ដោយៈ មុនី រ័ត្ន / ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ង្វៀង ជឿ​ង​ថាំង មេបញ្ជាការ​យោធភូមិភាគ​ទី​៧ នៃ​កងទ័ព​ប្រជាជន​វៀតណាម បាន​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល កិច្ចសហប្រតិបត្តិការ ឆ្នាំ​២០១៩-២០២២ និង​លើក​ទិសដៅ​បន្ត ឆ្នាំ​២០២២-២០២៣ កាលពី​ព្រឹក​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២២ នៅ​រាជធានី​ភ្នំពេញ​។

​ភាគី​ទាំងពីរ បានធ្វើការ​វាយតម្លៃ​ខ្ពស់ ចំពោះ​លទ្ធផល នៃ​កិច្ចសហប្រតិបត្តិការ ដែល​សម្រេចបាន​កន្លង​មក​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក

​ក្នុងនាម​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​ប្តូរ​វេន​ប្រចាំឆ្នាំ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​សម្តែង​នូវ​ការស្វាគមន៍ ជូន​ចំពោះ​គណៈប្រតិភូ យោធភូមិភាគ​ទី​៧ នៃ​កងទ័ព ប្រជាជន​វៀតណាម ដែល​បាន​អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​នេះ បន្ទាប់ពី​អាក់ខាន​ចាប់តាំងពី​មានការ​ឆ្លង​រាតត្បាត នៃ​ជំងឺ​កូ​វីដ​-១៩ មក ហើយ​ស្របពេល ដែល​ឆ្នាំនេះ គឺជា​ខួប​អនុស្សាវរីយ៍​លើក​ទី​៥៥ នៃ​ការបង្កើត​ចំណង​ការទូត រវាង​ប្រទេស​ទាំងពីរ ដោយ​ថ្នាក់ដឹកនាំ ទាំងសងខាង ក៏បាន​កំណត់​យក​ជា “​ឆ្នាំ​មិត្តភាព​កម្ពុជា​-​វៀតណាម​” ផងដែរ​។​

​ជាការ​ឆ្លើយតប លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ង្វៀង ជឿ​ង​ថាំង បាន​ថ្លែងអំណរគុណ​ចំពោះ កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ ចំពោះ​ការទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍ យ៉ាង​កក់ក្តៅ និង​បានលើកឡើង អំពី​សារៈសំខាន់​នៃ​កិច្ចសហការ ជួយ​គ្នា​ទៅវិញទៅមក ក្នុង​ស្មារតី​មិត្តភាព សាមគ្គីភាព ដែលជា​ទម្លាប់​ដ៏​ល្អ​មួយ រវាង​អង្គភាព​ទាំងពីរ ហើយ​ក៏បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុងការ​រក្សាបាន​នូវ​ការគោរព និង​ជឿទុកចិត្ត​គ្នា ទៅវិញទៅមក ក្នុងនាម​ជា​អ្នកជិតខាង ភូមិ​ផង​របង​ជាមួយគ្នា​ដ៏​ល្អ​។

​ក្នុងជំនួប​នេះ ភាគី​ទាំងពីរ បាន​សម្តែង​នូវ​មោទនភាព ចំពោះ​ការរីកចម្រើន នៃ​ទំនាក់ទំនង មិត្តភាព និង​កិច្ចសហប្រតិបត្តិការ គ្រប់​ជ្រុងជ្រោយ រវាង​ប្រទេស​យើង​ទាំងពីរ ស្របតាម​គោលការណ៍ និង​ទិសដៅ​កិច្ចសហប្រតិបត្តិការ​សំខាន់ៗ ដែល​រដ្ឋាភិបាល នៃ​ប្រទេស​ទាំងពីរ បានកំណត់​យក ជាពិសេស​ការបន្ត​ពង្រឹង និង​លើកកម្ពស់​ទំនាក់ទំនង ទ្វេភាគី ស្របទៅតាម​ពាក្យស្លោក “​ភាពជា​អ្នកជិតខាង​ល្អ មិត្ត​ភាពជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់​ជ្រុងជ្រោយ និង​ស្ថិរភាព​យូរអង្វែង​”​។​

