹង​ផ្អែកទៅលើ​ការនាំ​ចូល ថាមពល​ពី​បរទេស​។​”

“​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចូលរួម​ក្នុង​កិច្ចពិភាក្សា​ពាក់ព័ន្ធ និង​សំខាន់ៗ​នៅ​ជុំវិញ​បញ្ហា​នេះ ហើយ យើង​សង្ឃឹមថា រាជរដ្ឋាភិបាល​នឹង​ចាប់យក​ឱកាស​នានា​ដែល​ផ្ដល់ឱ្យ​ដោយ​ថាមពល​កកើតឡើង វិញ​ដែល​បានកំណត់​នៅក្នុង​ឯកសារ​នេះ​។ អ្នកទិញ​អន្តរជាតិ និង​វិស័យនេះ​ត្រូវការ​ថាមពល កកើត​ឡើងវិញ​បន្ថែមទៀត​”៕​