ភ្នំពេញ​៖ ក្រុមប្រឆាំង​តែងតែ​លើកឡើង​អំពី​ផែនការ​បន្តវេន​ដឹកនាំ​ប្រទេស​របស់​គណបក្ស​ប្រជាជន​កម្ពុជា និយាយ​ជារួម និង និយាយ​ដោយឡែក ការបន្ត​វេន​ដឹកនាំ​របស់​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី​នាពេល​អនាគត ដោយ​ចោទប្រកាន់ថា​ការឡើង​បន្តវេន​ដឹកនាំ​ប្រទេស​របស់​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី​នាពេល​អនាគត គឺជា​ការ​បន្តវេន​ដឹកនាំ​ស្នង​ពី​ឪពុក​។ រឿង​មួយទៀត ក៏​ដូចគ្នា​ដែរ គឺ​ក្រុមប្រឆាំង​តែងតែ​លើកឡើង​ដដែល​ជា​ដដែល​អំពី​ការបែកបាក់​ផ្ទៃក្នុង គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​រឿង​បន្តវេន​ដឹកនាំ​ប្រទេសជាតិ ហើយ​ឥឡូវនេះ ពួកក្រុម​ប្រឆាំង​តាមរយៈ​អ្នកវិភាគ​ពុល​ទឹកមាត់​មួយចំនួន បាន​បន្ត​មកដល់​ការលើកឡើង​រឿង​ដណ្តើម​គ្នា​ដើម្បី​ឡើង​ធ្វើជា​នាយករដ្ឋមន្ត្រី​រវាង​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង ឯកឧត្តម ហ៊ុន ម៉ា​នី ដែលជា​បងប្អូន​បង្កើត​។ តើ​មូល​ហេតុអ្វី​បានជា​ក្រុមប្រឆាំង​តែងតែ​ញុះញង់​និង​អុជអាល​អំពី​រឿង​ទាំងអស់នេះ ហើយ​បែរជា​មិន​គិត​ខិតខំ​ប្រឹងប្រែង​ដើម្បី​ស្វែងរក​បេក្ខភាព​នាយករដ្ឋមន្ត្រី​ឱ្យបាន​ល្អ ហើយ​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ខាងមុខ​?

​ទី​១- ក្រុមប្រឆាំង​បានទទួល​យក​ការបរាជ័យ​មុន​ការប្រកួត ឬថា ជាការ​ចុះចាញ់​មុន​ការប្រកួត ទាំង​សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០២៣ ទាំង​សម្រាប់​ការបោះឆ្នោត​ជា​បន្តបន្ទាប់​ខាងមុខ​។ ក្រុមប្រឆាំង​ពុំមាន​ឡើយ​នូវ​ក្តីសង្ឃឹម សូម្បីតែ​បន្តិច សម្រាប់​ឈ្នះ​ការបោះឆ្នោត​នាពេលខាងមុខ ដើម្បី​ឡើង​ធ្វើជា​នាយករដ្ឋមន្ត្រី​។ និយាយ​ម្យ៉ាងទៀត អ្វីដែល​បានលើកឡើង​ខាងលើ គឺ​បង្ហាញ​ច្បាស់​នូវ​ការពិត​នយោបាយ​មួយ ហើយ​វា​ស្ថិតក្នុង​ការគិត​រួចទៅហើយ​របស់​ក្រុមប្រឆាំង គឺ ការបាត់បង់​អស់រលីង​នូវ​ក្តីសង្ឃឹម ហើយ​ទទួលយក​រួចទៅហើយ​នូវ​បរាជ័យ​របស់ខ្លួន​សម្រាប់​ការប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​នាពេលខាងមុខ ជាពិសេស គឺ​ការទទួលស្គាល់​ចាប់ពី​ពេល​ទៅ​ថា ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​នាពេល​អនាគត​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​, របស់​ប្រជាជន​កម្ពុជា និង​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្រុមប្រឆាំង​ពិតជា​គ្មាន​សង្ឃឹមថានឹង​ឈ្នះ​ការបោះឆ្នោត​ឡើយ ហើយក៏​មិនអាច​ដណ្តើម​ប្រជាប្រិយភាព​ពី​គណបក្ស​ប្រជាជន​កម្ពុជា ពីស​ម្តេច​តេ​ជោ ហ៊ុន សែន និង​ពី​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត​ឡើយ​។ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ដែល​ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា​ផ្តល់​សេចក្តីទុកចិត្ត​សម្រាប់​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​នា​អនាគត ហើយ​ដែល​កំពុង​ទទួល​បានកា​រ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ទាំង​ក្នុងប្រទេស​និង​ក្រៅប្រទេស​។ ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត មាន​ភាព​សកម្ម​លើ​ផ្នែក​កិច្ចការ​ការទូត​ជាមួយ​បណ្តា​ប្រទេស​ជា​មិត្ត​ទាំងអស់​។ ចំណុច​ទាំងនេះ ដែល​ធ្វើឱ្យ​ក្រុមប្រឆាំង​បាត់បង់​ជំនឿ​លើ​ខ្លួនឯង និង​គ្មាន​ក្តីសង្ឃឹម​អ្វី​បន្តិច​ឡើយ​។​