​ឆ្លងតាម​របាយការណ៍​បូកសរុប​លទ្ធផល​កិច្ចសហប្រតិបត្តិការ ឆ្នាំ​២០១៩-២០២១ ភាគី​ទាំងពីរ បានធ្វើការ​វាយតម្លៃ​ខ្ពស់ ចំពោះ​លទ្ធផល នៃ​កិច្ចសហប្រតិបត្តិការ ដែល​សម្រេចបាន​កន្លង​មក ថ្វីដ្បិតតែ​ប្រទេស​ទាំងពីរ ក៏ដូចជា ពិភពលោក​ទាំងមូល បាន​ជួបប្រទះ​នូវ​ការឆ្លង​រាតត្បាត នៃ​ជំងឺ​កូ​វីដ​-១៩ យ៉ាងណាក្តី ជាពិសេស​នៅតែ​រក្សា បាន​នូវ​ការភ្ជាប់​ទំនាក់​ទំនងជា​ប្រចាំ តាមរយៈ​យន្តការ​គ្រប់​កម្រិត រវាង​កងឯកភាព​ចំណុះ កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ និង​កងឯកភាព​ចំណុះ​យោធភូមិភាគ​ទី​៧ នៃ​កងទ័ព​ប្រជាជន​វៀតណាម ដោយបាន​បន្តសកម្មភាព​កិច្ចសហប្រតិបត្តិការ យ៉ាង​ល្អ​ជិតស្និទ្ធ រួមទាំង​ការជួយឧបត្ថម្ភ​គាំទ្រ​គ្នា ក្នុងការ​ប្រយុទ្ធ​ទប់ស្កាត់​នឹង​ជំងឺ ដ៏​កាច​សាហាវ​នេះ​។​

​លទ្ធផល​នេះ ពិតជា​បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុងការ​ថែរក្សា​បាន​នូវ​ព្រំដែន​ដែន មិត្តភាព សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ ព្រមទាំង​ទប់ស្កាត់ និង​កាត់បន្ថយ​បាន រាល់​បទល្មើស​ឆ្លងដែន​ផ្សេងៗ ដែលជា​ការបង្ក​លក្ខណៈ​ងាយស្រួល​ឱ្យ​ប្រជាជន​នៃ ប្រទេស​ទាំងពីរ បាន​ផ្លាស់ប្តូរ​សេដ្ឋកិច្ច និង​ប្រកប​របរ​រកស៊ី​ទៅវិញទៅមក រួមចំណែក​ដល់ ការលើកកម្ពស់​ជីវភាព​របស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​វៀតណាម​។​

​សម្រាប់​ទិសដៅ ឆ្នាំ​២០២២-២០២៣ ភាគី​ទាំងពីរ បាន​ឯកភាព​លើ​ការបន្ត​កិច្ចខិតខំ ប្រឹងប្រែង សហការ​អនុវត្ត​ភារកិច្ច ស្របតាម​ពិធីសារ ស្តីពី​កិច្ចសហប្រតិបត្តិការ ការពារជាតិ​ទ្វេភាគី ដំណាក់កាល ២០២០-២០២៤ និង​ផែនការ​កិច្ចសហប្រតិបត្តិការ ប្រចាំឆ្នាំ រវាង​ក្រសួងការពារជាតិ នៃ​ប្រទេស​ទាំងពីរ ឱ្យមាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល សំដៅ​នាំមក​នូវ​ការរីកចម្រើន កាន់តែ​សកម្ម​នៃ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ រវាង​កងទ័ព នៃ​ប្រទេស​ទាំងពីរ ដោយ​ផ្តោតលើ​អាទិភាព​មួយចំនួន ដូចជា​៖ កិច្ចសហការ​លើ​ការងារ​ការពារ​ព្រំដែន​គោក នៃ​ប្រទេស​ទាំងពីរ​, កិច្ចសហការ​លើ​ការផ្តល់ ជំនួយ​មនុស្សធម៌ និង​សង្គ្រោះ​គ្រោះមហន្តរាយ នៅតាម​បណ្តោយ​ព្រំដែន​, ការចូលរួម​បង្កលក្ខណៈ​ដល់​ភារកិច្ច​ខ័​ណ្ឌ​សីមា និង​ការបោះបង្គោល​ព្រំដែន ឱ្យបាន​ឆាប់​ចប់​ជា​ស្ថាពរ ទៅតាម​ផែនការ​ការងារ​របស់ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​,​ការជំរុញ​កិច្ចសហប្រតិបត្តិការ ក្នុងការ​ប្រយុទ្ធប្រឆាំង​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ និង​ការគាំទ្រ​លើ​ការហ្វឹកហ្វឺន បណ្តុះបណ្តាល ធនធានមនុស្ស​។​

​ក្នុងឱកាស​នេះ​ផងដែរ ភាគី​ទាំងពីរ ក៏បាន​រំឭក​ឡើងវិញ និង​ថ្លែងអំណរគុណ​គ្នា ទៅវិញទៅមក​ចំពោះ​ស្មារតី នៃ​ការជួយ​គ្នា ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​ទាំងពីរ ជួប​ការលំបាក ដូច​កាល​ប្រទេស​កម្ពុជា បាន​ជួយ​ប្រទេស​វៀតណាម នៅក្នុង​ការតស៊ូ រំដោះប្រទេស ក្នុង​ទស្សវត្សរ៍​ឆ្នាំ​១៩៧០ និង​ប្រទេស​វៀតណាម បាន​ជួយ​កម្ពុជា​វិញ នៅក្នុង​ការផ្តួលរំលំរ​បប​ប្រល័យពូជសាសន៍ ប៉ុល ពត រួមទាំង​ការស្តារ កសាង និង​អភិវឌ្ឍន៍ ប្រទេស​ឡើងវិញ ផងដែរ​៕V/ N