​ដោយៈ សុផល / ភ្នំពេញ​៖ ម៉ាឡេស៊ី កំពុង​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​របស់ខ្លួន និង​បាន​ដក​របាំង និង​លក្ខខណ្ឌ​សុខាភិបាល ដើម្បី​ទាក់ទាញ​ទេសចរ​ឡើងវិញ ក្រោយ​វិបត្តិ​កូ​វីដ​-១៩ បាន​ស្រាក​ស្រា​ន​បន្តិច ។​

​ជាក់ស្តែង ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា និង​ក្រុមប្រឹក្សា​ផ្សព្វផ្សាយ​ទេសចរណ៍​ម៉ាឡេស៊ី បានរៀបចំ​ពិព័រណ៍​ទេសចរណ៍​ម៉ាឡេស៊ី Let’s Go Malaysia Travel Fair 2022 ។​

​ពិព័រណ៍​ទេសចរណ៍​ម៉ាឡេស៊ី​នេះ ធ្វើឡើង​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ភ្នំពេញ រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃទី ២-៤ ខែកញ្ញា ឆ្នាំ​២០២២ ។ ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ នៃ​កម្មវិធី​ពិព័រណ៍ នា​ព្រឹក​ថ្ងៃទី​២ កញ្ញា នេះ ក៏មាន​ការចូលរួម​ពី​សំណាក់​ឧកញ៉ា អ៊ែ​ល​ដិ​ន ហា​សៃ​នី ម៉ូ​ហា​ស្ស៊ី​ម (Datuk Eldeen Husaini Mohd Hashim) ឯកអគ្គរាជទូត ម៉ាឡេស៊ី ប្រចាំ​កម្ពុជា លោក សូ ម៉ា​រ៉ា រដ្ឋលេខាធិការ ក្រសួងទេសចរណ៍​កម្ពុជា និង​លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទេសច​រណ៍​កម្ពុជា (CATA) ។​

​លោកស្រី ពត រ៉ានី ប្រធាន​គ្រប់គ្រង​ទីផ្សារ​ប្រចាំ​ក្រុមប្រឹក្សា​ផ្សព្វផ្សាយ​ទេសចរណ៍​ម៉ាឡេស៊ី នៃ​ស្ថានទូត​ម៉ាឡេស៊ី បានឱ្យដឹងថាៈ ពិព័រណ៍​ទេសចរណ៍​ម៉ាឡេស៊ី​នេះ មាន​គោលបំណង ផ្សព្វផ្សាយ និង​បង្កើន​ការទាក់ទាញ​ភ្ញៀវទេសចរ​ក៏ដូចជា​បង្ហាញ​ពី​ផលិតផល​ទេសចរណ៍ ថ្មីៗ នៅ​ម៉ាឡេស៊ី ក៏ដូចជា ពង្រឹង​កិច្ចសហប្រតិបត្តិការ ក្នុង​វិស័យ​ទេសចរណ៍ នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​ម៉ាឡេស៊ី ។​

​លោកស្រី ពត រ៉ានី បាន​បន្តថាៈ ការតាំងពិព័រណ៍​ទេសចរណ៍​នេះដែរ​ក៏មាន​ការចូលរួម សហការ ដោយ​ភ្នាក់ងារទេសចរណ៍​ក្នុងស្រុក ចំនួន ១០ ក្រុមហ៊ុន ដែល​បានមក​ដាក់ តាំង​លក់​កញ្ចប់​សេវាកម្ម​ទេ​ចរណ៍ ទៅកាន់​ប្រទេស​ម៉ាឡេស៊ី រួមមាន ក្រុមហ៊ុន World Pop Travel & Tours, ក្រុមហ៊ុន R.T.R Tours, ក្រុមហ៊ុន Sky King Travel & Tours, ក្រុមហ៊ុន 2 World Travel Cambodia, ក្រុមហ៊ុន Gold Star Travel & Tours, ក្រុមហ៊ុន Global Holiday Travel & Tours, ក្រុមហ៊ុន TNTO Travel & Tours, ក្រុមហ៊ុន Ann Loue Travel & Tours, ក្រុមហ៊ុន Fun Trip Travel & Tours, ក្រុមហ៊ុន Sakona Travel & Tours​។​

 

​ក្រៅពីនេះ មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​៣ ដែលមាន​ជើងហោះហើរ​ត្រង់ កម្ពុជា​-​ម៉ាឡេស៊ី រួមមាន ក្រុមហ៊ុន Malaysia Airlines, ក្រុមហ៊ុន AirAsia និង​ក្រុមហ៊ុន Lanmei Airlines ព្រមទាំង​ធនាគា​កម្ពុជា​សាធារណៈ​, Medial Tourism ដែល​មកពី Sunway Medical Centre​។ ក្រុមហ៊ុន​ទាំងនេះ នឹង​ផ្សព្វផ្សាយ​រយៈពេល ៣​ថ្ងៃ ជាមួយនឹង​ការលក់​ប្រូ​ម៉ូ​សិន​ពិសេស លើ​កញ្ចប់​សេវាកម្ម ដំណើរ​កម្សាន្ត ការ​កក់​ជើងហោះហើរ និង​សេវាកម្ម​ទេសចរណ៍​ផ្សេងទៀត​។ លើសពីនេះ ក៏មាន​ទីភ្នាក់ងារ Tourism Malaysia ជាទី​ភ្នាក់ងារ​មួយ​ស្ថិតក្រោម ក្រសួងទេសចរណ៍ សិល្បៈ និង​វប្បធម៌​ម៉ាឡេស៊ី​។​