​ទី​២- ការរត់​តាម​ក្រោយ​សភាពការណ៍​គឺជា​ទម្លាប់​របស់​ក្រុមប្រឆាំង​ហើយ​ការវាយតម្លៃ​ខុស​លើ​គ្រប់​ស្ថានការណ៍​គឺជា​មូលដ្ឋានគ្រឹះ​នៃ​បរាជ័យ​របស់​ក្រុមប្រឆាំង​។ ក្រុមប្រឆាំង​ជ្រុលនិយម​គួរ​យល់ថា ការត្រៀម​លក្ខណៈ​សម្រាប់​ការ​បន្តវេន​ដឹកនាំ​ប្រទេស ជា​រឿង​ធម្មតា​នៃ​ការងារ​នយោបាយ​របស់​គណបក្សនយោបាយ​ដែលមាន​ទស្សនៈ​វែងឆ្ងាយ ក្នុងការ​បម្រើ​ឧ​ត្ត​ម​ប្រយោជន៍​ប្រទេសជាតិ និង​ប្រជាជន​កម្ពុជា ប្រកបដោយ​និរន្តរភាព ហើយ​វា​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​គណបក្ស​នីមួយៗ​។​ប៉ុន្តែ​ទោះបីយ៉ាងណា ការ​បន្តវេន​ដឹកនាំ​ប្រទេស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្តី ឬ​ការប្រកួតប្រជែង​ដឹកនាំ​ប្រទេស​របស់​គណបក្សនយោបាយ​នីមួយៗ​ក្តី គឺ​ត្រូវគោរព​តាម​គោលការណ៍ និង​លក្ខខណ្ឌ​ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ពោលគឺ ការបោះឆ្នោត​ពី​ប្រជាជន​កម្ពុជា​តាម​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​របបរាជានិយម​អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ​។​

​ការខិតខំ​ព្យាយាម​អុជអាល ញុះញង់​របស់​ក្រុមប្រឆាំង​លើ​ការបន្ត​វេន​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​គ្រាន់តែ​ជា​យុទ្ធសាស្ត្រ​ចាញ់​-​ចាញ់​ប៉ុណ្ណោះ​។ ចាញ់​ដោយសារតែ​ពួកគេ​គ្មាន​លទ្ធភាព​នឹង​រក​បេក្ខភាព​ដែលមាន​សមត្ថភាព និង​ទេពកោសល្យ​ដឹកនាំ និង​ពោរពេញ​ដោយ​ប្រជាប្រិយភាព​ដូច​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ឡើយ​។ ចាញ់​ដោយសារតែ​ពួកគេ​គិតថា​ពួកគេ​គ្មាន​ក្តីសង្ឃឹម​អាច​ដណ្តើម​ជំនឿ​ទុកចិត្ត​របស់​ប្រជាជន​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បានឡើយ ខណៈ​ពួកគេ​គ្មាន​លទ្ធភាព​នឹង​គ្រប់គ្រង​ដឹកនាំ​កូន​បក្ស​តូច​មួយ ឬ​ក្រុមប្រឆាំង​មួយ​ក្តាប់​តូច​របស់ខ្លួន​ផង​។​

​ទី​៣- ក្រុមប្រឆាំង​មិន​ត្រឹមតែ​ចុះចាញ់​មុន​ការប្រកួត​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០២៣ ខាងមុខនេះ ប៉ុណ្ណោះ​ទេ ប៉ុន្តែ បាន​មើលឃើញ​យ៉ាងច្បាស់​ថា ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​ម្នាក់​ដ៏​ខ្លាំង​នាពេល​អនាគត​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ហើយ​សម្រាប់​រយៈពេល​វែង ក្រុម​ប្រឆាំងនឹង​កាន់តែ​អស់សង្ឃឹម​ក្នុងការ​ផ្តួល​គណបក្ស​ប្រជាជន​កម្ពុជា ខណៈដែល​ក្រុមប្រឆាំង មិនទាន់​នឹង​បាន​នឹកគិត​ឃើញ​អំពី​ផែនការ​បន្តវេន​នៅឡើយ ប៉ុន្តែ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា បានរៀបចំ និង​ដាក់ចេញ​បាន​យ៉ាង​ល្អ​នូវ​ផែនការ​នៃ​ការ​បន្តវេន​ដឹកនាំ​ប្រទេស ទាំង​លើ​បទពិសោធ​ការងារ ទាំង​លើ​ការទទួលបាន​ភាពចាស់ទុំ​ខាង​នយោបាយ និង ការដឹកនាំ​ប្រទេស និង​ទាំង​លើ​ប្រជាប្រិយភាព​នយោបាយ​ជាមួយ​ប្រជាជន​កម្ពុជា តាមរយៈ​ការធ្វើ​អំពើ​ល្អ​ជាមួយ​ប្រជាជន​, ការបង្កើតបាន​នូវ​ស្នាដៃ​រាប់មិនអស់​ដើម្បី​ឧ​ត្ត​ម​ប្រយោជន៍​របស់​ជាតិ​និង​ប្រជាជន និង​ការ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាជន​កម្ពុជា​នៅ​គ្រប់​កាលៈទេសៈ​ក្រោម​ម្លប់​នៃ​សន្តិភាព​។​

