ប្រែ​សម្រួលៈ​បំណង​(ST)៖ ឥណ្ឌា​នៅ​ថ្ងៃ​សុក្រ​ទី​២​កញ្ញា​នេះ​បាន​បញ្ចេញ​នាវា​ដឹក​យន្តហោះ​ផលិត​ក្នុងស្រុក​ទី​ពីរ​និង​ធំ​បំផុត​របស់​ខ្លួន​ហើយ​បញ្ចូល​វា​ទៅ​ក្នុង​សេវា​កងទ័ព​ជើង​ទឹក​ដោយ​ផ្តល់​ការជំរុញ​មួយ​​ដល់​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ​នៅ​ពេល​មហាសមុទ្រ​ឥណ្ឌា​កាន់តែ​មាន​វត្តមាន​យោធា​ច្រើនឡើង​។​

​នៅក្នុង​ពិធី​ដាក់អោយ​ដំណើរការ​នាវា​នេះ​នៅ​ទីក្រុង​កូជី​(Kochi) នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក ណា​រ៉េ​នដ្រា ម៉ូ​ឌី បាន​និយាយថា​«​ការការពារ​ផ្លូវ​ពាណិជ្ជកម្ម​តាម​សមុទ្រ​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​និង​​មហាសមុទ្រ​ឥណ្ឌាជា​អាទិភាព​មួយ​នៅពេល​សព្វថ្ងៃ ហើយ​ការ​ដាក់​ដំណើរការ​នាវា​នេះ​នឹង​ជំរុញ​ពាណិជ្ជកម្ម​ព្រមទាំង​សេដ្ឋកិច្ច​សកលលោក »​។​

​ក្រោយ​ផលិត​អស់​២០​ឆ្នាំ នាវា​ចំណុះ​៤៥.០០០​តោន INS Vikran ត្រូវបាន​ដាក់បញ្ចូល​ក្នុង​សេវា​កងទ័ពជើងទឹក​ឥណ្ឌា​កាលពី​ថ្ងៃ​សុក្រ​ទី​២​កញ្ញា​។​វា​អាច​ដាក់​យន្តហោះ​បាន​៣០​គ្រឿង និង​ទាហាន​១.៧០០​នាក់​។​

​រដ្ឋាភិបាល​ទីក្រុង​ញូវដេល្លី ក៏​ពិចារណា​ផែនកា​រដាក់​ដំណើរការ​នាវា​ផ្ទុក​យន្តហោះ​ទី​បី​ដើម្បី​បន្ថែម​សមត្ថភាព​កងទ័ពជើងទឹក​របស់ខ្លួន​។​

​ឧត្តមសេនីយ៍​ចូលនិវត្ត​ន៍​ម្នាក់​បាន​និយាយថា​«​នាវា​ដឹក​យន្តហោះ​អនុញ្ញាតអោយ​ប្រទេស​របស់​វា​បង្កើតឥទ្ធិពល​តាម​រយៈ​វត្ត​មាន​ជា​អចិន្ត្រៃយ៍​របស់​ពួក​វា​នៅ​ទី​ឆ្ងាយៗ​។​វា​កាន់តែ​មាន​តំរូវការ​នៅ​ពេល​តំបន់​​ឥណ្ឌូ​ប៉ាស៊ីហ្វិក កាន់តែ​មាន​វត្តមាន​យោធា​កាន់តែ​ច្រើន​ទៅ​»​។​

​សព្វថ្ងៃ​មាន​នាវាចម្បាំង​បរទេស​ប្រមាណ​១២៥​នៅក្នុង​តំបន់​មហាសមុទ្រ​ឥណ្ឌានៅពេលខ្លះគឺស្មើនឹង​បី​ដង​នៃ​ចំនួន​នាវា​ដែល​ត្រូវបាន​បញ្ជូន​មក​តំបន់​នេះ​បន្ទាប់ពី​ព្រឹត្តិការណ៍​វាយប្រហារ​ភេរវកម្ម​ថ្ងៃ​១១​កញ្ញា នៅពេល​​អាម៉េរិក​ចូល​ឈ្លានពាន​អា​ហ្វ​ហ្គានី​ស្ថាន​។​តាមពិតដែនទឹក​នៅ​ឯនាយ​ឥណ្ឌា​មិន​ដែល​ធ្លាប់​ឃើញ​វត្តមាន​នាវាចម្បាំង​ច្រើន​ដូច​សព្វថ្ងៃ​ចា​ប់តាំង​ពី​សង្គ្រាមលោកលើកទី​ពីរ ដោយសារ​តែ​អាម៉េរិក សម្ពន្ធមិត្ត​និង​ចិន​​បញ្ជូន​នាវាចម្បាំង​កាន់តែ​ច្រើន​ឡើង​មក​កាន់​តំបន់​នេះ​។​

​របាយការណ៍​មួយ​ផ្ញើ​ទៅ​កាន់​សភា​អាម៉េរិក​និយាយថា ចិន​មាន​ផែនការ​សាងសង់​នាវា​ដឹក​យន្តហោះ​ទី​ប្រាំមួយ​។​

​នាវា​INS Vikrant​នឹង​ទទួល​ដាក់​ឧទ្ធម្ភាគចក្រ​ទិញ​ថ្មីៗពី​អាម៉េរិក​ធុនMH-60R និង​យន្តហោះ​MIG-29K​ដែល​កំពុង​ចត​នៅលើ​នាវ​ផ្ទុក​យន្តហោះ​INS Vikramaditya​របស់​ឥណ្ឌា​មួយទៀត​ផងដែរ​។​ឥណ្ឌា​​មាន​MIG-29 K​ចំនួន​៤០​គ្រឿង​៕