​លោក​ឯកអគ្គរាជទូត អ៊ែ​ល​ដិ​ន ហា​សៃ​នី ម៉ូ​ហា​ស្ស៊ី​ម បាន​ថ្លែងថាៈ បច្ចុប្បន្ន ប្រទេស​ម៉ាឡេស៊ី មិន​តម្រូវឱ្យមាន​លក្ខខណ្ឌ​អ្វី​ទៀតឡើយ សម្រាប់​ភ្ញៀវទេសចរ​អន្តរជាតិ ដែល​ចូលទៅ​កាន់​ប្រទេស​ខ្លួន ពោលគឺ​លែងមាន​ការធ្វើ​តេស្ត ឬ​ការធ្វើ​ច​ត្តា​ឡី​ស័ក ការបង់ប្រាក់​ធានា ដូច​កាលពីពេល​រីក​រាលដាល​ជំងឺ​កូ​វីដ​ខ្លាំង​នោះឡើយ​។​

​លោក ឯកអគ្គរដ្ឋទូត បាន​ឲ្យ​ដឹងថាៈ ទីក្រុង​គូ​ឡា​ឡាំ​ពួ កោះ​ឡាង​កា​វី រដ្ឋ​ចូ​ហូ រដ្ឋ​សា​រ៉ា​វ៉ា​ក់ រដ្ឋ​ម៉ា​ឡា​កា ក៏ដូចជា កោះ​ឆ្នេរសមុទ្រ ទីក្រុង​ទេសចរណ៍​ដទៃទៀត គឺ​បាន​ត្រៀម​ស្វាគមន៍ ភ្ញៀវទេសចរ​ពី​កម្ពុជា រួចជាស្រេច​។ ភ្ញៀវទេសចរ ដែល​ចង់ទៅ​ម៉ាឡេស៊ី គ្រាន់តែ​ទិញ​សំបុត្រ​យន្តហោះ ហើយ​រៀបចំ​អីវ៉ាន់ អាច​ទៅបាន​តែម្ដង​។​

​លោក​ឯកអគ្គរាជទូត បាន​បន្តថាៈ ពេលនេះ​ជា​ពេល​ដ៏​ស័ក្តិសម​បំផុត ក្នុងការ​ទៅ​ទស្សនា កម្សាន្ត​នៅ​ម៉ាឡេស៊ី ពីព្រោះ​អាកាសធាតុ អំណោយផល ខណៈ​រមណីយដ្ឋាន គោលដៅ​ទេសចរណ៍ សណ្ឋាគារ ផ្សារ​ទំនើប និង​សេវាកម្ម​ទេសចរណ៍ គឺ​ត្រូវបាន​បើក យ៉ាង​ទូលំទូលាយ​វិញ​អស់ហើយ​។​

​ជាមួយគ្នា​នោះ លោក​ឯកអគ្គរាជទូត​ម៉ាឡេស៊ី បានបញ្ជាក់​ទៀតថាៈ នៅ​ប្រទេស​ម៉ាឡេស៊ី ក៏​តែងមាន​ការផ្សព្វផ្សាយ អំពី​ទេសចរណ៍​កម្ពុជា​ផងដែរ ដើម្បី​ជំរុញ​ចលនា​ភ្ញៀវទេសចរ ពី​ម៉ាឡេស៊ី​មក​កម្ពុជា ខណៈ​បច្ចុប្បន្ន មាន​ភ្ញៀវទេសចរ​ម៉ាឡេស៊ី មកកាន់​កម្ពុជា ច្រើន​ណាស់ដែរ គឺ​រហូតដល់ ៨.០០០ នាក់ បន្ទាប់ពី​ប្រទេស​ទាំងពីរ ប្រកាស​បើកទទួល ភ្ញៀវទេសចរ​អន្តរជាតិ​ឡើងវិញ​នោះ​។​

​លោក​បាន​ឲ្យ​ដឹងផង​ដែរ​ថាៈ ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​ទេសចរណ៍​នេះ មាន​កញ្ចប់ ទេសចរណ៍​ពិសេសៗ ដែល​ក្នុងនោះ​រួមមាន​ការបញ្ចុះ​តម្លៃ​សំបុត្រ​យន្តហោះ ជាដើម​។​

​លោក​រដ្ឋលេខាធិការ សូ ម៉ា​រ៉ា ក៏បាន​លើកទឹកចិត្ត ដល់​ភាគី​ម៉ាឡេស៊ី ក៏ដូចជា ក្រុមហ៊ុន​ទេសចរណ៍​នៅ​កម្ពុជា សហការគ្នា ចូលរួម​ផ្សព្វផ្សាយ​ពី​ទេសចរណ៍ នៃ​ប្រទេស​ទាំងពីរ ក្រោម​ទិស​ស្លោ​កថា «​ប្រទេស​ពីរ គោលដៅ​តែមួយ​» ដើម្បី​ទាក់ទាញ ជំរុញ​ចលនា​ទេសចរ ទៅវិញទៅមក​។​

​លោកស្រី ឆាយ ស៊ីវ​លីន បានបង្ហាញ​ក្ដី​រំពឹងទុក​ថាៈ តាមរយៈ​ជើងហោះហើរ​ត្រង់ រវាង​កម្ពុជា​-​ម៉ាឡេស៊ី និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​ល្អ ជាមួយគ្នា ឡើងវិញ​នេះ (​បន្ទាប់ពី​វិបត្តិ​កូ​វីដ​១៩ រីក​រាលដាល​ខ្លាំង​) ប្រទេស​ទាំងពីរ នឹង​ទទួលបាន ភ្ញៀវទេសចរ កាន់តែ​ច្រើនជាង​មុន ពីព្រោះ​ប្រទេស​ទាំងពីរ សុទ្ធ​តែមាន​ភាព​ទាក់ទាញ ខ្លាំង​ដូចគ្នា​៕/V​