​យុទ្ធសាស្ត្រ​អុជអាល​របស់​អ្នកវិភាគ​ពុល​ទឹកមាត់ និង​ក្រុម ប្រឆាំង​រត់ចោលស្រុក​ដើម្បី​បំបែកបំបាក់ និង​ទាញ​ទម្លាក់​ជំនឿ​ទុកចិត្ត​របស់​ពលរដ្ឋ​មកលើ​គណបក្ស​ប្រជាជន និង​ជាពិសេស​លើ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត នឹង​មិនបាន​ជោគជ័យ​ឡើយ​។ សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២២​ថា «​ខ្ញុំ​សូម​ផ្តាំ​ទៅវិញ បើ​គ្រួសារ​របស់លោក​អ៊ីចឹង លោក​កុំ​គិតថា​គ្រួសារ​របស់ខ្ញុំ ដូច​គ្រួសារ​របស់លោក ព្រោះ​គ្រាន់តែ​ប្រពន្ធ​ក៏​លោក​បាន​លែងលះគ្នា​ដែរ សូម្បីតែ​ប្រពន្ធ​របស់លោក​មិនត្រូវ​ផង តើ​លោក​មានរឿង​អី​ត្រូវ​ជាមួយ​ខ្ញុំ​។ បើ​គ្រួសារ​របស់លោក​ស្មោគគ្រោក​ចេះ​ច្រណែន​គ្នា​រវាង​បងប្អូន ប្រពន្ធ ប្តី អាហ្នឹង​រឿង​គ្រឿង​គ្រួសារ​លោក តែ​គ្រួសារ​ខ្ញុំ​ផ្សេង កូន​របស់ខ្ញុំ ចៅ​របស់ខ្ញុំ ខ្ញុំ​កម្រិត​ត្រឹមតែ​ចៅ​របស់ខ្ញុំ​ទៅ​ចុះ បងប្អូន​គេ មាន​ឋានានុក្រម​របស់គេ ស្តាប់​បង​របស់គេ​ណាស់ គេ​គ្មាន​មហិច្ឆតា​ដើម្បី​ធ្វើ​នាយករដ្ឋមន្ត្រី​ជំនួស​បង​របស់គេ​…!»​។​

