ដោយ​៖ បញ្ញា​សាស្ត្រ​/​ភ្នំពេញ​៖ បន្ទាប់ពី​ជោគជ័យ​លើ​រឿង ហនុមាន និង​រឿង JAILBREAK ពេលនេះ លោក Jimmy Henderson និង​លោក អ៊ួ តារា បាន​ងាក​ត្រឡប់មក​ចាប់ដៃគ្នា​ផលិត​រឿង​ថ្មី​មួយ​ទៀតហើយ ចំណងជើង​ថា Killing Time Violently​។​

Killing Time Violently ជា​ប្រភេទ​ភាពយន្ត​វាយប្រហារ​បែប​កំប្លែង ដែល​នឹងមាន​ការចូលរួម​សម្តែង​ដោយ តារា​ល្បីៗ​ជួរមុខ​ក្នុងការ​សម្តែង​រឿង​បែប​វាយប្រហារ​ជាច្រើន រួមមាន លោក អ៊ួ តារា​, កញ្ញា សំ ថា​រ័ត្ន​, លោក រស់ មុនី​, លោក Phang ជាដើម​។​

​ដើម្បីឱ្យ​ផ្ទៃរឿង​ទាំងមូល​ពោរពេញ​ដោយ​ការវាយប្រហារ និង​សំណើច​ក្អាកក្អាយ​សម្រាប់​អ្នកទស្សនា អ្នកដឹកនាំ​រឿង​បានដាក់​បញ្ចូល​បុគ្គល​ល្បីៗ​ដូចជា តារា​កំប្លែង នាយ​ពាក់​មី​, នាយ​ក្រូច​, ឌី​ជេ ស្តី និង Influencer ដ៏​ល្បី​នៅ​ទីក្រុង​តូ​ក្យូ Hinano Kurosaki​។​

​លោក អ៊ួ តារា ប្រាប់​ឱ្យដឹងថា ការសម្តែង​ក្នុង​រឿងនេះ ប្រៀប​ដូច​លោក​ទៅ​ប្រឡង​ម្តងទៀត ដោយសារ​តួអង្គ​ក្នុង​រឿងនេះ​វា​លំបាក​ពេក ដែល​តម្រូវឱ្យ​លោក​ផ្លាស់ប្តូរ​ខ្លួនឯង ១៨០​ដឺ​ក្រេ ដើម្បីឱ្យ​សម​តួអង្គ​ដែល​លោក​សម្តែង​។ តាម​គម្រោង​លោក​ត្រូវ​ឡើង​គីឡូ​បន្ថែមទៀត ដើម្បីឱ្យ​មាឌធំ​ក្រអាញ សម​ទម្រង់​នៃ​តួអង្គ​នេះ​។​

​អង្គ​សំខាន់​ម្នាក់ទៀត​សម្តែង​ដោយ​លោក រស់ មុនី ក៏បាន​ឱ្យដឹង​ដែរ​ថា តួអង្គ​រឿងនេះ​ថ្មី​ហើយ​ប្លែក​ខ្លាំងណាស់​សម្រាប់​លោក ដោយសារ​តួអង្គ​មាន​ច​រិ​ក​ច្រើន​ហើយ​សាហាវ​ខ្លាំងពេក ដូច្នេះ​លោក​គិតថា​វា​នឹង​ជា​បទពិសោធន៍​ថ្មី​សម្រាប់​លោក​។​

​លោក Jimmy Henderson អ្នកដឹកនាំ​រឿង KTV: Killing Time Violently ឱ្យដឹងថា ព្រោះ​លោក​ដិតដាម​ជាមួយ​ពាក្យ KTV ហើយ​នរណាៗ​ក៏​ស្គាល់ និង​ដឹង​ពី​ន័យរ​បស់ពាក្យ​នេះដែរ ទើប​សម្រេច​ជ្រើស​យកពាក្យ​នេះ​មក​ថត​ជា​សាច់រឿង​បែប​ផ្សេង​ដែលមាន​ការវាយប្រហារ​នៅក្នុង​នោះ​។ ហើយ​ការ​ជ្រើស​យក​តួអង្គ​ប្លែកៗ​ដូច តារា​កំប្លែង នាយ​ពាក់​មី នាយ​ក្រូច ឌី​ជេ​ស្តី ដែល​មិនមែនជា​តារា​សម្តែង​ជំនាញ​វាយតប់ ព្រោះ​លោក​ចង់ឱ្យ​អ្នកមើល​ទទួលបាន​សំណើច​ពី​រឿង action មួយ​នេះ​។ ម្យ៉ាង គ្រប់គ្នា​មាន​សមត្ថភាព​ពិសេស​អាច​បត់បែន​បាន​គ្រប់​ស្ថានភាព និង​អាច​រួម​សម្តែង​ជាមួយគ្នា​បាន​។ ចំណែក ឌី​ជេ ស្តី ដែល​ត្រៀម​សម្តែង​ភាពយន្ត​ជា​លើកដំបូង នឹង​សម្តែង​តួអង្គ​មួយ​ដែល​គ្រប់គ្នា​នឹកស្មាន​មិន​ដល់ តែ​ពេលនេះ​លោក​នៅ​មិនទាន់​អាច​ទម្លាយ​ឱ្យដឹង​បានឡើយ​។​

​សូមជម្រាបថា រឿង KTV: Killing Time Violently នឹង​ចាប់ផ្តើម​បើក​កា​ម៉េ​រ៉ា​ចេញ​ថត​នៅ​ដើមខែ​កញ្ញា​នេះ នឹង​គ្រោង​ធ្វើ​ការចាក់​បញ្ចាំង​នៅ​កម្ពុជា​នៅ​អំឡុង​ឆ្នាំ​២០២៣​។ ក្រៅ​អំពី​ការចាក់​បញ្ចាំង​នៅ​កម្ពុជា រឿងនេះ​ក៏​គ្រោង​យកទៅ​រួម​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​ផ្សេងៗ​ផងដែរ ហើយ​ក៏មាន​គម្រោង​ដាក់បញ្ចូល​តាម Online platform ជាច្រើន​នៅ​អន្តរជាតិ ដើម្បី​ពង្រីក​ទីផ្សារ​ភាពយន្ត​ខ្មែរ​ឱ្យ​កាន់តែ​ទូលំទូលាយ​ជាង​ពេលបច្ចុប្បន្ន​។​

Killing Time Violently មានការ​ចូលរួម​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន M Pictures Cambodia, Two Rivers International និង​បណ្តា​ក្រុមហ៊ុន​ធំៗ​ជាច្រើន​ផ្សេងទៀត​៕​