​ក្រោយ​សម្តេច​តេ​ជោ​ប្រតិកម្ម​ឆ្លើយតប​នឹង​ក្រុមអ្នកវិភាគ​ដូរ​បាយ ឯកឧត្តម ហ៊ុន ម៉ា​នី បានចាត់ទុក​ការវិភាគ​និង​ការបកស្រាយ​ទាំងឡាយ​របស់​អ្នកវិភាគ​រត់ចោលស្រុក គ្រាន់តែ​ជាការ​បង្ហាញឱ្យឃើញ​កាន់តែច្បាស់​ពី​ភាព​ភិតភ័យ​របស់​ក្រុមអ្នកវិភាគ​ទាំងនោះ ចំពោះ​កម្លាំង​សាមគ្គីភាព​ដ៏​រឹងមាំ​នៃ​ថ្នាក់ដឹកនាំ សមាជិក សមាជិកា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​។ ឯកឧត្តម ហ៊ុន ម៉ា​នី បាន​លើកឡើងថា​៖ «​កន្លងមក ខ្ញុំ​សង្កេត​ថា​ឃើញ​មានការ​បកស្រាយ និង​បទ​វិភា​គជា​បន្តបន្ទាប់​ស្តីពី​ខ្ញុំ និង​បង​ណែ​ត ដែល​ការវិភាគ​ទាំងនោះ មាន​ចេតនា​អុជអាល និង​ញុះញង់ ហើយ​ជួន​ពេលខ្លះ ក៏​ជាការ​វិភាគ​ដែល​គួរ​ឲ្យ​អស់ សំណើច​ទៅទៀត​ផង​។ ដូច​អ្វីដែល​ពុក បានលើកឡើង​កាលពី​ព្រឹក​មិញ​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ថ្មី ខ្ញុំ​សូមជម្រាបថា ខ្ញុំ និង​បង​ណែ​ត និង​ក្រុមគ្រួសារ​យើងទាំងអស់គ្នា យល់ច្បាស់​ណាស់​ពី​ចរិត​នៃ​ការបកស្រាយ និង​បទ​វិភាគ​ក្នុង​ចេតនា​បំបែកបំបាក់​ទាំងនោះ ហើយ​យើង​អរគុណ​ទៅវិញ​ទេ ដែល​ការវិភាគ​ទាំងនោះ បាន​ក្លាយទៅជា​មូលដ្ឋាន​សាមគ្គីភាព​ផ្ទៃក្នុង​បន្ថែមទៀត​សម្រាប់​ក្រុមគ្រួសារ​របស់​យើង​។ ដូច​អ្វីដែល​ខ្ញុំ​ធ្លាប់បាន​បកស្រាយ​ជា​សាធារណៈ និង​ជា​បន្តបន្ទាប់​កន្លងមក​ថា​ខ្ញុំ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​បេក្ខភាព​បង ណែ​ត ជា​បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី​បន្ត​ពី​ពុក ហើយ​ការគាំទ្រ​នេះ មិន​ត្រឹមតែ​ស្តែង​ចេញពី​ការលើកឡើង​របស់ខ្ញុំ​ជា​ហូរហែ​ប៉ុណ្ណោះ​ទេ វា​ក៏​ស្ដែងចេញ​តាម​ទង្វើ​ទាំងឡាយ​ដែល​ខ្ញុំ​បាន និង​កំពុង​ធ្វើ​នាពេល​កន្លងមក​។ លើសពី​ក្នុង​ក្របខណ្ឌ​ក្រុមគ្រួសារ​យើង ថ្នាក់ដឹកនាំ សមាជិក សមាជិកា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​យើង​ទាំងអស់ នាពេល​កន្លងមក និង​ជា​បន្តបន្ទាប់ ក៏បាន​បង្ហាញ​ការគាំទ្រ​ចំពោះ​បេក្ខភាពរ​បស់បង​ណែ​ត​នេះដែរ ដែល​ផ្ទុយទៅវិញ ការបកស្រាយ​អុចអាល​ទាំង​អម្បាលម៉ាន​នេះ គ្រាន់តែ​ជា​អ្វីដែល​បង្ហាញ​ឲ្យ​យើង អាច​ឃើញ​កាន់តែច្បាស់​ពី​ភាព​ភិតភ័យ​របស់​ក្រុមអ្នកវិភាគ​ទាំងនោះ ចំពោះ​កម្លាំង​សាមគ្គីភាព​ដ៏​រឹងមាំ​នៃ​ថ្នាក់ដឹកនាំ សមាជិក សមាជិកា​នៃ​បក្ស​យើង​»​។​

​ដូច្នេះ​ច្បាស់​ណាស់​ថា កាលដែល​ក្រុមប្រឆាំង​ព្យាយាម​លើក​ម្តង​ហើយ​ម្តងទៀត​លើ​ការបន្ត​វេន​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ថា​មានការ​បែកបាក់​ផ្ទៃក្នុង របស់​គណបក្ស​ប្រជាជន​កម្ពុជា​លើ​ការបន្ត​វេន​គឺជា​ការបញ្ជាក់​ពី​ការ​អស់សង្ឃឹម​ទាំងស្រុង របស់​ក្រុមប្រឆាំង​ក្នុងការ​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០២៣ និង​ក្នុង​ឆ្នាំ​ជា​បន្តបន្ទាប់ និង​ហាក់ដូចជា​បានប្រកាស​ការចុះចាញ់​មុន​ប្រកួត​រួចជាស្រេច​ទៅហើយ​។ តាមពិត​ក្រុមប្រឆាំង​គួរតែ​ខំ​រៀបចំ​ឲ្យ​មានការ​បន្តវេន​ដឹកនាំ​នៅក្នុង​ក្រុម​របស់ខ្លួន និង​រត់​ឲ្យ​ទាន់សភាពការណ៍​នយោបាយ​នៅ​កម្ពុជា ពិសេស​កុំ​នៅ​ក្រាញននៀល​ចាញ់ហើយ​ចាញ់​ទៀត ចាញ់​ជា​រៀងរហូត​ដល់ទី​បញ្ចប់​ទាំង​ជីវិត​នយោបាយ និង​ជីវិត​ផ្ទាល់ខ្លួន​៕

ដោយ​៖ ចៅ​ចាក់ស្មុក​
​រាជធានី​ភ្នំពេញ​, ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០២២